ភ្នំពេញ៖រយៈពេល១០ខែហើយដែលលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បាយបាយហង្សមាសនឹងចូលជ្រកនៅGalaxy ខណៈដែលការច្រៀងសម្ដែងរបស់តារាវ័យ៣៨ឆ្នាំរូបនេះហាក់មិនសូវមានសកម្មភាពច្រើនដូចមុនឡើយ ហើយបទចម្រៀងរបស់លោកក៍នៅទ្រឹងដែរ ពោលគឺមិនផ្ទុះខ្លាំង ឬវ៉ាព្រាប សុវត្ថិ ដែលរួមទ្រនុំនោះទេ ។ប៉ុន្ដែថ្មីៗនេះលោកប៊ុនថៃ បានសម្ងំប៉ូវសាច់ដុំរបស់ខ្លួនឡើងវិញតាមរយៈការហាត់ប្រាណហើយលោកបានចេញសារបែបលេងសើចដ៍គូរឲ្យភ្ញាក់ផ្អើលថា”តិចច្រឡំតួប្រុសថតរឿងកូនជ្រូកអីទៅ មិនមែនទេ អ្នកហាត់ប្រាណធម្មតាៗទេបាទ”។ជាមួយគ្នានេះដែរមានFan របស់លោកជាច្រើនបានខមិនសួរថាលោកធ្លាប់មើលរឿងកូនជ្រូកដល់ភាគទីប៉ុន្មានហើយ និងខ្លះទៀតថាបើលោកហ៊ានថតតួប្រុសកូនជ្រូកច្បាស់ជាតួស្រីសំណាងធំជាដើម។
មជ្ឈដ្ឋានមហាជនមើលឃើញថាពេលនេះលោកខែម ប៊ុនថៃ អាចនឹងបញ្ចេញអ្វីថ្មីនាពេលខាងមុខជាមិនខាន បានជាប្រឹងបំប៉នសាច់សុំឲ្យធំណែនបែបនេះ ។តែគេសង្កេតឃើញថាជាទូទៅខេមរៈ សិរីមន្ដ លែងសូវមានបទផ្ទុះដូចមុនព្រោះតែលោកត្រូវបានFan វាយប្រហារចំៗនៅលើបណ្ដាញសង្គមជុំវិញពាក់ព័ន្ធរឿងតារាកូន៣រូបនេះចេញមុខការពារថៅកែដល់ទៅ២លើកជាប់ៗគ្នា ទើបធ្វើឲ្យលោកប៊ុនថៃ ក៍មិនខុសពីលោកព្រាប សុវត្ថិ ដែរ ពោលគឺពិបាកទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីដូចមុនណាស់ ។ជាក់ស្ដែងដូចជាការដែលលោកប៊ុនថៃ ទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េខាងត្បូងកាលពីចុងខែ៩ នោះលោកក៍ត្រូវបានអ្នកគាំទ្រមួយចំនួនព្រមានធ្វើពហិការលើលោកដែរ ដោយចោទប្រកាន់ថាលោកបម្រើបក្ស និងការពារថៅកែបំផ្លាញធម្មជាតិជាដើម។ប៉ុន្ដែលោកសិរីមន្ដ ធ្លាប់ចេញមុខនិយាយថាលោកមិនមែនជាអ្នកនយោបាយទេ។
ទាក់ទងរឿងអាជីពចម្រៀងរបស់លោកខេមរៈ សីរីមន្ដ នៅGalaxy នេះដែរអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានអះអាងមុននេះថាបច្ចុប្បន្នសិរីមន្ដ ក៍ដូចជាព្រាប សុវត្ថិ ដែរ មិនទាន់មានអ្វីថ្មីៗគូរឲ្យចាប់អារម្មណ៍នោះឡើយ ។
