ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បាននាំស្វាមីនាងលោក Pauly Hap ចេញទៅអាមេរិកវិញហើយកាលពីថ្ងៃទី៩ វិច្ឆិកា ក្រោយពេលនាងបានមកខ្មែរជើងនេះរយៈពេលជាង១ខែ ដើម្បីថតរឿងភាគរបស់ទូរទស្សន៍ហង្សមាស”អប្សរា មហាអង្គរ “ដែលដឹកនាំដោយលោកហ្វៃ សំអាង ។អ្នកនាងទេវី ក៍បានចេញសារសរសើរលោកហ្វៃ សំអាង និង ក្រុមការងារផលិតរឿង”អប្សរា មហាអង្គរ” ថាបានផ្ដល់បរិយាកាសរីករាយដល់នាងក្នុងការថតរឿងមួយនេះ ហើយនាងក៍អះអាងដែរថាមីង ប្អូន កូនក្មួយ នៃគ្រួសាររបស់នាងផ្ដល់ការស្រលាញ់ដល់នាងដោយគ្មានការ ប្រែប្រួលទោះជាក្នុងរយៈពេលខ្លីក៍ដោយ។
ឯកឧត្តមហ្វៃ សំអាង អ្នកដឹកនាំសម្ដែងរឿង”អប្សរា មហាអង្គរ” បានប្រាប់អ្នកយកព័តមាន”នគរធំ”តាមទូរ ស័ព្ទកាលពីរសៀលថ្ងៃទី១០ វិច្ឆកា ថាប្លង់ដែលតម្រូវឲ្យអ្នកនាងអម្ពរ ទេវី ថតរឿង”អប្សរា មហាអង្គរ” នោះ លោកបានសម្រុកថតចប់អស់ទៅហើយដោយប្រើពេល១ខែ និង១សប្ដាហ៍ ព្រោះអ្នកនាងទេវី មានការងាររវល់ ច្រើននៅអាមេរិក ហេតុនេះហើយប្រមូលតួសម្ដែងប៉ៈប្លង់ជាមួយអ្នកនាងទេវី ថតទាំងអស់តែម្ដង។លោកសំអាង បន្ថែមថាប្លង់ដែលអ្នកនាងទេវី បានថតមាន៥ខេត្តក្នុងនោះមានដូចជាខេត្តសៀមរាប ,ព្រះសីហនុ,តាកែវ ,កំពង់ ធំ និងខេត្តកណ្ដាល ពោលគឺដោយសារតែរឿងនេះពាក់ព័ន្ធប្រាសាទបុរាណ ហេតុនេះប្លង់ភាគច្រើនគឺ នៅទី តាំងខេត្តណាដែលមានប្រាសាទច្រើន។លោកហ្វៃ សំអាងបានប្រាប់ដែរថាទោះជាងអ្នកនាងទេវី ផ្អាកសម្ដែង ជាច្រើនឆ្នាំមែន ប៉ុន្ដែទេពកោសល្យសិល្បៈ គឺនៅតែល្អនិងខ្លាំងដូចដើមដដែល ហេតុនេះលោកពិតជារីក រាយ ដែលមានតារាច្នើមដូចគាត់លេងរឿងមួយនេះ។លោកបន្ថែមទៀតថាគុណសម្បត្តិរបស់អ្នកនាងទេវី សាកសម ជាតារាដែលច្នើម គូរឲ្យសិស្សប្អូនៗជំនាន់ក្រោយគោរព យកគំរូតាម ហើយការដែលនាងរស់នៅអាមេរិកមាន ហាងរកស៊ីផ្ទាល់ខ្លួនរវល់សឹងតែដកឃ្លាមិនរួចតែអាចមកថតភាពយន្ដឲ្យលោកបាននៅពេលនេះដោយសារ ទី១៖អ្នកនាងទេវី ស្រលាញ់ភាពយន្ដនេះ ក៍ដូចជាអាជីពសិល្បៈ,ទី២៖មានការរាប់អាគ្នាជាមួយលោក ជាយូឆ្នាំ មកហើយ និងទី៣៖ជាតួមួយដែលនាងពេញចិត្តសម្ដែង។
