ភ្នំពេញ ៖ ក្រុមកម្មករប្រមាណជាង ៧០នាក់ បានមកប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខការដ្ឋានខុនដូ មួយកន្លែង ដោយអះអាងថា ថៅកែរបស់ពួកគាត់ បានបើកប្រាក់ពលកម្ម មិនគ្រប់ចំនួន ឱ្យពួកគាត់ រយៈពេលជិត ២ឆ្នាំមកហើយ។

ការតវ៉ានេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចមុខអគារខុនដូ Vue Aston ស្ថិតនៅផ្លូវ៣៤៩ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីក្រុមកម្មករ បានអះអាងថា កម្មករប្រមាណ ៧០នាក់ជាងនេះ បានមកធ្វើការតវ៉ារឿង ថៅកែ បើកប្រាក់ពលកម្មមិនបានគ្រប់ចំនួន រយៈពេលជិត២ឆ្នាំមកហើយ ដោយទទួលបានតែ ២០ភាគរយប៉ុណ្ណោះ នៃប្រាក់ពលកម្ម ចំណែកប្រាក់ពលកម្មដែលនៅសេសសល់ ថៅកែសន្យាថានាងដោះស្រាយឲ្យ។ ពាក់ព័ន្ធនឹងបញ្ហានេះ គឺពួកគាត់មិនមែនទើបតែមកតវ៉ានោះទេ គឺកើតឡើងប្រហែលជា ៦ខែមកហើយ ប៉ុន្តែ ពេលពួកគាត់ចាប់ផ្តើមប្រមូលផ្តុំគ្នា ថៅកែក៏បានហៅមកបើកប្រាក់ពលកម្ម តែមិនបានគ្រប់ចំនួនដដែល។

ក្រុមកម្មករតវ៉ា បានបន្តថា មកដល់ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កម្មករបានមកប្រមូលផ្តុំគ្នាតវ៉ាម្តងទៀត ដើម្បី ទាមទារបើកប្រាក់ពលកម្មដែលថៅកែសន្យានឹងបើកឲ្យគ្រប់ចំនួន ប៉ុន្តែបែរជាមានការទាស់ពាក្យសម្តី និង ឈានដល់ការបង្កហិង្សាបន្តិចបន្តួចជាមួយជនជាតិចិន ដោយសារមូលហេតុក្រុមកម្មករ ខឹងនឹងជនជាតិចិន ម្នាក់ បានយកកូនកាំបិតទៅកាត់ខ្សែបដាចងបិទផ្លូវចូលអគារការដ្ឋានខុនដូ។

ក្រោយពីបានសម្របស្រួលបញ្ចប់វិវាទ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក អភិបាលរងខណ្ឌ លោកអធិការ តំណាងអធិការកិច្ចក្រសួងការងារ តំណាងកម្មករនិងតំណាងនិយោជក (ថៅកែ) បានឯកភាពគ្នាធ្វើការប្រជុំរកដោះណោះស្រាយបន្ត នៅវេលាម៉ោង ២រសៀល នៅសាលាខណ្ឌ ច្បារអំពៅ ម្តងទៀត៕

