Monday, November 18, 2024
Homeតារាខ្មែរអម្ពរ ទេវី ៖វិលវិញទាំងអាល័យ ខណៈលោកហ្វៃ សំអាង ថាទេពកោសល្យ នៅតែខ្លាំង

អម្ពរ ទេវី ៖វិលវិញទាំងអាល័យ ខណៈលោកហ្វៃ សំអាង ថាទេពកោសល្យ នៅតែខ្លាំង

ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បាននាំស្វាមីនាងលោក Pauly Hap ចេញទៅអាមេរិកវិញហើយ​កាល​ពី​ថ្ងៃទី៩ វិច្ឆិកា ក្រោយពេលនាងបានមកខ្មែរជើងនេះរយៈពេលជាង១ខែ ដើម្បីថតរឿងភាគ​របស់​ទូរទស្សន៍ហង្សមាស”អប្សរា មហាអង្គរ “ដែលដឹកនាំដោយលោកហ្វៃ សំអាង ។អ្នក​នាង​ទេវី ក៍បានចេញសារសរសើរលោកហ្វៃ សំអាង និង ក្រុមការងារផលិតរឿង”អប្សរា មហាអង្គរ” ថាបានផ្ដល់បរិយាកាសរីករាយដល់នាងក្នុងការថតរឿងមួយនេះ ហើយនាងក៍អះអាង​ដែរថា​មីង ប្អូន កូនក្មួយ នៃគ្រួសាររបស់នាងផ្ដល់ការស្រលាញ់ដល់នាងដោយ​គ្មានការ ប្រែប្រួលទោះ​ជា​ក្នុងរយៈពេលខ្លីក៍ដោយ។

 ឯកឧត្តមហ្វៃ សំអាង អ្នកដឹកនាំសម្ដែងរឿង”អប្សរា មហាអង្គរ” បានប្រាប់អ្នកយក​ព័តមាន”នគរធំ”តាមទូរ ស័ព្ទកាលពីរសៀលថ្ងៃទី១០ វិច្ឆកា ថាប្លង់ដែលតម្រូវឲ្យអ្នកនាងអម្ពរ ទេវី ថតរឿង”អប្សរា មហាអង្គរ” នោះ លោកបានសម្រុកថតចប់អស់ទៅហើយដោយប្រើ​ពេល​១​ខែ និង១សប្ដាហ៍ ព្រោះអ្នកនាងទេវី មានការងាររវល់ ច្រើននៅអាមេរិក ហេតុនេះហើយ​ប្រ​មូល​តួ​សម្ដែង​​​ប៉ៈប្លង់ជាមួយអ្នកនាងទេវី ថតទាំងអស់តែម្ដង។លោកសំអាង បន្ថែមថា​ប្លង់​ដែលអ្នក​នាង​ទេវី បានថតមាន៥ខេត្តក្នុងនោះមានដូចជាខេត្តសៀមរាប ,ព្រះសីហនុ,តាកែវ ,កំពង់ ធំ និង​ខេត្តកណ្ដាល ពោលគឺដោយសារតែរឿងនេះពាក់ព័ន្ធប្រាសាទបុរាណ ហេតុនេះ​ប្លង់​ភាគ​ច្រើនគឺ នៅទី តាំងខេត្តណាដែលមានប្រាសាទច្រើន។លោកហ្វៃ សំអាងបានប្រាប់​ដែរថាទោះ​ជាងអ្នកនាងទេវី ផ្អាកសម្ដែង ជាច្រើនឆ្នាំមែន ប៉ុន្ដែទេពកោសល្យសិល្បៈ គឺនៅតែ​ល្អ​និងខ្លាំង​ដូច​ដើម​ដដែល ហេតុនេះលោកពិតជារីក រាយ ដែលមានតារាច្នើមដូចគាត់លេង​រឿង​មួយនេះ​។លោក​បន្ថែមទៀតថាគុណសម្បត្តិរបស់អ្នកនាងទេវី សាកសម ជាតារាដែល​ច្នើម គូរឲ្យសិស្ស​ប្អូន​ៗ​ជំនាន់ក្រោយគោរព យកគំរូតាម ហើយការដែលនាងរស់នៅ​អាមេរិក​មាន ហាងរក​ស៊ី​ផ្ទាល់ខ្លួនរវល់សឹងតែដកឃ្លាមិនរួចតែអាចមកថតភាពយន្ដឲ្យ​លោកបាននៅ​ពេលនេះដោយសារ ទី១៖អ្នកនាងទេវី ស្រលាញ់ភាពយន្ដនេះ ក៍ដូចជាអាជីព​សិល្បៈ​,ទី២៖មាន​ការ​រាប់​អាគ្នាជាមួយលោក ជាយូឆ្នាំ មកហើយ និងទី៣៖ជាតួមួយដែលនាងពេញចិត្តសម្ដែង។

