ភ្នំពេញ៖រយៈពេល១២ខែមកហើយដែលមាស សុខសោភា បានច្រៀងដោយគ្មានផលិតកម្មជំនួយ ពោលគឺតាំងពីនាងដើរចេញពីផលិតកម្មរាម កាលពីខែមករា ឆ្នាំ២០២៣ ម្លេះដែល មកដល់ពេលនេះសុខសោភា អត់ទាន់ទៅជ្រកនៅទ្រនុំថ្មី ហើយយូៗម្ដងនាងចេញបទចម្រៀ ងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax Music ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ។ការមិនប្រញ៉ាប់ស្វែងរកផ្ទះថ្មីរបស់សុខសោភា នាពេលនេះគឺនាងហាក់ដើរផ្ទុយទាំងស្រុងពីតារាលំដាប់ជូរមុខផ្សេងទៀតដូចជាលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ខេម និងសុគន្ធ និសា ជាដើមដែលពួកគេចេញពីផលិតកម្មចាស់ភ្លាមចូលទៅជ្រកនៅផលិតកម្មថ្មីភ្លែតតែម្ដង តែសោភា វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថា”សម័យនេះទៅហើយទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែល្បីដែរ” ។ទស្សនៈរបស់សុខសោភា នេះមានន័យថានាងអាចផលិតបទចម្រៀងបានដោយខ្លួនឯងបាន ដោយមិនចាំបាច់ទាល់តែចូលផលិតកម្ម គេទម្លាក់បទឲ្យច្រៀងនោះទេ ។
តើការយល់ឃើញរបស់មាស សុខសោភា បែបនេះជាការត្រឹមត្រូវទៅតាមសម័យDigital បច្ចុប្បន្ននេះឬមួយក៍គំនិតរបស់នាងមិនស្របចំពោះតារាល្បីៗផ្សេងទៀតទេ ?
អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែធ្នូ ថាការលើកឡើងរបស់មាស សុខសោភា មិនខុសនោះទេ ព្រោះសម័យនេះទៅហើយគេអាចផលិតបទចម្រៀងដោយខ្លួនឯង ចេញបទចម្រៀងនៅផេករបស់គេបាន។ប៉ុន្ដែលោកនូ ស៊ឹប ថាការរក្សារបានភាពល្បីល្បាញតាមរយៈការធ្វើដោយខ្លួនឯងនេះទាល់តែយើងមានសម្ភារៈៗប្រើហើយបទចម្រៀងចេញទៅមានគុណភាពដែរទើបទៅរួច ព្រោះថាសម័យនេះមនុស្សគិតទៅលើចំនួនមនុស្សចូលមើលច្រើន(Views) ។
គេកត់សម្គាល់ថារយៈពេល១២ខែនេះមាស សុខសោភា ដែលមិនជ្រកក្រោមផលិតកម្មណានោះនាងនៅបន្ដចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីធំៗជាបន្ដបន្ទាប់ដែលបញ្ជាក់ថាទីផ្សារសិល្បៈរបស់នាងនៅតែល្អមិនធ្លាក់ចុះក្រោយអត់ផលិតកម្មច្រៀងឡើយ។មិនត្រឹមតែប៉ុណ្ណោះសុខសោភា ថែមទាំងត្រូវបានប៉ាន់ថតស្ពតមួយចំនួនទៀតផងបើទោះជាថ្មីៗនេះនាងបានឃោសនាដបស្រាឲ្យក្រុមហ៊ុនមួយហើយធ្វើឲ្យអ្នកជំនាញកសិកម្មលោកនី ណាក់ រិះគន់លើនាងថាមិនសាកសមជាតារាល្បីក្ដី ប៉ុន្ដែបងប្រុសនាងលោកមាស សុខរតនៈ បានអះអាងថាគ្មានអ្វីចម្លែកទេ ព្រោះនោះជាការរកចំណូលរបស់តារាបន្ថែមពីលើការច្រៀងសម្ដែង តែបើផលិតផលនោះខុសច្បាប់ឬជាគ្រឿងញៀននោះប្អូនស្រីរបស់លោកក៍មិនថតផ្សព្វផ្សាយឲ្យដែរ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាមាស សុខសោភា អាចរក្សារទីផ្សារបាននាពេលនេះមិនមែនដោយសារតែនាងមានបទចម្រៀងថ្មីៗវាយលុកទីផ្សារនោះទេ ប៉ុន្ដែជាការរក្សារក្រេឌីតល្បីពីមុនមកហើយ អីចឹងទោះជានាងច្រៀងបទចាស់ៗឡើងវិញក៍គេនៅតែមានការគាំទ្រដែរ ។តែបើសុខសោភា គ្មានអ្វីថ្មីតទៅទៀតនោះ”រលកក្រោយ និងច្រានរលកមុន”ជាមិនខាន ព្រោះតារាថ្មីៗក៍មានសម្ថភាពមិនធម្មតាដែរ។យ៉ាងណាសោភា ហាក់បានត្រៀមចិត្តកាយរួចជាស្រេចទៅហើយ ព្រោះនាងធ្លាប់ចេញមុខអះអាងថាលើលោកនេះគ្មានអ្វីថិតថេឡើយ ដែលការវាចាបែបនេះមានន័យថាតំណែងកំពូលតារាចម្រៀងរបស់នាងក៍គ្មានសុវត្ថិភាពជាអមតៈដែរ ហេតុនេះហើយពេលវេលានាពេលខាងមុខគ្មានអ្នកណាអាចមើលដឹងថាមានរឿងអ្វីកើតឡើងឡើយ។
ក្រៅពីមាស សុខសោភា តារាដែលមានផលិតកម្មផ្ទាល់ខ្លួនមានដូចជាអ្នកនាងព្រំ រដ្ឋា ,ខាន់ ជេមស៍ និងហួរ សុផល ជាដើមតែភាគច្រើនតារាទាំងនោះមិនសូវកាក់កបឡើយ ដោយខ្លះបិទផលិតកម្មកណ្ដាលទី និងមួយចំនួនទៀតហ៊ុំព័ទ្ធដោយបំណុលជាដើម។សម្រាប់សុខសោភា វិញក្រោយអស់និស្ស័យជាមួយរាម នេះមានផលិតកម្ម៣រងចាំត្រងយកនាងនោះគឺGalaxy ,ហង្សមាស និងថោន ។តែភាគរយខ្ពស់សោភា អាចទៅជ្រកនៅGalaxy ព្រោះថាបើនាងលោតទៅទ្រនុំថ្មីចាយលុយធំនេះនាងនឹងមានតារាដៃគូប្រុសដែលសាកសមជាមួយនាងបំផុត។ចំណែកFan របស់សុខសោភា វិញចង់ឃើញនាងរៀបការជាលើកទី៣ ដោយបើកចំហ ខណៈដែលសោភា នៅរក្សារភាពស្ងាត់ស្ងៀមនឹងត្រៀមធ្វើពិធីខួបអាពាហ៍ ពិពាហ៍ គម្រប់១៤ឆ្នាំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។
ទស្សនិកជនរងចាំមើលថាតើមាស សុខសោភា នឹងចូលផលិតកម្មណានៅឆ្នាំ២០២៤ ?