ភ្នំពេញ៖លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានធ្វើឲ្យកក្រើកក្រុមភេទទី៣(ខ្ទើយ) ព្រោះតែថ្មីៗនេះក្នុងតួនាទីជាគណៈកម្មាការ(Judge) កម្មវិធីCambodia ‘s Got Talent លោកបាននិយាយទៅបេក្ខភាពណុប ដាណេ ថាលោកមិនចង់ឲ្យមានភេទទី៣ច្រើនទេ ព្រោះមិនចង់ឲ្យបាត់បង់ធនធានមនុស្ស…។ការអះអាងរបស់នាងក្រឹមបែបនេះ ត្រូវបានខ្ទាស់ដោយអ្នកនាងខាត់ សុឃីម ដែលជាJudge ម្នាក់ដែរ ប៉ុន្ដែនាយក្រឹម នៅតែប្រកាន់ទស្សៈនិងការពារមតិរបស់លោកដែលថាមានភេទទី៣ច្រើន “បាត់បង់ធនធានមនុស្ស” ។ការនិយាយរបស់លោកប៊ុណ្ណារ៉ាត់ បែបនេះហើយធ្វើឲ្យផ្ទុះកំហឹងដល់ក្រុមភេទទី៣ កក្រើកតែម្ដង តវ៉ា និងរិះគន់ទៅលើទស្សនៈរបស់នាយក្រឹម នៅលើបណ្ដាញសង្គមព្រោះពួកគេក៍យល់ថាជាមនុស្សក្នុងសង្គមម្នាក់ដែរ ហេតុអីនាយក្រឹម និយាយបែបនេះទៅវិញ ។មិនមែនតែក្រុមភេទទី៣ នោះទេដែលប្រតិកម្មលើការលើកឡើងរបស់នាយក្រឹម កាលពីពេលថ្មីៗនេះ ប៉ុន្ដែគេឃើញតារាល្បីៗខ្លះ និងអ្នកលក់Online មួយចំនួនក៍នាំគ្នាប្រឆាំងលើមតិរបស់នាយក្រឹម នេះដែរ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅនាយក្រឹម កាលពីរសៀលថ្ងៃទី៣០ តុលា ដើម្បីឲ្យនាយប្រតិកម្មតបទៅក្រុមភេទទី៣ ដែលចេញមុខរិះគន់លើលោកដូចទឹកបាក់ទំនប់នោះ និងសួរថាតើលោកអាចនឹងចេញមុខសុំទោសភេទទី៣ ឬអត់នៅពេលមានរឿងរ៉ាវបែបនេះ តែលោកប៊ុណ្ណារ៉ាត់ បាននិយាយយ៉ាងខ្លីថាលោកមិនចង់បកស្រាយអ្វីទាំងអស់នាពេលនេះ តែលោកនឹងបកស្រាយរឿងរ៉ាវខាងលើនៅប៉ុស្ដិ៍ហង្សមាសនាពេលដ៍ឆាប់ៗនេះ ព្រោះថាលោកបាននិយាយនៅទីនោះ ហេតុនេះនឹងនិយាយរឿងនេះតបទៅអ្នករិះគន់លោកវិញនៅប៉ុស្ដិ៍មួយនេះវិញ។ដោយឡែកស្រីស្អាតរឿន ណាត Miss Grand Cambodia 2018 បានចេញសារទាក់ទងនាយក្រឹម និយាយប៉ះពាល់ដល់ភេទទី៣ នោះថា”សុទ្ធតែអ្នកស្រលាញ់ភេទដូចគ្នា មិនអាចបង្កើតកូនបាន តែបើបង្កើតគេហើយគ្មានទំនួលខុសត្រូវលើគេ ដូចពូកុំបង្កើតគេមកល្អជាង គ្រួសារពូ ខ្ញុំស្គាល់ច្បាស់ណាស់ …តែដឹងត្រឹមថាខ្ញុំមិនចង់ឲ្យសង្គមមួយនេះមានធនធានមនុស្សប្រុសសុទ្ធ ដូចជាពូច្រើនទេ ព្រោះពូមិនមែនជាបុ្រសល្អ មិនមែនជាប្ដីល្អ មិនមែនជាឪពុកល្អ “។
