ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានលេង១ក្បាច់ទៀតតាមរយៈការនាំសង្សាររបស់នាងលោកលី សេងហួរ ថៅកែក្លឹបបាល់ទាត់សៀមរាបយូណាយធីត ថតMV បទ” ម្ដេចយកប្រពន្ធ ចោលអូន?” ដែលពួកគេសម្ដែងស៊ីចង្វាក់គ្នាបានយ៉ាងល្អ ព្រោះជាដៃគូយល់ចិត្ត ទាំងក្នុងនិងក្រៅឆាក។នេះជាសញ្ញាថ្មីមួយទៀតបង្ហាញថាស្រីនាថ និងលោកសេងហួរ ស្រលាញ់សិល្បៈដូចគ្នា ហើយទីបំផុតអ៊ីវ៉ា ជ្រើសគូស្នេហ៍ជាបុរសម្នាក់ដែលយល់ច្បាស់ពីអាជីពសិល្បៈរបស់នាងនោះគឺជាម្ចាស់ក្លឹបបាល់ទាត់វ័យក្មេងនេះបានដូចបំណងហើយ។យ៉ាងណាអ៊ីវ៉ា ដែលបែកធ្លាយរឿងស្នេហាដូចគ្នាទៅនិងស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន នៅឆ្នាំ២០២៣ នេះមិនទាន់កំណត់ពីពេលវេលាដឹកដៃគូស្នេហ៍ចូលរោងការជាក់លាក់នោះទេ គឺឭតែល្ហិចល្ហៀងថាអាចនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខ ប៉ុន្ដែច័ន្ទនីរ័ត្ន វិញនឹងលាភាពនៅលីវនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះហើយ។
ប្រភពបានឲ្យដឹងថាអ៊ីវ៉ា មិនហ៊ានខ្ទាស់គំនិតគូស្នេហ៍ដែលចង់ដឹកដៃនាងចូលរោងការនៅក្នុងពេលឆាប់ៗនេះទេ ព្រោះថាបើធ្វើដូចនោះច្បាស់ជានាងហាក់ដូចជាប្រឆាំងឬជំទាស់ទៅនិងបំណងរបស់ឪពុកនាងលោកអ៊ូ វ៉ាវ ដែរ ហេតុនេះហើយនាងអាចប្រថុយចូលរោងការទៅតាមចិត្តរបស់សង្សារក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ។ប្រសិនបើស្រីនាថ ហ៊ានក្រាបផ្ទឹមជាមួយលោកសេងហួរ ជាសាធារណៈមែន ច្បាស់ជាលោកវ៉ាវ រីករាយចិត្តគ្មានអ្វីប្រៀបផ្ទឹមបានទេ ព្រោះបំណងលោកចង់បានតៃកុងឡានមកបើករថយន្ដឲ្យកូនស្រីទៅច្រៀងសម្ដែងគ្រប់ខេត្តក្រុងជំនួសលោកនោះលែងជាកង្វល់ និងរឿងសំខាន់មួយទៀតលោកចង់បានចៅពក៍កាន់ជិតបានសម្រេចផងដែរ។
អ៊ីវ៉ា សាងស្នេហ៍ដោយលាក់លៀមជាមួយលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាបយូណាយធីត អស់រយៈពេល៧ឆ្នាំ គឺទើបតែនៅខែឧសភា ឆ្នាំ២០២៣ ទើបចំណងស្នេហានាងជាមួយថៅកែទប់លែងជាប់តទៅទៀត ព្រោះតែលោកហួរ មានចេតនា ចង់ឲ្យគ្រប់គ្នាបានដឹងថាលោកជាសង្សារស្រីនាថ ហើយលោកអត់ត្រូវការជីវិតស្នេហាលាក់មុខលាក់ក្រោយតទៅទៀតឡើយ ។ប្រភពបានឲ្យដឹងថាស្រីនាថ និងលោកសេងហួរ បានភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការទៅហើយមុនពេលពួកគេហ៊ានកៀកកើយគ្នាដោយបើកចំហ ដែលចំណងស្នេហ៍មួយនេះត្រូវបានគូស្នេហ៍ទាំងសងខាងគាំទ្រ។ទោះជាយ៉ាងណាអ្នកយកព័តមានយើងធ្លាប់ទូរស័ព្ទទៅអ៊ីវ៉ា ដើម្បីសាកសួររឿងនាងភ្ជាប់ពាក្យជាមួយគូស្នេហ៍ និងគម្រោងរៀបការ តែដាក់សំណួរមិនទាន់ចប់ផងនាងចុចផ្ដាច់ទូរស័ព្ទទៅហើយ ហាក់ដូចជាខ្លាចបែកការណ៍រឿងនោះទៅវិញ។ប៉ុន្ដែប្រភពពីតារាស្និតអ៊ីវ៉ា នៅសាន់ដេបង្ហើបថាស្រីនាថ និងលោកហួរ ពេលនេះដូចគ្រួសារតែមួយទៅហើយ ព្រោះអ្នកទាំងពីរចេញចូលផ្ទះទាំងសងខាងបានតាមចិត្តចង់ក្រោយពីពួកគេក្លាយទៅជាគូដណ្ដឹងគ្នា ។
អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ ពោលគឺឆ្នាំ២០២៣ នេះតែម្ដងដោយសារតែនាងយល់ថាមនុស្សស្រីវ័យនេះមិនចាស់ពេក ឬក្មេងពេកនោះទេ គឺម៉ាល្មមមានគ្រួសារ។ប៉ុន្ដែតាមព័តមានថាមូលហេតុដែលនាងពន្យាពេលរៀបការអស់៧ឆ្នាំ កន្លងមកព្រោះតែនាងរារែកចិត្តខ្លាចមានស្វាមីទៅពិបាកទប់លំនឹងក្នុងអាជីពចម្រៀង ខណៈដែលលោកវ៉ាវ ចង់ឲ្យនាងរៀបការប្ដីតាំងពីឆ្នាំ២០២០ ម្លេះ ។ប្រភពបានឲ្យដឹងថាមូលហេតុដែលស្រីនាថ ជ្រើសរើសយកលោកសេងហួរ ជាគូស្នេហ៍ដោយសារតែថៅកែក្លឹបបាល់ទាត់រូបនេះមិនចេះប្រចណ្ឌហួងហែងដូចបុរសមួយចំនួនដែលធ្លាប់ស្នេហ៍នាងពីមុនឡើយ ។ចំណែកទស្សនិកជនមើលឃើញថាគូស្នេហ៍អ៊ីវ៉ា ក៍ជាបុរសមានទ្រព្យស្ដុកមិនធម្មតា ព្រោះជាកូនអ្នកជំនួញល្បីឈ្មោះម្នាក់នៅសៀមរាប ហើយក្លាយទៅជាម្ចាស់ក្លឹបបាល់ទាត់ទាំងវ័យក្មេង ហេតុនេះបើស្រីនាថ មិនOK តើនាងរងចាំមើលបុរសណាផ្សេងដែលមានទ្រព្យជាងនេះទៅ ?
អ៊ីវ៉ា នឹងត្រូវបានគូស្នេហ៍បើកដៃឲ្យនាងលេងសិល្បៈតទៅទៀតដូចសុគន្ធ និសា ដែរនៅពេលនាងរៀបការរួច។នេះបើតាមអ្នកដឹកនាំសម្ដែងម្នាក់នៅសាន់ដេបង្ហើបប្រាប់កាលពីពេលថ្មីៗនេះ។តែប្រភពនោះថាលោកហួរ មានមុខជំនួញច្រើនក្នុងដៃហេតុនេះក្រោយស្រីនាថ ក្លាយទៅជាភរិយាថៅកែរូបនេះពេញច្បាប់នាងអាចនឹងកាត់បន្ថយអាជីពចម្រៀងហើយងាកទៅបន្ថែមការរកស៊ីជាមិនខាន ៕