Monday, November 18, 2024
Homeតារាខ្មែរចំរើន សុភ័ក្រ្ដ ៖ចូលរោងការ ក្រោយសាង​ស្នេហ៍​១៧ឆ្នាំ

ចំរើន សុភ័ក្រ្ដ ៖ចូលរោងការ ក្រោយសាង​ស្នេហ៍​១៧ឆ្នាំ

ភ្នំពេញ៖តារាចម្រៀងសំនៀងក្រអួនក្រអៅចំរើន សុភ័ក្រ្ដ នឹងដឹកដៃគូស្នេហ៍លោកច័ន្ទមុន្នី រៀប​ការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះដែលពិធីជប់លៀងធំធ្វើនៅ​ភោជនីយ​ដ្ឋាន​ទន្លេ​បាសាក់២ (ក្បាលថ្នល) ហើយ​ភ្ញៀវមួយចំនួនគឺជាសិល្បករ។ ការដែលចំរើន សុភ័ក្រ្ដ សម្រេច​ចិត្តក្រាបផ្ទឹមនាពេលនេះ ក្រោយពេលរូបនាង​និងគូដណ្ដឹងបានស្វែង​យល់ចិត្ត​គ្នាអស់​រយៈ​ពេល​​១៧ឆ្នាំ មកហើយ បើទោះជាពួកគេទើបបានធ្វើពិធីភ្ជាប់​ពាក្យ​កាលពីឆ្នាំ​២០​១៤ ពោលគឺ​ក្លាយជាគូណ្ដឹងគ្នារយៈពេល៩ឆ្នាំ ក្ដី។

 ចំរើន សុភ័ក្រ្ដ បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣ វិច្ឆិកា ថាមង្គល​ការ​របស់នាងគ្រោងរៀបចំ​ទទួលភ្ញៀវចំនួន៦០០នាក់(៦០តុ) ក្នុងនោះសិល្បករដែលនាង​ហៅ​មាន​ចំនួនតែខ្ទង់៣០% ទេ ហើយភាគច្រើន​ជាតារាហង្សមាស ព្រោះអញ្ជើញតែអ្នកជិតដិត អត់​ហ៊ាន​​ហៅអ្នកមិនសូវស្និត។តារាវ័យ៣២ឆ្នាំ រូបនេះថាការ​ត្រៀមចំណាយ​ប៉ុន្មានក្នុងកម្មវិធី​ពិ​សេសរបស់នាងនោះ​នៅមិនទាន់​អាច​និយាយបានមុនទេ តែពិធីអាពាហ៍​ពិពាហ៍​របស់នាង​ធ្វើ​លក្ខណៈកណ្ដាលមិនតូច ក៍មិន​ធំពេកដែរ។

 តាមប្រភពថាក្រោយពេលដែលចំរើន សុភ័ក្រ្ដ រៀបការនៅថ្ងៃទី៩ វិច្ឆិកា រួចក៍មានតារា​ជាបន្ដបន្ទាប់ទៀតត្រៀម​ចូលរោងការដែរក្នុងនោះមានដូចជានាងហ៊ិន ច័ន្ទនីរ័ត្ន រៀបការ​នៅថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ២០២៣ ខណៈដែលពេជ្រ សោភា ,ប៉ាច គីមមួយ ,អ៊ីវ៉ា ,ម៉ង់ ច័ន្ទកញ្ញា និង​ម៉ានី​កា ជាដើម សុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជា​កូន​ក្រមុំមែនទែនរៀងៗខ្លួន​នៅ​ចុង​ឆ្នាំ​២០២៣ ឬដើមឆ្នាំ២០២៤ ។ចំពោះសុភ័ក្រ្ដ វិញការដែលនាងពន្យាពេលរៀប​ការប្ដីជាច្រើន​ឆ្នាំ​មកនេះដោយសារតែនាងបានសន្សំប្រាក់ទិញបានផ្ទះ១ល្វែងកាលពីឆ្នាំមុន ពោលគឺចង់​មាន​​ផ្ទះមុនទើបរៀបអាពាហ៍ ពិពាហ៍ តាមក្រោយដែលគូស្នេហ៍ដ៍ទៃទៀតគូរតែយក​គំរូតាម​នាង។