 គូរបញ្ជាក់ថាអ្នកនាងអម្ពរ ទេវី បានមកដល់ខ្មែរជាថ្មីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២៣ ដែលមកលើក នេះ គោលបំណងធំគឺដើម្បីថតរឿង”អប្សរា មហាអង្គរ “ ហើយស្វាមី​នាង​លោក Pauly Hap ជូននាងមកផ្ទាល់ តែម្ដង ខណៈដែលផលិតករផ្សេងៗ​ទៀតចង់ឆក់​ឱកាសនេះហៅ​អ្នកនាងទេវី ឲ្យថតភាពយន្ដឲ្យនាងដែរ បានត្រឹមការខកចិត្ត  ព្រោះនាង​មិនអាចពន្យា​ពេលវិលទៅ​អា​មេរិក​បានទេ។

 លោកហ្វៃ សំអាង ថ្លែងថាលោកអរគុណដល់នាងអម្ពរ ទេវី ក៍ដូចជាស្វាមីនាងដែលជូន​មក​ថតរឿងនេះ រហូតបានថតចប់ប្លង់នាងដោយរលូនតាមផែនការណ៍ ។ប៉ុន្ដែលោកថាដោយ​សារ​តែ​អ្នកនាងទេវី រវល់ ការរកស៊ីនៅអាមេរិកដែរ ហេតុនេះនៅថ្ងៃសម្ពោធរឿង”អប្សរា មហា​អង្គរ”​​នាពេលខាងមុខនេះលោក មិនទាន់ដឹងថាអ្នកនាងទេវី អាចអញ្ជើញចូលរួមបាន​ឬអត់​នោះ​ទេ ព្រោះនៅពេលវែងឆ្ងាយដែរ ដោយ សារតែរឿងនេះថតជិត១ឆ្នាំទៅហើយ​តែទើប​បាន​ត្រឹម៤០ % ប៉ុណ្ណោះ ព្រោះការថតរឿងបុរាណ បែប ប្រវត្តិសាស្រ្ដមានភាព​ស្មុគស្មាញនិង​ត្រូវការសម្រិត​សម្រាំងបំផុត។

 ឆ្លើយតបសំណួរថាតើអ្នកនាងអម្ពរ ទេវី ទទួលបានតម្លៃខ្លួនប៉ុន្មានពីការថតរឿង”អប្សរា មហាអង្គរ” នោះ លោកសំអាង ថារឿងមួយនេះលោកមិនអាចនិយាយបានទេ ។តែលោកថា​តារាប្រុសស្រីទាំង អស់ថត រឿងនេះសប្បាយចិត្តដែលបានរួមការងារជាមួយអ្នកនាងទេវី ។

 គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានបានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែ​តុលា ឆ្នាំ១៩៩២ និងបាន ចែកផ្លូវគ្នា ក្រោយទទួលបានកូន២(ស្រី១)ហើយអ្នកនាង​បានចេញ​ទៅ​រស់នៅអាមេរិកជិត២០ឆ្នាំមកហើយ និងបានរៀបការស្វាមីថ្ងៃទី២៨ ធ្នូ ២០១៤ និង​ពេល​នេះនាងទទួលបានកូនស្រី១​ទៀតអាយុជិត១០ឆ្នាំ ។កាលពីឆ្នាំ២០១៧ អ្នកនាងអម្ពរ ទេវី បានចុះមកខ្មែរថតភាព​យន្ដ២​រឿងគឺរឿង”ទឹកចិត្តម្ដាយសម័យថ្មី” ដឹកនាំ ដោយលោកស្រីពាន់ ភួងបុប្ផា និងរឿង” ឆន្ទា”របស់​Ld ។អតីតស្វាមីអ្នកនាងអម្ពរ ទេវី គឺលោកពេជ្រ ភិរុណ ធ្លាប់​ប្រាប់​អ្នកយកព័តមានយើង​ថា​អ្នកនាងទេវី ចុះមកពីអាមេរិកថតសម្ដែងរឿង​មួយទាល់តែ​បាន​តម្លៃខ្លួន ចាប់ពី១ម៉ឺនដុល្លារឡើង ហើយថ្លៃ​សំបុត្រយន្ដហោះ ការស្នាក់នៅ ផលិតករទទួលរ៉ាប់​រង​ទើបនាងព្រមមកថត៕

RELATED ARTICLES