ភ្នំពេញ៖តារាវ័យ៤០ឆ្នាំ ពេជ្រ សោភា ដែលចាប់អាជីពចម្រៀងរយៈពេលជាង១៨ឆ្នាំ ទៅហើយនោះធ្លាប់តាំងចិត្តថានាងមិនកែសម្រស់នោះទេ ព្រោះបើហ៊ានតែជ្រើសវិធីស្អាតដោយប្រើផ្លែកាំបិតវះកាត់នោះច្បាស់ជាម្ដាយរបស់នាងប្រតិកម្ម(ម៉ាកដឹងម៉ាក់វ៉ៃ)ជាមិនខាន។យ៉ាងណាសោភា ថានៅពេលដែលនាងមានអាយុច្រើន ស្បែកជ្រីញជ្រួញនោះអាចនឹងពិចារណា រឿងកែកុនសម្ផស្សនេះដែរហើយ តែមិនប្រាប់ថាចង់ធ្វើផ្នែកណាខ្លះឡើយ។ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលថ្មីៗនេះគេឃើញច្រមុះរបស់សោភា ខ្ពស់និងស្រួចជាងមុន ទើបធ្វើឲ្យFan នាងសង្ស័យថាតារាហង្សមាសទើបតែបានវះកាត់លើកខ្ទង់ច្រមុះឲ្យខ្ពស់ស្អាតជាងមុនដើម្បីយកហុងស៊ុយឲ្យកាន់តែត្រូវប៉ាន់អាជីពចម្រៀងថែមទៀត ។
ទាក់ទងរឿងគេសង្ស័យថាពេជ្រ សោភា បានប្ដូរចិត្តលួចទៅធ្វើច្រមុះឲ្យខ្ពស់ស្រួចនេះនាងបានឆ្លើយតបភ្លាមៗទៅកាន់អ្នកគាំទ្រខ្លួនដោយទទួលស្គាល់ថាពិតជាបានកែចំណុចខ្លះមែន តែកន្លែងមួយចំនួនទៀតនាងថាអត់កែដូចគេសង្ស័យឡើយ ។សោភា សារភាពថានាងបានវះកាត់ស្លាបច្រមុះ(ទាំងសងខាង) តែមិនបានកែច្រមុះនោះទេ គឺគ្រាន់តែកែស្លាបច្រមុះប៉ុណ្ណោះ។
ក្រោយមានការវះកាត់កែស្លាបច្រមុះបែបនេះគេឃើញពេជ្រ សោភា ហាក់ប្ដូរមុខមាត់ថ្មីនិងទាក់ទាញជាងមុនផងដែរ ខណៈដែលចង្កានាងក៍វែងជាងមុនទើបខ្លះថានាងកែទាំងស្លាបច្រមុះផង ចាក់ទាំងចង្កាឲ្យចេញជាអក្សរV ផងដែរ។តែតារាហង្សមាសនៅតែទទួលស្គាល់ថានាងបានកែតែស្លាបច្រមុះមួយផ្នែកនេះប៉ុណ្ណោះ ត្រង់កន្លែងផ្សេងៗទៀតអត់បានធ្វើអ្វីទាំងអស់ ។
ទោះជាយ៉ាងណានេះជាការបើកទំព័រថ្មីមួយសម្រាប់ពេជ្រ សោភា ដែលនាងចាប់ផ្ដើមហ៊ានកែសម្រស់នូវផ្នែកខ្លះដែលនាងគិតថានៅមានចំណុចខ្វះខាត បើទោះជាមិនបានកែទ្រង់ទ្រាយធំដូចតារាផ្សេងៗទៀតក្ដី ប៉ុន្ដែសោភា ដែលពីមុនថាតាំងពីប្រឡូកសិល្បៈសម្រស់របស់នាងនៅរក្សារពីធម្មជាតិទាំងអស់(Original)នោះ ឥឡូវហ៊ានធ្វើកន្លែងខ្លះដូចគេដូចឯងដែរហើយ ។ប្រភពបានឲ្យដឹងថាអនាគតស្វាមីរបស់សោភា គឺលោកឆឹម សក្កដា បានគាំទ្រយ៉ាង ពេញទំហ៊ឹងតែម្ដងចំពោះការកែសម្រស់ផ្នែកណាមួយដែលនាងគិតថានៅមានចំណុចខ្វះខាត ហើយកែស្លាបច្រមុះរួច លោកថែមទាំងជម្រុញឲ្យនាងកែត្រង់កន្លែងផ្សេងៗទៀតក្នុងនោះមាន ទាំងដើមទ្រូងផងដែរ ប៉ុន្ដែសោភា អត់ទាន់ហ៊ានប្រថុយឡើយ ។
គូររំលឹកថាពេជ្រ សោភា ធ្លាប់បានជិះយន្ដហោះទៅដល់ប្រទេសកូរ៉េខាងត្បូងដើម្បីកែច្រមុះនៅហាងកែសម្ផស្សមួយដែលតារាល្បីៗនៅខ្មែរខ្លះបានទៅធ្វើនៅទីនោះ។ប៉ុន្ដែក្រោយឃើញមុខកាំបិតសស្ញាចត្រៀមវះកាត់ច្រមុះហ្សីនរបស់នាងនោះសោភា ក៍បានប្ដូរចិត្តវិញលែងហ៊ានចង់កែកុនជាច្រើនឆ្នាំរហូតមកដល់ចុងឆ្នាំ២០២៣ នេះទើបនាងដាច់ចិត្តកែស្លាបច្រមុះទាំងប្រថុយ ។ដោយឡែកសម្រាប់តារាដែលបានកែច្រមុះមុនពេជ្រ សោភា មានដូចជាឱក សុគន្ធកញ្ញា (លើកខ្ទង់ច្រមុះ),មាស សុខសោភា (កែច្រមុះ២ដង),សុខ ពិសី (អត់ដែលទទួលស្គាល់),តន់ ច័ន្ទសីម៉ា ,តេង លក្ខិណា និងថន លក្ខិណា ជាដើម ។តារាភាគច្រើនចាត់ទុកថាការកែច្រមុះគឺជារឿងធម្មតាទៅហើយ បើទោះជាខ្លះធ្លាប់កែខុសបច្ចេកទេសនាំឲ្យសម្រស់ធ្លាក់ចុះជាងមិនទាន់កែដូចជានាងបេនី យាំង ក្ដី តែទាំងតារាក្នុងនិងក្រៅស្រុកនៅតែនិយមធ្វើច្រមុះដដែល ។
ប្រភពបានឲ្យដឹងថាក្រោយពេជ្រ សោភា កែស្លាបច្រមុះរួច គូស្នេហ៍របស់នាងលោកឆឹម សក្កដា កាន់តែស្រលាញ់និងពេញចិត្តនាងស្ដូកតែម្ដងព្រោះថានាងរឹតតែស្អាតជាងមុន។ប៉ុន្ដែគេចាំមើលថាសោភា នឹងកែផ្នែកណាផ្សេងទៀត ដើម្បីឲ្យគូដណ្ដឹងកាន់តែក្នក់ក្នាញ់នាង។
សូមបញ្ជាក់ថាពេជ្រ សោភា -ឆឹម សក្កដា បានក្លាយទៅជាគូដណ្ដឹងគ្នាជិត១ឆ្នាំ ហើយតែអ្នកទាំងពីរបានលុបចោលមង្គលការនៅឆ្នាំ២០២៣ ដោយគ្មានមូលហេតុ។បើទោះជាសោភា និងគូស្នេហ៍ស្អិតល្មូតគ្នាដូចប្ដីប្រពន្ធទៅហើយក្ដី ប៉ុន្ដែនៅមានអ្នកខ្លះជឿរថាពួកគេស្រលាញ់គ្នាមែនទែន ខ្លះសង្ស័យថាលេងបិតពួន ព្រោះលែងហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់បើទោះជាតារារួមអាជីពដូចជាចំរើន សុភ័ក្រ រៀបការថ្ងៃទី៩ ខែ១១ ,ហ៊ិន ច័ន្ទនីរ័ត្ន ការថ្ងៃទី២២ ខែ១២ និងប៉ាច គីមមួយ ត្រៀមចូលរោងការនៅដើមឆ្នាំ២០២៤ ក៍ដោយ ប៉ុន្ដែសោភា និងគូស្នេហ៍នៅតែស្ទាក់ស្ទើចិត្តរឿងធ្វើប្ដីប្រពន្ធគ្នាស្របច្បាប់នេះទៅវិញ ៕