ភ្នំពេញ៖តារាចម្រៀងលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានធ្វើខួបកំណើតខ្លួនកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គម្រប់អាយុ៣៨ឆ្នាំ ដែលឆ្នាំនេះលោកបាននាំភរិយានិងសាច់ញាត្តិទៅជប់លៀងនៅបន្ទប់ពិសេសតែម្ដង មានទាំងលោកតរ៉េតធី ដូណា បានទៅជូនពរដល់បន្ទប់ទៀតផង។យ៉ាងណាលោកប៊ុនថៃ មិនបង្ហាញឲ្យឃើញថាភរិយាលោកអ្នកស្រីគុយ ផល្លី ឲ្យកាដូអ្វីខ្លះទេ ខណៈដែលនៅថ្ងៃខួបឆ្នាំនេះតារាកូន៣ក៍គ្មានដំណឹងយកកូនទី៤ ក្រោយលោកចាប់ដៃភរិយារយៈពេល១៩ឆ្នាំ ទទួលបានចំណងដៃកូន៣នាក់(ស្រី២) តែអ្នកទាំងពីរគ្មានផែនការណ៍ដឹកដៃគ្នារៀបការជាសាធារណៈឡើយ បើទោះជាកាលពីប៉ុន្មានឆ្នាំមុនបែកធ្លាយរូបលោកថៃ និងប្រពន្ធនាំគ្នាទៅថតPre-Wedding ដល់បារាំងក៍ដោយ។
គូររំលឹកថាខេមរៈ សិរីមន្ដ ត្រូវភរិយាលោកSurprise ថ្ងៃខួបកំណើតរបស់លោកជារៀងរាល់ឆ្នាំដូចគ្នាទៅនិងលោកស្រីឡុង ស្រីមុំ ធ្វើខួបឲ្យលោកព្រាប សុវត្ថិ តាមរយៈការលើកនំខេកជូនប្ដីមិនឲ្យដឹងខ្លួនមុនដែរ។ប៉ុន្ដែខួបឆ្នាំនេះលោកប៊ុនថៃ រៀបចំទ្រង់ទ្រាយធំជាងមុនព្រោះរៀបចំនៅបន្ទប់VIPមានសុទ្ធតែអក្សរLD លោតឈ្មោះលោកជុំវិញទៀតផង។ចំណែកFan អតតីតារាហង្សមាសរូបនេះមួយចំនួនក៍បានចេញសារជូនពរលោកជាបន្ដបន្ទាប់ផងដែរ ។
សូមបញ្ជាក់ថាខេមរៈ សិរីមន្ដ បានចូលទៅជ្រកនៅទ្រនុំGalaxy រយៈពេលជាង១០ខែ មកហើយ តែលោកត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាមិនទាន់ធ្វើព្យុះភ្លៀងសម្រាប់ទីផ្សារចម្រៀងបានទេ ព្រោះលែងបុកទីផ្សារខ្លាំងដូចមុនគឺដូចគ្នាទៅនិងលោកព្រាប សុវត្ថិ ដែរ។យ៉ាងណាលោកប៊ុនថៃ ក្រោយឡើងជាឧកញ៉ាជាង២ឆ្នាំនេះតម្លៃខ្លួនលោកស៊ីថ្លៃខ្ពស់ជាងមុនព្រោះធ្លាប់ចេញវីដេអូថាច្រៀង៦បទបានដល់ទៅ១ម៉ឺនដុល្លារ ដែលការឡើងថ្លៃ១ជា២នាពេលនេះរបស់លោកថៃ នាំឲ្យក្រុមអ្នកដឹកនាំការប្រគុំតន្រ្ដីទាំងឡាយថ្ងូរដូចព្រាប ព្រោះតែគ្មានលទ្ធភាពជួលឧកញ៉ាកូន៣ទៅច្រៀងសម្ដែងទេ ទើបនាំឲ្យលោកបាត់បង់សកម្មភាពពីឆាកតន្រ្ដីស្ទើតែទាំងស្រុងលើកលែងតែកម្មវិធីនោះរៀបចំដោយថៅកែរបស់លោកតែម្ដង។ដោយឡែកសម្រាប់ការចេញទៅរកលុយនៅបរទេសវិញលោកថៃ ក៍ហាក់ស្ងប់ស្ងាត់ប្លែកជាច្រើនឆ្នាំដែរ គឺទើបតែកាលពីចុងខែ៩ ដែលលោកនិងតារារួមទ្រនុំនាំគ្នាទៅកូរ៉េខាងត្បូង ហើយត្រូវពលករខ្មែរនៅទីនោះខ្លះព្រមានធ្វើពហិការ ទាំងចម្រូងចម្រាសដោយចោទលោកការពារថៅកែកាប់ព្រៃឈើភ្នំតាម៉ៅ ជាដើម។ប៉ុន្ដែគេមិនអាចសន្និដ្ឋានបានទេថាប្រសិនបើលោកថៃ ចេញទៅច្រៀងនៅអូស្រា្ដលី ឬប៉ែកអ៊ឺរ៉ុបលោកនឹងអាចមានវាសនាជួបរឿងដូចលោកសុវត្ថិ ដែលត្រូវអ្នកគាំទ្ររបស់លោកពីមុនចេញធ្វើពហិកា ការច្រៀងសម្ដែងលោកនៅអូស្រា្ដលីនោះទេ។
តាមប្រភពថាខេមរៈ សិរីមន្ដ មិនក្វល់ពីទីផ្សារសិល្បៈរបស់លោកស្ងប់ស្ងាត់ដោយសារតែលែងសូវមានអ្នកហ៊ានជួលនោះឡើយ ព្រោះលោកមានលុយចាយលែងអស់ទៅហើយ ប៉ុន្ដែគេមិនទាន់ដឹងថាលោកមានលុយសរុបចំនួនប៉ុន្មានគិតមកត្រឹមឆ្នាំ២០២៣ នេះខណៈដែលលោកឧកញ៉ាសុវត្ថិ ហៅស្នាយ កាលពីចុងខែកញ្ញា ឆ្នាំ២០២០ មនុស្សជំនិតរបស់លោកបានទម្លាយប្រាប់អ្នកសារព័តមានថាលោកមានទ្រព្យសរុបខ្ទង់៣០លានដុល្លារ ។អ្នកជំនាញសិល្បៈលើកឡើងថាលោកថៃ ខុសពីលោកសុវត្ថិ ព្រោះតែលោកមានបងប្រុសគឺខេមរៈ ភិរុណ ជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀង ហេតុនេះបើចង់ពង្រឹងទីផ្សារចម្រៀងឡើងវិញគឺមិនពិបាកឡើយ បើទោះជាមានអ្នកខ្លះធ្លាប់លើកឡើងថាGalaxy នឹងមិនឲ្យតារាណារួមទាំងលោកថៃ ផងនៅលើព្រាប សុវត្ថិ ព្រោះខ្លាចផ្ទុះរឿងធំក្ដី ។
គេកត់សម្គាល់ថាខេមរៈ សិរីមន្ដ ក៍មិនខុសពីព្រាប សុវត្ថិ ដែរពោលគឺនៅឆ្នាំ២០២៣ នេះលោកគ្មានដៃគូចម្រៀងណាផ្សេងក្រៅពីនាងតន់ ច័ន្ទសីម៉ា ទេ ដែលធ្វើឲ្យពិបាកសង្ឃឹមថាទីផ្សារចម្រៀងមានការប្រែប្រួល ស្របពេលដែលសន្ទុះនៃការធ្លាប់រិះគន់លោកដូចទឹកបាក់ទំនប់រឿងលោកចេញមុខការពារថៅកែ និងមិនស្គាល់មុខឧកញ៉ាណាកាប់ឈើនៅតែមិនទាន់បាត់ពីអារម្មណ៍មហាជននៅឡើយ ដែលចំណុចទាំងនេះហើយនាំឲ្យលោកប៊ុនថៃ ពិបាកស្ដារមុខមាត់ឬធ្វើឲ្យទីផ្សារចម្រៀងខ្លាំងដូចមុនឡើងវិញបាន ដោយសារតែមានអ្នកខ្លះចោទលោកថាជាតារាទ្រពង អែបអបដើម្បីលាភសាក្ការៈ ទោះបីជាលោកធ្លាប់ចេញមុខថាខ្លួនមិនមែនជាអ្នកនយោបាយក្ដី ៕