Friday, October 10, 2025
Homeព័ត៌មានជាតិ ពេទ្យគន្ធបុប្ជា ៩ខែ ពិនិត្យព្យាបាលកុមារ-ស្ត្រីមានផ្ទៃពោះ ១លាននាក់ 

 ពេទ្យគន្ធបុប្ជា ៩ខែ ពិនិត្យព្យាបាលកុមារ-ស្ត្រីមានផ្ទៃពោះ ១លាននាក់ 

ភ្នំពេញ ៖ រយៈពេល៩ខែ ឆ្នាំ២០២៥នេះ កុមារមានជំងឺ និងស្ត្រីមានផ្ទៃពោះប្រមាណជាង ១លាននាក់ បានមកពិនិត្យព្យាបាល និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជយវរ្ម័នទី៧ ខេត្តសៀមរាប។

លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ឱ្យដឹងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ នេះ មានអ្នកជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ ដែលបានពិនិត្យព្យាបាល និងសម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជយវរ្ម័នទី៧ ចំនួន ១ ០៤១ ៥៦៥នាក់។

លោកប្រធានមន្ទីរពេទ្យ បានបន្តថា ក្នុងនោះពិនិត្យព្យាបាលកុមារ នៅផ្នែកពិគ្រោះជំងឺក្រៅបានចំនួន ៧៨២ ៨៦៤ករណី។ កុមារសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៦៣ ៥០៣នាក់។ ជំងឺគ្រុនឈាម សម្រាកក្នុងមន្ទីរពេទ្យ ចំនួន ១១ ៤៧៣នាក់។ ស្ត្រីមានផ្ទៃពោះ បានពិនិត្យ តាមដានផ្ទៃពោះ ចំនួន ៨០ ៥១៤ករណី។ សម្រាលកូន បានចំនួន ១៤ ៦៨៤។ វះកាត់ទូទៅ ចំនួន ២២ ៣៣៦នាក់ និងវះកាត់ជំងឺបេះដូងពីកំណើត ចំនួន៨២៨នាក់។

លោកប្រធានមន្ទីរពេទ្យគន្ធបុប្ជា បានបន្ថែមថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ខណៈបច្ចុប្បន្ននេះមន្ទីរពេទ្យមានគ្រែសរុបចំនួន២០៨៧គ្រែ ក្នុងនោះផ្នែកសម្ភព មាន២២៧គ្រែ និងមានបុគ្គលិកសរុបចំនួន ២៦០០នាក់។

គួរបញ្ជាក់ថា ដើម្បីជួយទ្រទ្រង់ដល់ដំណើរការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ខណៈក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាប្រមាណ ៤៣លានដុល្លារអាមេរិក សម្រាប់ដំណើរការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺ ដល់កុមារ និងស្ត្រីមានផ្ទៃពោះកម្ពុជា៕

RELATED ARTICLES