ខេមរៈ សិរីមន្ដ លែងសូវបុកបទចម្រៀងតាំងពីលោកបានឡើងងារជាឧកញ៉ាកាលពីដើមខែកុម្ភៈឆ្នាំ២០២២ ហើយពេលនេះលោកមានដៃគូស្រីនៅផលិតកម្មថ្មីតែម្នាក់គត់គឺនាងតន់ ច័ន្ទសីម៉ា និងយូៗចេញបានបទចម្រៀង១បទ ។សីរីមន្ដ មិនទាន់ហ៊ានចេញមុខប្រកាសទ្រព្យសម្បត្តិដូចលោកព្រាប សុវត្ថិ ដែលត្រូវមនុស្សជំនិតរបស់លោកចេញមុខទម្លាយកាលពីខែកញ្ញា ២០២០ នោះទេ តែសព្វថ្ងៃគេឃើញលោកប៊ុនថៃ មានរថយន្ដទំនើបៗជិះជាច្រើនគ្រឿងឆ្លាស់គ្នាដូចជាRolls Royce ,Range Rover Defender ,Jeep Rubicon និងLexus Nx200t ជាដើម។ប្រភពបានឲ្យដឹងថាសិរីមន្ដ ក្រោយក្លាយជាឧកញ៉ានេះលោកច្រៀងសម្ដែង៦បទស៊ីថ្លៃពី៨ទៅ១ម៉ឺនដុល្លារ ។ប៉ុន្ដែតាមកម្មវិធីផ្សេងៗគេកម្រឃើញអតីតតារាសាន់ដេរូបនេះឡើងច្រៀង ព្រោះតែម្ចាស់កម្មវិធីថ្ងូរគ្មានលទ្ធភាពជួល ខណៈដែលការប្រគុំតន្រ្ដីនៅប៉ុស្ដិ៍ទូរទស្សន៍វិញទាល់តែខាងSponsors តម្រូវទើបអ្នកដឹកនាំកម្មវិធីហ៊ានហៅលោកប៊ុនថៃ ឡើងច្រៀង។
អ្នកជំនាញធ្វើភ្លេងម្នាក់ និយាយដោយស្នើរមិនឲ្យដាក់ឈ្មោះថាការច្រៀងនៅផលិតកម្មថ្មីរបស់តារាល្បីម្នាក់រយៈពេល១ឆ្នាំគេអាចវាយតម្លៃពីសម្ថភាពរបស់តារានោះបានហើយ តែមិនមែននៅខែ១០ទេ គឺខែ១២ មុនដំណាច់ឆ្នាំ។Composer រូបនោះថាសិរីមន្ដ មានបងប្រុសរបស់គេខេមរៈ ភារុណ អ្នកធ្វើបទឲ្យចេញពេលណាក៍បានដែរ តែតាមលោកយល់ប្រហែលជាផលិតកម្មមិនឲ្យនៅលើព្រាប សុវត្ថិ នោះទេ ឬអាចឲ្យនៅត្រឹមប្រហាក់ប្រហែលគ្នាហ្នឹង ដើម្បីកុំឲ្យមានបញ្ហាដូចនៅហង្សមាស។
ប្រភពបានឲ្យដឹងថាបើខេមរៈ សិរីមន្ដ ចេញទៅច្រៀងសម្ដែងនៅប៉ែកអ៊ឺរ៉ុប នោះអាចនឹងដឹងច្បាស់ថាតើប្រជាប្រិយភាពរបស់លោកនៅតែដូចមុន ឬមានការប្រែប្រួល ប៉ុន្ដែលោកអាចជួបរឿងដូចព្រាប សុវត្ថិ ដែរពេលទៅច្រៀងនៅក្រៅស្រុកនឹងជួបអ្នកព្រមានធ្វើពហិការ ជាលើកទី២ព្រោះសិរីមន្ដ និងសុវត្ថិ ច្រៀងនៅផលិតកម្មក្រោមការគ្រប់គ្រងពីថៅកែតែមួយដូចគ្នា ៕