គូរបញ្ជាក់ថាចំរើន សុភ័ក្រ្ដ ជាអតីតបេក្ខភាពThe Voice Cambodia  រដូវកាលទី១កូន​ក្រុមរបស់លោកណុប បាយ៉ារិទ្ធ ដែលឈានទៅវគ្គផ្ដាច់ព្រ័ត្រ តែមិនអាចកាន់ពានបានទេ ព្រោះ​ពេលនោះប៊ុត សីហា ធ្វើបានល្អជាង។យ៉ាងណាតារាចម្រៀងផ្ដើមចេញពីទម្រង់​បុរណ​រូបនេះមានសម្ថភាពមិនធម្មតាឡើយ ព្រមទាំងអាចច្រៀងបាន​ជាច្រើនទម្រង់ផងដែរ ទើបធ្វើ​ឲ្យ​ទីផ្សារ​សិល្បៈរបស់នាងមានសកម្មភាពរស់រវើកជាប្រចាំទាំងនៅហង្សមាស និងការច្រៀង​សម្ដែង​នៅ​ខាងក្រៅ ហើយនាងមិនបារម្ភថាក្រោយមានស្វាមីរួចអាជីពចម្រៀង​ប្រឈមធ្លាក់​កូដ​នោះឡើយ ។

 ចំរើន សុភ័ក្រ្ដ បន្ថែមថានាងនៅតែបន្ដអាជីពចម្រៀងជាធម្មតា មិនបន្ធូដៃទេ ក្រោ​យ​​ពេលរៀបការ តែក៍សម្លឹង​ក្នុង​ការ​បង្កើត​មុខរបរ​អ្វីមួយក្រៅពីសិល្បៈទៅតាម​ពេលវេលា​ផង​ដែរ ។ដោយឡែកទាក់ទងរឿងយកកូនវិញសុភ័ក្រ្ដ ថានាងចង់បានទៅតាមធម្មជាតិ មិនជ្រើស​ផ្លូវពន្យាកំណើតនោះទេ ប៉ុន្ដែក៍មិនអាចដឹងមុនថាការហើយមានកូនភ្លាម ឬយ៉ាងណាឡើយ។

 ចំរើន សុភ័ក្រ្ដ នឹងអាចរក្សារស្នេហាមួយនេះបានគង់វង្សយូអង្វែងជាមិនខាន ព្រោះគូ​ណ្ដឹង​របស់​នាងលោក​ច័ន្ទមុន្នី ជាមន្រ្ដីម្នាក់នៅក្រុមតន្រ្ដីយោធាភិរម្យ ដែលធ្វើការនៅក្នុងរង្វង់​សិល្បៈ​ដូចគ្នា ហើយអ្នកទាំងពីរយល់​ចិត្ត​គ្នាច្បាស់ណាស់រយៈពេលដែលចាប់ដៃគ្នាជាង១០ឆ្នាំ​មក​នេះ​ទើបឈានទៅរៀបការ​។ចំ​ណែកតារារួមអាជីព និង​Fan របស់សុភ័ក្រ្ដ ពួកគេបាន​សាទរ​​ស្រីស្រស់តូចច្រឡឹងរូបនេះនៅ​ថ្ងៃ​ពិសេស​របស់នាងនិងថាអ្នកទាំងពីរសាក​សមគ្នាខ្លាំង​ទៀតផង។ដោយឡែកក្រៅពីចំរើន សុភ័ក្រ្ដ សម្រាប់តារាស្រីនៅហង្សមាសពេលនេះដែលមាន​ស្វាមី​មានដូចជាឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងសួស វីសា ជាដើម ។

ទស្សនិកជនរងចាំមើលថាចំរើន សុភ័ក្រ្ដ រៀបការរួចនឹងបានកូនភ្លាម ផ្ទុយពីសុគន្ធ និសា រៀបការប្ដី៥ឆ្នាំ អត់​បាន​កូន១​គ្រាប់ ឬយ៉ាងណា ?

RELATED ARTICLES