Monday, November 18, 2024
Homeតារាខ្មែរ​ខេមរៈ សិរីមន្ដ ៖ខួប៣៨ឆ្នាំ គ្មានដំណឹងយកកូនទី៤

​ខេមរៈ សិរីមន្ដ ៖ខួប៣៨ឆ្នាំ គ្មានដំណឹងយកកូនទី៤

ភ្នំពេញ៖តារាចម្រៀងលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានធ្វើខួបកំណើត​ខ្លួនកាល​ពីថ្ងៃ​ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គម្រប់អាយុ៣៨ឆ្នាំ ដែលឆ្នាំនេះលោកបាននាំភរិយានិងសាច់​ញាត្តិ​ទៅជប់លៀងនៅបន្ទប់ពិសេស​តែម្ដង មានទាំងលោកតរ៉េតធី ដូណា បានទៅជូនពរដល់បន្ទប់​ទៀតផង។យ៉ាងណាលោកប៊ុនថៃ មិនបង្ហាញ​ឲ្យឃើញថាភរិយាលោកអ្នកស្រីគុយ ផល្លី ឲ្យកា​ដូ​អ្វីខ្លះទេ ខណៈដែលនៅថ្ងៃខួបឆ្នាំនេះតារាកូន៣ក៍គ្មាន​ដំ​ណឹងយកកូនទី៤ ក្រោយលោកចាប់​ដៃភរិយារយៈពេល១៩ឆ្នាំ ទទួលបានចំណងដៃកូន៣នាក់(ស្រី២) តែអ្នក​ទាំងពីរ​គ្មានផែន​ការណ៍​ដឹកដៃគ្នារៀបការជាសាធារណៈឡើយ បើទោះជាកាលពីប៉ុន្មានឆ្នាំមុនបែកធ្លាយរូប​លោក​​ថៃ និងប្រពន្ធនាំគ្នាទៅថតPre-Wedding ដល់បារាំងក៍ដោយ។

គូររំលឹកថាខេមរៈ សិរីមន្ដ ត្រូវភរិយាលោកSurprise ថ្ងៃខួបកំណើតរបស់លោក​ជារៀង​រាល់​ឆ្នាំដូចគ្នាទៅនិង​លោកស្រីឡុង ស្រីមុំ ធ្វើខួបឲ្យលោកព្រាប សុវត្ថិ តាមរយៈការលើកនំ​ខេក​​​ជូនប្ដីមិនឲ្យដឹងខ្លួនមុនដែរ។ប៉ុន្ដែខួបឆ្នាំនេះលោកប៊ុនថៃ រៀបចំទ្រង់ទ្រាយធំជាង​មុន​ព្រោះ​​​​​រៀបចំនៅបន្ទប់VIPមានសុទ្ធតែអក្សរLD លោត​ឈ្មោះលោកជុំវិញទៀត​ផង។​ចំណែកFan អតតីតារាហង្សមាសរូបនេះមួយចំនួនក៍បានចេញសារជូនពរ​លោក​ជាបន្ដបន្ទាប់​ផងដែរ ។

សូមបញ្ជាក់ថាខេមរៈ សិរីមន្ដ បានចូលទៅជ្រកនៅទ្រនុំGalaxy រយៈពេលជាង១០ខែ មក​ហើយ តែលោក​ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាមិនទាន់ធ្វើ​ព្យុះភ្លៀងសម្រាប់​ទី​ផ្សារចម្រៀងបានទេ ព្រោះលែងបុក​ទីផ្សារខ្លាំងដូចមុនគឺដូចគ្នាទៅនិងលោកព្រាប សុវត្ថិ ដែរ។យ៉ាងណាលោកប៊ុនថៃ ក្រោយឡើងជាឧកញ៉ាជាង២​ឆ្នាំនេះតម្លៃខ្លួនលោកស៊ីថ្លៃខ្ពស់​ជាង​មុនព្រោះធ្លាប់ចេញវីដេអូថាច្រៀង៦បទបានដល់ទៅ១ម៉ឺនដុល្លារ ដែលការ​ឡើងថ្លៃ១ជា២​នាពេលនេះរបស់លោកថៃ នាំឲ្យក្រុមអ្នកដឹកនាំការប្រគុំតន្រ្ដីទាំងឡាយថ្ងូរដូចព្រាប  ព្រោះតែ​គ្មាន​លទ្ធភាពជួលឧកញ៉ាកូន៣ទៅច្រៀងសម្ដែងទេ ទើបនាំឲ្យលោកបាត់បង់សកម្មភាព​ពី​ឆាក​​​តន្រ្ដីស្ទើតែទាំង​ស្រុងលើកលែងតែកម្មវិធីនោះ​រៀបចំដោយថៅកែរបស់លោក​តែម្ដង​។ដោ​យ​​​ឡែកសម្រាប់ការចេញទៅរក​លុយនៅបរទេសវិញលោកថៃ ក៍ហាក់ស្ងប់ស្ងាត់ប្លែកជាច្រើន​ឆ្នាំដែរ គឺទើបតែកាលពីចុងខែ៩ ដែលលោកនិង​តារារួមទ្រនុំនាំគ្នាទៅកូរ៉េខាងត្បូង ហើយ​ត្រូវ​ពលករខ្មែរនៅទីនោះខ្លះព្រមានធ្វើពហិការ ទាំងចម្រូងចម្រាស​ដោយចោទ​លោក​ការពារថៅ​កែ​កាប់ព្រៃឈើភ្នំតាម៉ៅ ជាដើម។ប៉ុន្ដែគេមិនអាចសន្និដ្ឋានបានទេថាប្រសិន​បើ​លោកថៃ ចេញ​ទៅច្រៀងនៅអូស្រា្ដលី ឬប៉ែកអ៊ឺរ៉ុបលោកនឹងអាចមានវាសនាជួបរឿងដូច​លោក​​​សុវត្ថិ ដែល​ត្រូវ​អ្នកគាំទ្ររបស់លោកពីមុនចេញធ្វើពហិកា ការច្រៀងសម្ដែងលោកនៅអូស្រា្ដលីនោះទេ។