គូរបញ្ជាក់ថាអ្នកនាងអម្ពរ ទេវី បានមកដល់ខ្មែរជាថ្មីកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលមកលើក នេះ គោលបំណងធំគឺដើម្បីថតរឿង”អប្សរា មហាអង្គរ “ ហើយស្វាមីនាងលោក Pauly Hap ជូននាងមកផ្ទាល់ តែម្ដង ខណៈដែលផលិតករផ្សេងៗទៀតចង់ឆក់ឱកាសនេះហៅអ្នកនាងទេវី ឲ្យថតភាពយន្ដឲ្យនាងដែរ បានត្រឹមការខកចិត្ត ព្រោះនាងមិនអាចពន្យាពេលវិលទៅអាមេរិកបានទេ។
លោកហ្វៃ សំអាង ថ្លែងថាលោកអរគុណដល់នាងអម្ពរ ទេវី ក៍ដូចជាស្វាមីនាងដែលជូនមកថតរឿងនេះ រហូតបានថតចប់ប្លង់នាងដោយរលូនតាមផែនការណ៍ ។ប៉ុន្ដែលោកថាដោយសារតែអ្នកនាងទេវី រវល់ ការរកស៊ីនៅអាមេរិកដែរ ហេតុនេះនៅថ្ងៃសម្ពោធរឿង”អប្សរា មហាអង្គរ”នាពេលខាងមុខនេះលោក មិនទាន់ដឹងថាអ្នកនាងទេវី អាចអញ្ជើញចូលរួមបានឬអត់នោះទេ ព្រោះនៅពេលវែងឆ្ងាយដែរ ដោយ សារតែរឿងនេះថតជិត១ឆ្នាំទៅហើយតែទើបបានត្រឹម៤០ % ប៉ុណ្ណោះ ព្រោះការថតរឿងបុរាណ បែប ប្រវត្តិសាស្រ្ដមានភាពស្មុគស្មាញនិងត្រូវការសម្រិតសម្រាំងបំផុត។
ឆ្លើយតបសំណួរថាតើអ្នកនាងអម្ពរ ទេវី ទទួលបានតម្លៃខ្លួនប៉ុន្មានពីការថតរឿង”អប្សរា មហាអង្គរ” នោះ លោកសំអាង ថារឿងមួយនេះលោកមិនអាចនិយាយបានទេ ។តែលោកថាតារាប្រុសស្រីទាំង អស់ថត រឿងនេះសប្បាយចិត្តដែលបានរួមការងារជាមួយអ្នកនាងទេវី ។
គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានបានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែតុលា ឆ្នាំ១៩៩២ និងបាន ចែកផ្លូវគ្នា ក្រោយទទួលបានកូន២(ស្រី១)ហើយអ្នកនាងបានចេញទៅរស់នៅអាមេរិកជិត២០ឆ្នាំមកហើយ និងបានរៀបការស្វាមីថ្ងៃទី២៨ ធ្នូ ២០១៤ និងពេលនេះនាងទទួលបានកូនស្រី១ទៀតអាយុជិត១០ឆ្នាំ ។កាលពីឆ្នាំ២០១៧ អ្នកនាងអម្ពរ ទេវី បានចុះមកខ្មែរថតភាពយន្ដ២រឿងគឺរឿង”ទឹកចិត្តម្ដាយសម័យថ្មី” ដឹកនាំ ដោយលោកស្រីពាន់ ភួងបុប្ផា និងរឿង” ឆន្ទា”របស់Ld ។អតីតស្វាមីអ្នកនាងអម្ពរ ទេវី គឺលោកពេជ្រ ភិរុណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាអ្នកនាងទេវី ចុះមកពីអាមេរិកថតសម្ដែងរឿងមួយទាល់តែបានតម្លៃខ្លួន ចាប់ពី១ម៉ឺនដុល្លារឡើង ហើយថ្លៃសំបុត្រយន្ដហោះ ការស្នាក់នៅ ផលិតករទទួលរ៉ាប់រងទើបនាងព្រមមកថត៕