ភ្នំពេញ៖តារាចម្រៀងសំនៀងក្រអួនក្រអៅចំរើន សុភ័ក្រ្ដ នឹងដឹកដៃគូស្នេហ៍លោកច័ន្ទមុន្នី រៀបការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះដែលពិធីជប់លៀងធំធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ (ក្បាលថ្នល) ហើយភ្ញៀវមួយចំនួនគឺជាសិល្បករ។ ការដែលចំរើន សុភ័ក្រ្ដ សម្រេចចិត្តក្រាបផ្ទឹមនាពេលនេះ ក្រោយពេលរូបនាងនិងគូដណ្ដឹងបានស្វែងយល់ចិត្តគ្នាអស់រយៈពេល១៧ឆ្នាំ មកហើយ បើទោះជាពួកគេទើបបានធ្វើពិធីភ្ជាប់ពាក្យកាលពីឆ្នាំ២០១៤ ពោលគឺក្លាយជាគូណ្ដឹងគ្នារយៈពេល៩ឆ្នាំ ក្ដី។
ចំរើន សុភ័ក្រ្ដ បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣ វិច្ឆិកា ថាមង្គលការរបស់នាងគ្រោងរៀបចំទទួលភ្ញៀវចំនួន៦០០នាក់(៦០តុ) ក្នុងនោះសិល្បករដែលនាងហៅមានចំនួនតែខ្ទង់៣០% ទេ ហើយភាគច្រើនជាតារាហង្សមាស ព្រោះអញ្ជើញតែអ្នកជិតដិត អត់ហ៊ានហៅអ្នកមិនសូវស្និត។តារាវ័យ៣២ឆ្នាំ រូបនេះថាការត្រៀមចំណាយប៉ុន្មានក្នុងកម្មវិធីពិសេសរបស់នាងនោះនៅមិនទាន់អាចនិយាយបានមុនទេ តែពិធីអាពាហ៍ពិពាហ៍របស់នាងធ្វើលក្ខណៈកណ្ដាលមិនតូច ក៍មិនធំពេកដែរ។
តាមប្រភពថាក្រោយពេលដែលចំរើន សុភ័ក្រ្ដ រៀបការនៅថ្ងៃទី៩ វិច្ឆិកា រួចក៍មានតារាជាបន្ដបន្ទាប់ទៀតត្រៀមចូលរោងការដែរក្នុងនោះមានដូចជានាងហ៊ិន ច័ន្ទនីរ័ត្ន រៀបការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខណៈដែលពេជ្រ សោភា ,ប៉ាច គីមមួយ ,អ៊ីវ៉ា ,ម៉ង់ ច័ន្ទកញ្ញា និងម៉ានីកា ជាដើម សុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាកូនក្រមុំមែនទែនរៀងៗខ្លួននៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ។ចំពោះសុភ័ក្រ្ដ វិញការដែលនាងពន្យាពេលរៀបការប្ដីជាច្រើនឆ្នាំមកនេះដោយសារតែនាងបានសន្សំប្រាក់ទិញបានផ្ទះ១ល្វែងកាលពីឆ្នាំមុន ពោលគឺចង់មានផ្ទះមុនទើបរៀបអាពាហ៍ ពិពាហ៍ តាមក្រោយដែលគូស្នេហ៍ដ៍ទៃទៀតគូរតែយកគំរូតាមនាង។
គូរបញ្ជាក់ថាចំរើន សុភ័ក្រ្ដ ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១កូនក្រុមរបស់លោកណុប បាយ៉ារិទ្ធ ដែលឈានទៅវគ្គផ្ដាច់ព្រ័ត្រ តែមិនអាចកាន់ពានបានទេ ព្រោះពេលនោះប៊ុត សីហា ធ្វើបានល្អជាង។យ៉ាងណាតារាចម្រៀងផ្ដើមចេញពីទម្រង់បុរណរូបនេះមានសម្ថភាពមិនធម្មតាឡើយ ព្រមទាំងអាចច្រៀងបានជាច្រើនទម្រង់ផងដែរ ទើបធ្វើឲ្យទីផ្សារសិល្បៈរបស់នាងមានសកម្មភាពរស់រវើកជាប្រចាំទាំងនៅហង្សមាស និងការច្រៀងសម្ដែងនៅខាងក្រៅ ហើយនាងមិនបារម្ភថាក្រោយមានស្វាមីរួចអាជីពចម្រៀងប្រឈមធ្លាក់កូដនោះឡើយ ។
ចំរើន សុភ័ក្រ្ដ បន្ថែមថានាងនៅតែបន្ដអាជីពចម្រៀងជាធម្មតា មិនបន្ធូដៃទេ ក្រោយពេលរៀបការ តែក៍សម្លឹងក្នុងការបង្កើតមុខរបរអ្វីមួយក្រៅពីសិល្បៈទៅតាមពេលវេលាផងដែរ ។ដោយឡែកទាក់ទងរឿងយកកូនវិញសុភ័ក្រ្ដ ថានាងចង់បានទៅតាមធម្មជាតិ មិនជ្រើសផ្លូវពន្យាកំណើតនោះទេ ប៉ុន្ដែក៍មិនអាចដឹងមុនថាការហើយមានកូនភ្លាម ឬយ៉ាងណាឡើយ។
ចំរើន សុភ័ក្រ្ដ នឹងអាចរក្សារស្នេហាមួយនេះបានគង់វង្សយូអង្វែងជាមិនខាន ព្រោះគូណ្ដឹងរបស់នាងលោកច័ន្ទមុន្នី ជាមន្រ្ដីម្នាក់នៅក្រុមតន្រ្ដីយោធាភិរម្យ ដែលធ្វើការនៅក្នុងរង្វង់សិល្បៈដូចគ្នា ហើយអ្នកទាំងពីរយល់ចិត្តគ្នាច្បាស់ណាស់រយៈពេលដែលចាប់ដៃគ្នាជាង១០ឆ្នាំមកនេះទើបឈានទៅរៀបការ។ចំណែកតារារួមអាជីព និងFan របស់សុភ័ក្រ្ដ ពួកគេបានសាទរស្រីស្រស់តូចច្រឡឹងរូបនេះនៅថ្ងៃពិសេសរបស់នាងនិងថាអ្នកទាំងពីរសាកសមគ្នាខ្លាំងទៀតផង។ដោយឡែកក្រៅពីចំរើន សុភ័ក្រ្ដ សម្រាប់តារាស្រីនៅហង្សមាសពេលនេះដែលមានស្វាមីមានដូចជាឱក សុគន្ធកញ្ញា ,សុគន្ធ និសា និងសួស វីសា ជាដើម ។
ទស្សនិកជនរងចាំមើលថាចំរើន សុភ័ក្រ្ដ រៀបការរួចនឹងបានកូនភ្លាម ផ្ទុយពីសុគន្ធ និសា រៀបការប្ដី៥ឆ្នាំ អត់បានកូន១គ្រាប់ ឬយ៉ាងណា ?