តាមប្រភពថាខេមរៈ សិរីមន្ដ មិនក្វល់ពីទីផ្សារសិល្បៈរបស់លោកស្ងប់ស្ងាត់ដោយ​សារ​តែលែងសូវមាន​អ្នកហ៊ាន​ជួលនោះឡើយ ព្រោះលោកមានលុយចាយលែងអស់ទៅហើយ ប៉ុន្ដែ​គេ​មិនទាន់ដឹងថាលោកមានលុយ​សរុប​ចំនួនប៉ុន្មានគិតមកត្រឹមឆ្នាំ២០២៣ នេះ​ខណៈ​ដែល​​លោក​ឧកញ៉ាសុវត្ថិ ហៅស្នាយ កាលពីចុងខែកញ្ញា ឆ្នាំ២០២០ មនុស្សជំនិតរបស់​លោក​បាន​ទម្លាយប្រាប់អ្នកសារព័តមានថាលោកមានទ្រព្យសរុបខ្ទង់៣០លានដុល្លារ ។អ្នកជំ​នាញ​​សិល្បៈ​លើកឡើងថាលោកថៃ ខុសពីលោកសុវត្ថិ ព្រោះតែលោកមានបងប្រុសគឺខេមរៈ ភិរុណ ជាអ្នកនិ​ពន្ធ​បទចម្រៀងឲ្យច្រៀង ហេតុនេះបើចង់ពង្រឹងទីផ្សារចម្រៀងឡើងវិញ​គឺមិន​ពិ​បាក​ឡើយ បើទោះជាមានអ្នក​ខ្លះ​ធ្លាប់លើកឡើងថាGalaxy នឹងមិនឲ្យតារាណារួមទាំង​លោក​ថៃ ផងនៅលើព្រាប សុវត្ថិ ព្រោះខ្លាចផ្ទុះរឿងធំក្ដី ។

 គេកត់សម្គាល់ថាខេមរៈ សិរីមន្ដ ក៍មិនខុសពីព្រាប សុវត្ថិ ដែរពោលគឺនៅឆ្នាំ២០២៣ នេះលោកគ្មានដៃ​គូចម្រៀង​ណាផ្សេងក្រៅពីនាងតន់ ច័ន្ទសីម៉ា ទេ ដែលធ្វើឲ្យពិ​បាក​សង្ឃឹម​ថាទីផ្សារចម្រៀងមានការប្រែប្រួល ស្របពេល​ដែលសន្ទុះនៃការធ្លាប់រិះគន់លោកដូច​ទឹក​បាក់ទំនប់​រឿងលោកចេញមុខការពារថៅកែ និងមិនស្គាល់មុខឧក​ញ៉ា​ណាកាប់ឈើនៅតែមិន​ទាន់​​បាត់ពីអារម្មណ៍មហាជននៅឡើយ ដែលចំណុចទាំងនេះហើយនាំឲ្យលោកប៊ុនថៃ ពិបាក​ស្ដារមុខមាត់ឬធ្វើឲ្យទីផ្សារចម្រៀងខ្លាំងដូចមុនឡើងវិញបាន ដោយសារតែមានអ្នកខ្លះចោទ​លោក​ថាជា​តារាទ្រពង អែបអបដើម្បីលាភសាក្ការៈ ទោះបីជាលោកធ្លាប់ចេញមុខថាខ្លួន​មិនមែន​ជាអ្នកនយោបាយក្ដី ៕

RELATED ARTICLES