ក្រៅពីនេះគេក៍ឃើញមានតារាភេទទី៣ជាច្រើនទៀតដូចជាPeypey Dy ,Alex Rayuth និងអ្នកលក់Online ភាគច្រើនជាភេទទី៣ ក៍បានផ្ទុះប្រតិកម្មចំពោះទស្សនៈរបស់នាយក្រឹម នេះដែរ។ប៉ុន្ដែនាយក្រឹម បែជាថាមិនទាន់ដល់ពេលចេញមុខបកស្រាយនាពេលនេះ ហើយចាំបំភ្លឺនៅហង្សមាសទៅវិញ។
គូររំលឹកថាលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម អាយុ៦២ឆ្នាំ បានចែកផ្លូវជាមួយភរិយាដើមអ្នកស្រីវង់ ឡុងមុន្នី មករស់នៅជាមួយអ្នកនាងគង់ ចាន់ស៊ីណា ហៅស្រីលាភ ដោយទទួលបានកូនភ្លោះស្រីនិងគ្មានការរំខានពីប្រពន្ធដើមឡើយ។នាយក្រឹម មិនសូវមានភាពលេចធ្លោខ្លាំងនោះទេ ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែមានក្រុមកំប្លែងថ្មីៗរះមកដូចជាក្រុមនាយពែកម៉ី និងពូណុយ ជាដើម។ប៉ុន្ដែនាយទទួលបានតំណែងជាគណៈកម្មាការរបស់ហង្សមាសក្នុងកម្មវិធី Cambodia ‘s Got Talent នៅរដូវកាលថ្មីជាបន្ដទៀត ទើបបង្ហាញយោបល់ថាមានភេទទី៣ច្រើននាំឲ្យបាត់បង់ធនធានមនុស្សនោះ ធ្វើឲ្យក្រុមស្រីស្រលាញ់ស្រី (lesbian ),ប្រុសស្រលាញ់ប្រុស(gay) ជាដើមមិនពេញចិត្តទស្សនៈរបស់នាយក្រឹម យល់ ឃើញបែបនេះឡើយ។ប៉ុន្ដែនាយក្រឹម ដែលចាប់អាជីពសិល្បៈជាង២០ឆ្នាំមកហើយនោះនាយ បែជាមិនភ្ញាក់ផ្អើលខ្លាំងទេ ចំពោះការរិះគន់លើនាយ នោះ។ប្រភពបានឲ្យដឹងថាថ្នាក់ដឹកនាំ ហង្សមាសក៍មិនមានគម្រោងដកនាយក្រឹម ចេញពីតំណែងជាJudge កម្មវិធី Cambodia ‘s Got Talent ទៅតាមការសំណូមពរពីអ្នកលេងបណ្ដាញសង្គមខ្លះលើកឡើងដែរ តែអ្នកគ្រប់គ្រងនឹងឲ្យលោកចេញមុខបកស្រាយនៅកម្មវិធីនោះដដែល ។ចំណែកក្រុមភេទទី៣ ខ្លះបានលើកឡើងថានាយក្រឹម ក៍ធ្លាប់សម្ដែងជាតួភេទទី៣ (ខ្ទើយ)ជាញឹកញាប់ដែរ តែនាយបែជាធ្វើឲ្យក្រុមនេះស្រឡាំងកាំងដោយសារតែការអះអាងដ៍គូរឲ្យភ្ញាក់ផ្អើលដែលពួកគេយល់ថាតារាកំប្លែងល្បីឈ្មោះរូបនេះហាក់រើសអើងពួកគេបែបនេះទៅវិញ ៕