Monday, November 18, 2024
Homeតារាខ្មែរមាស សុខសោភា ៖ច្រៀងអត់ផលិតកម្ម១២ខែ ,ទីផ្សារ​យ៉ាងម៉េចដែរ ?

មាស សុខសោភា ៖ច្រៀងអត់ផលិតកម្ម១២ខែ ,ទីផ្សារ​យ៉ាងម៉េចដែរ ?

ភ្នំពេញ៖រយៈពេល១២ខែមកហើយដែលមាស សុខសោភា បានច្រៀងដោយគ្មានផលិត​កម្ម​ជំនួយ ពោលគឺ​តាំងពីនាងដើរចេញពីផលិតកម្មរាម កាលពីខែមករា ឆ្នាំ២០២៣ ម្លេះដែល មកដល់ពេលនេះសុខសោភា អត់ទាន់ទៅជ្រកនៅទ្រនុំថ្មី ហើយយូៗម្ដងនាងចេញបទចម្រៀ ងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax Music ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និង​បងប្រុសនាងលោកមាស សុខរតនៈ ។ការមិនប្រញ៉ាប់ស្វែងរកផ្ទះថ្មីរបស់សុខសោភា នាពេល​នេះគឺនាងហាក់ដើរផ្ទុយទាំងស្រុង​ពីតារាលំដាប់​ជូរ​មុខផ្សេងទៀតដូចជាលោកព្រាប សុវត្ថិ ,ខេម​រៈ សិរីមន្ដ ,ខេម និងសុគន្ធ និសា ជាដើមដែលពួកគេចេញពី​ផលិតកម្មចាស់​ភ្លាមចូលទៅ​ជ្រកនៅផលិតកម្មថ្មីភ្លែតតែម្ដង តែសោភា វិញធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថា”សម័យនេះ​ទៅហើយទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែល្បីដែរ” ។ទស្សនៈរបស់សុខសោភា នេះ​មានន័យថានាងអាចផលិតបទចម្រៀងបានដោយខ្លួនឯងបាន ដោយមិនចាំបាច់ទាល់តែ​ចូលផលិតកម្ម គេ​ទម្លាក់​បទឲ្យច្រៀងនោះទេ ។

 តើការយល់ឃើញរបស់មាស សុខសោភា បែបនេះជាការត្រឹមត្រូវទៅតាម​សម័យ​Di​gital បច្ចុប្បន្ននេះ​ឬមួយ​ក៍គំនិតរបស់នាងមិនស្របចំពោះតារាល្បីៗផ្សេងទៀតទេ ?

អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមាន​យើងតាម​ទូរ​ស័ព្ទ​កាលពីថ្ងៃទី១២ ខែធ្នូ ថាការលើកឡើងរបស់មាស សុខសោភា មិនខុសនោះទេ ព្រោះ​សម័យនេះទៅហើយគេអាច​ផលិត​បទចម្រៀង​ដោយខ្លួនឯង ចេញបទចម្រៀងនៅផេករបស់​គេបាន។ប៉ុន្ដែលោកនូ ស៊ឹប ថាការរក្សារបានភាពល្បី​ល្បាញ​តាម​រយៈការធ្វើដោយខ្លួន​ឯងនេះ​ទាល់តែយើងមានសម្ភារៈៗប្រើហើយបទចម្រៀងចេញ​ទៅមានគុណភាពដែរ​ទើប​ទៅរួច ព្រោះ​​​​​ថា​ស​ម័យនេះមនុស្សគិតទៅលើចំនួនមនុស្សចូលមើលច្រើន(Views) ។

