ភ្នំពេញៈ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) និងក្រសួងរ៉ែ និងថាមពល បានរៀបចំវេទិកាពិភាក្សា ស្ដីពី «គោលនយោបាយរ៉ែនិងថាមពលនៅកម្ពុជា» ដើម្បីផ្តល់អំពីបច្ចុប្បន្នភាព រួមទាំងស្ថានភាពទូទៅ នៃវិស័យរ៉ែ និងថាមពល សំខាន់គោលដៅនៃការអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាព រួមទាំងបញ្ហាប្រឈមជាសកលសម្រាប់វិស័យជាអាទិភាព កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។
ថ្លែងក្នុងកម្មវិធីណែនាំគណៈអធិបតី និងមតិស្វាគមន៍ នៅក្នុងវេទិកាពិភាក្សានោះ លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា នេះជាលើកទី១ ដែលក្លឹបអ្នកកាសែតកម្ពុជា ទទួលបានការគាំទ្រពីក្រសួងរ៉ែ និងថាមពល រៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យរ៉ែ និងថាមពលនៅកម្ពុជា ដែលជាវិស័យគន្លឹះយ៉ាងសំខាន់សម្រាប់ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជា ។ គោលបំណងនៃការរៀបចំវេទិកាពិភាក្សានេះ ដើម្បីជួយអ្នកសារព័ត៌មាន បានស្វែងយល់បន្ថែម អំពីបច្ចុប្បន្នភាព រួមទាំងស្ថានភាពទូទៅ នៃវិស័យរ៉ែ និងថាមពល សំខាន់គោលដៅនៃការអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាព រួមទាំងបញ្ហាប្រឈមជាសកលសម្រាប់វិស័យជាអទិភាពនេះ ។ ទន្ទឹមនោះ គោលការណ៍ឧបត្ថម្ភធន (ការចេញខាត) ដើម្បីរួមចំណែកការលំបាក របស់ផ្នែកឯកជនពាក់ព័ន្ធ និងជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក៏ត្រូវបានលើកយកមកបង្ហាញនៅក្នុងវេទិកាពិភាក្សានេះផងដែរ ។
ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងបទបង្ហាញស្ដីពី “គោលនយោបាយរ៉ែនិងថាមពលនៅកម្ពុជា” នៃវេទិកាពិភាក្សានោះ លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កម្ពុជាកំពុងសិក្សាពីលទ្ធភាពនៃការផលិតថាមពលអគ្គិសនីលក់ឱ្យប្រទេសសិង្ហបុរី នាពេលឆាប់ៗនេះខាងមុខនេះ បន្ទាប់ពីកម្ពុជា និងសិង្ហបុរី ធ្លាប់បានពិភាក្សារួមមកហើយ ពីគម្រោងតភ្ជាប់បណ្តាញអគ្គិសនីក្រោមដីឆ្លងកាត់ប្រទេសឡាវ វៀតណាម និងមាឡេស៊ី ជាដើម ។ លោករដ្ឋមន្រ្តីពន្យល់ថា បើសិនជាសិង្ហបុរី មានតម្រូវការនោះ កម្ពុជា នឹងប្រឹងប្រែងដើម្បីផលិត ពិសេសការរកទីផ្សារលក់ចេញដែលសមស្រប ព្រោះកម្ពុជា បានផលិតថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ និងបានបន្តចែកចាយអគ្គិសនីជូនដល់ប្រជាពលរដ្ឋតាមទីជនបទ បានគ្រប់គ្រាន់ផងដែរ។ ជាងនេះ កម្ពុជា បានសិក្សាកសាងផែនការមេរួមមកហើយ តាំងពីឆ្នាំ២០០៧ ពីការធ្វើទំនប់វារីអគ្គិសនីដែលអាចផលិតអគ្គសនីរហូតដល់ទៅ ២ ម៉ឺនមេហ្គាវ៉ាត់ ។ ប៉ុន្តែលោកថា ទោះបីជាកម្ពុជាមានមហិច្ឆតាលក់អគ្គិសនីជូនប្រទេសក្នុងតំបន់ក៏ដោយ ក៏រាជរដ្ឋាភិបាល តាមរយៈក្រសួងរ៉ែនិងថាមពល ដែលជាសេនាធិការ បានសន្យាថា នឹងមិនអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ នោះឡើយ ព្រោះដើម្បីអភិរក្សធនធានចម្រុះ ពិសេសពូជមច្ឆជាតិ និងជីវភាពប្រជាជនរស់នៅតាមដងទន្លេ ។
បន្ថែមពីលើនេះដែរ ថ្លែងនៅក្នុងកម្មវិធីសំណួរ ចម្លើយ នៃវេទិកាពិភាក្សានោះ លោករដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល កែវ រតនៈ បានលើកឡើងពីការចាត់វិធានការទប់ស្កាត់ការនាំចូលឧបករណ៍ដែលស៊ីភ្លើងច្រើន ដើម្បីរួមចំណែកគ្រប់គ្រងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាព ដោយលោកបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ផែនការឆ្នាំ ២០២៣ ទៅ ២០៣០ កាត់បន្ថយការប្រើប្រាស់អគ្គិសនី ប្រហែលឱ្យបាន ១៩ភាគរយ ស្មើ២០០០មេហ្គាវ៉ាត់។ ការទប់ស្កាត់បានជោគជ័យ អាចធ្វើឱ្យកម្ពុជាមិនបាច់បង្កើតរោងចក្រថ្មីផលិតថាមពលថ្មី បន្ថែមចំនួន ២០០០ មេហ្គាវ៉ាត់ ដែលនឹងចូលរួមកិច្ចការពារបរិស្ថានទៀតផង ប៉ុន្តែលោករដ្ឋមន្រ្តី ក៏ចង់ឃើញប្រជាពលរដ្ឋប្រើប្រាស់ថាមពលដោយសន្សំសំចៃ ដើម្បីចូលរួមចំណែកសម្រេចបានគោលដៅការប្រើប្រាស់ថាមពល ឱ្យមានប្រសិទ្ធភាពនៅកម្ពុជា ៕