Monday, November 18, 2024
Homeព័ត៌មានសិល្បៈ រឿងនាយក្រឹម និយាយរើសអើងភេទទី៣ ឡើង ដល់គណៈកម្មាធិការសិទ្ធិមនុស្ស

 រឿងនាយក្រឹម និយាយរើសអើងភេទទី៣ ឡើង ដល់គណៈកម្មាធិការសិទ្ធិមនុស្ស

ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បន្ទាប់ពីផ្ទុះប្រតិកម្មរិះគន់ ជុំវិញការប្រើ ពាក្យសម្តីរើសអើងភេទទី៣ នៅលើវេទិកាប្រកួតសមត្ថភាព Cambodia’s Got Talent នោះមក ពេលនេះ ភាគីទាំងសង បានជួបសម្របសម្រួលគ្នា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា លទ្ធផលវិជ្ជមាន ក្រោយការជួបជជែក ពិភាក្សាគ្នាជាមួយលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម និងបេក្ខជន ណុប ដាណេ នៃកម្មវិធី Cambodia’s Got Talent តែលោកមិនទាន់ បញ្ជាក់លម្អិតពីលទ្ធផល ដោយឲ្យរង់ចាំមើលវីដេអូខ្លី។

លោកកែវ រេម៉េ បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ថា «ក្រោយពី បានជួបជជែកគ្នាទាំងសងខាង, គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។ ខ្លឹមសារ នឹងមានការផ្សព្វផ្សាយតាមរយ:វីដេអូខ្លី។ សូមអរគុណលោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគម សិល្បករខ្មែរ បានជួយអន្តរាគមន៍ និងអរគុណជាអនេក ជូនលោកអ៊ូ ប៉ុណ្ណារ៉ាត់ និងក្មួយ ណុប ដាណេ ដែល បានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិយើង»។

ក្នុងជំនួបសម្របសម្រួល នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នោះដែរ ក៏មានវត្តមានប្រធានសមាគម សិល្ប ករកម្ពុជា លោកស្រី ចន ច័ន្ទលក្ខិណា និងលោកឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈ ស្ម័គ្រចិត្តជួយ សង្គម និងតំណាងស្ថានីយទូរទស្សន៍ហង្សមាស ផងដែរ។

គួរបញ្ជាក់ថាកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ក្នុងកម្មវិធី Cambodian’s Got Talent  រដូវកាលទី៣ វគ្គ Live Show សប្តាហ៍ទី៣ មានបេក្ខជន ណុប ដាណេ ដែលអ្នកសិល្បៈនិងមហាជនជាច្រើន បានស្គាល់ថា ជាម្ចាស់សម្អាងការ ណុប ដាណេ ធ្លាប់លេចមុខមាត់ខ្លាំង ហើយក៏ត្រូវបានសិល្បករជាច្រើន ស្រលាញ់រាប់ អាននោះ បានឡើងបញ្ចេញសមត្ថភាពជាថ្មី។

ក្នុងពេលនោះ នាយក្រឹម ជាគណៈកម្មការ បានបញ្ចេញមតិថា ចិត្តលោក មិនចង់ឲ្យមានភេទទី៣ កើនឡើងទេ មានបុនណា នៅប៉ុណ្ណឹងចុះ ដោយលោកលើកឡើងថា កំណើនភេទទី៣ ធ្វើឲ្យបាត់ធនធានមនុស្ស បាត់អ្នក បន្តពូជ ។ ទោះជាយ៉ាងណា គណៈកម្មការផ្សេងៗទៀត មិនយល់ស្របទៅនឹងការលើកឡើងរបស់នាយក្រឹម នោះទេ ជាពិសេសតារាពហុជំនាញ ខាត់ សុឃីម ដែលបានជួបរឿងរ៉ាវជាមួយភេទទី៣ សូម្បីតែប្អូនស្រី បង្កើត របស់នាង ក៏ស្រលាញ់ភេទដូចគ្នាដែរ បានបញ្ចេញមតិប្រតិកម្មនឹងសម្តីរបស់របស់នាយក្រឹម ។ បន្ទាប់មក ស្រាប់តែនៅលើបណ្តាញសង្គម ហ្វេសប៊ុក និង TikTok ផ្ទុះប្រតិកម្មយ៉ាងខ្លាំងចំពោះពាក្យសម្តីរបស់នាយក្រឹម ថាជាការរើសអើងភេទទី៣ ៕

RELATED ARTICLES