 គេកត់សម្គាល់ថារយៈពេល១២ខែនេះមាស សុខសោភា ដែលមិនជ្រកក្រោមផលិត​កម្មណានោះនាងនៅ​បន្ដ​ចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីធំៗជាបន្ដបន្ទាប់ដែលបញ្ជាក់ថាទីផ្សារសិល្បៈរបស់នាងនៅតែល្អមិនធ្លាក់ចុះក្រោយអត់ផលិតកម្មច្រៀងឡើយ។មិនត្រឹមតែប៉ុណ្ណោះសុខសោភា ថែមទាំងត្រូវបានប៉ាន់ថតស្ពតមួយ​ចំនួន​ទៀតផង​បើទោះជាថ្មីៗនេះនាង​បាន​ឃោសនាដបស្រាឲ្យក្រុមហ៊ុនមួយហើយធ្វើឲ្យអ្នកជំនាញកសិកម្មលោកនី ណាក់ រិះគន់​លើនាងថាមិនសាកសមជាតារាល្បីក្ដី ប៉ុន្ដែបងប្រុសនាងលោកមាស សុខរតនៈ បានអះអាង​ថា​គ្មានអ្វីចម្លែកទេ ព្រោះនោះជាការរកចំណូលរបស់តារាបន្ថែមពីលើការច្រៀងសម្ដែង តែបើ​ផលិតផលនោះ​ខុស​ច្បាប់ឬជាគ្រឿងញៀននោះប្អូនស្រីរបស់លោកក៍មិនថតផ្សព្វផ្សាយឲ្យដែរ ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាមាស សុខសោភា អាចរក្សារទីផ្សារបាន​នាពេល​នេះមិនមែនដោយ​សារតែ​នាងមានបទចម្រៀងថ្មីៗវាយលុកទីផ្សារនោះទេ ប៉ុន្ដែជាការរក្សារ​ក្រេ​ឌីតល្បីពីមុនមកហើយ អីចឹងទោះជានាង​ច្រៀងបទចាស់ៗឡើងវិញ​ក៍គេនៅតែមានការគាំ​ទ្រដែរ ។តែបើសុខសោភា គ្មានអ្វីថ្មីតទៅទៀតនោះ”រលក​ក្រោយ និងច្រានរលកមុន​”ជាមិន​ខាន​ ព្រោះតារាថ្មីៗក៍មានសម្ថភាពមិនធម្មតាដែរ។យ៉ាងណាសោភា ហាក់​បានត្រៀមចិត្ត​កាយ​រួចជាស្រេចទៅហើយ ព្រោះនាងធ្លាប់ចេញមុខអះអាងថាលើលោកនេះគ្មានអ្វីថិតថេឡើយ ដែលការវាចាបែបនេះមានន័យថាតំណែងកំពូលតារាចម្រៀងរបស់នាងក៍គ្មានសុវត្ថិភាពជាអមតៈដែរ ហេតុ​នេះហើយពេលវេលានាពេលខាងមុខគ្មានអ្នកណា​អាចមើលដឹងថាមានរឿង​អ្វី​កើតឡើងឡើយ។

 ក្រៅពីមាស សុខសោភា តារាដែលមានផលិតកម្មផ្ទាល់ខ្លួនមានដូចជាអ្នកនាងព្រំ រដ្ឋា ,ខាន់ ជេមស៍ និងហួរ សុផល ជាដើមតែភាគច្រើនតារាទាំងនោះមិនសូវកាក់កបឡើយ ដោយ​ខ្លះបិទផលិតកម្មកណ្ដាលទី និង​មួយ​ចំនួនទៀតហ៊ុំព័ទ្ធដោយបំណុលជាដើម។សម្រាប់​សុខ​សោភា វិញក្រោយអស់និស្ស័យជាមួយរាម នេះមាន​ផលិតកម្ម៣រងចាំត្រង​យកនាង​នោះគឺ​Galaxy ,ហង្សមាស និងថោន ។តែភាគរយខ្ពស់សោភា អាចទៅ​ជ្រក​នៅGalaxy ព្រោះថាបើ​នាង​លោ​តទៅទ្រនុំថ្មីចាយលុយធំនេះនាងនឹងមានតារាដៃគូប្រុស​ដែលសាកសមជាមួយ​នាង​បំផុត។ចំណែកFan របស់សុខសោភា វិញចង់ឃើញនាងរៀបការជាលើកទី៣ ដោយបើកចំហ ខណៈ​ដែលសោភា នៅរក្សារភាពស្ងាត់ស្ងៀមនឹងត្រៀមធ្វើពិធីខួបអាពាហ៍ ពិពាហ៍ គម្រប់​១៤​ឆ្នាំ នៅ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

ទស្សនិកជនរងចាំមើលថាតើមាស សុខសោភា នឹងចូលផលិតកម្មណានៅឆ្នាំ២០២៤ ?

RELATED ARTICLES