ភ្នំពេញ៖មុននេះមានការសង្ស័យថាអ្នកនាងយុគ ចិន្ដា ក្ស័យធនទើបបិទតំណើរការភោជនីយដ្ឋានស្លឹកឈូក និងហាងកាត់ដេរអម នៅតាមបណ្ដោយផ្លូវប៉ាស័រ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដែលហាងបាយនោះអ្នកនាងទិញពីលោកព្រាប សុវត្ថិ ។ប៉ុន្ដែនៅថ្ងៃទី១២ ខែធ្នូ អ្នកនាងចិន្ដា បានបង្ហាញទីតាំងហាងថ្មីនៅមិនឆ្ងាយពីហាងចាស់ឡើយ ព្រមទាំងមានការរៀបចំយ៉ាងប្រណិតដោយដេគ័រគូឲ្យទាក់ទាញជាងហាងចាស់ទៅទៀត។តែអ្នកនាងចិន្ដា មិនប្រាប់ថាការបើកហាងថ្មីរក្សារឈ្មោះចាស់នោះប្រើទុនអស់ទឹកប្រាក់ប៉ុន្មានឡើយ ដោយនាងគ្រាន់តែអះអាងថាលក់ដាច់ណាស់ភ្ញៀវមកពេញៗហើយពេលថ្ងៃនិងល្ងាចទាល់តែកក់មុនបានមានកន្លែងអង្គុយ…។
ការបោះទុន១ប្រាវទៀតរបស់អ្នកនាងចិន្ដា នាពេលនេះបញ្ជាក់ថាការធ្វើជំនួញនៅតែជាជាជំហ៊ានទី១របស់នាងបើទោះជាបច្ចុប្បន្នវិបត្តិសេដ្ឋកិច្ចកំពុងវាយលុកក្ដី ប៉ុន្ដែនាងមិនរាថយឡើយ ខណៈដែលតាមព័តមានថានាងមានផ្ទះជួល និងធីធ្លីតម្លៃសែនដុល្លារនៅខេត្តកោះកុងនិងតំបន់មួយចំនួនទៀត។ដោយឡែកដំណឹងនាងគ្រោងនឹងរៀបការជាមួយម្ចាស់ស្នេហ៍ជាអ្នកជំនួញម្នាក់នោះក៍កាន់តែខិតចូលមកជិតដល់ផងដែរ ព្រោះបើគ្មានអ្វីប្រែប្រួលទេ អ្នកនាងចិន្ដា នឹងរៀបការនៅដើមឆ្នាំ២០២៤ ។នេះបើតាមជំនួយការរបស់អ្នកនាងចិន្ដា លោកជីមមី បានប្រាប់អ្នកយកព័តមានយើងនាពេលកន្លងមកថាតាមពិតពិធីការិនីជើងចាស់រូបនេះត្រូវរៀបការនៅខែមីនា ឆ្នាំ២០២៣ ប៉ុន្ដែដោយសារតែពេលនោះអ្នកនាងនៅតែកាន់ទុក្ខម្ដាយដែលទទួលមរណភាពនៅឡើយ ទើបជាហេតុធ្វើឲ្យនាងមិនអាចធ្វើកម្មវិធីសប្បាយៗបានទេគឺលើកពេលមកគិតគូរនៅឆ្នាំ២០២៤ ខាងមុខនេះវិញ។ទីប្រឹក្សាអ្នកនាងចិន្ដា រូបនេះថែមទាំងថារាល់ការរៀបចំទីតាំងអាគារប្រាពពិធី តុបតែផ្កាភ្ញី និងសម្អាងការជាដើមថ្ងៃមង្គលការអ្នកនាងចិន្ដា គឺលោកជាអ្នករៀបចំចាត់ចែងទាំងអស់ នៅពេលដែលកម្មវិធីពិសេសរបស់មេលោករូបនេះត្រូវបានកំណត់ជាក់លាក់។
គូរសម្គាល់ថាអ្នកនាងយុគ ចិន្ដា ត្រូវបានគេចាត់ទុកថាជាសេដ្ឋីនីម្នាក់ក្នុងពិភពសិល្បៈទោះជានាងមិនដែលទម្លាយពីទ្រព្យសម្បត្តិសរុបឲ្យគេបានដឹងដូចលោកព្រាប សុវត្ថិ ក្ដី ប៉ុន្ដែក្នុងចំណោមតារាស្រីដែលមានទ្រព្យសម្បត្តិច្រើននាពេលបច្ចុប្បន្នមានដូចជាអ្នកនាងគង់ សុជាតិ ,ខាត់ សុឃីម និងកែវ ស្រីនាង ជាដើមនោះអ្នកនាងចិន្ដា ស្ថិតនៅលំដាប់ជូរមុខគេ។ពិធីការិនីយុគ ចិន្ដា រក្សារបានភាពល្បីល្បាញរយៈពេលជាង២០ឆ្នាំទៅហើយគឺដូចគ្នាទៅនិងអ្នកនាងគង់ សុជាតិ ដែរ។ប៉ុន្ដែអ្នកនាងចិន្ដា មិនសូវជោគជ័យរឿងស្នេហាទេ ហើយរយៈពេលចុងក្រោយនេះនាងបានសម្រេចចិត្តជ្រើសគូស្នេហ៍ជាបុរសដែលមានវ័យចំណាស់ជាងខ្លួន បើទោះជាមានតារាខ្លះបានឲ្យយោបល់នាងថាគូរតែយកប្ដីក្មេងជាងខ្លួនឲ្យដូចគង់ សុជាតិ ឬទ្រី ដាណា ជាដើមក្ដី តែនាងមិនខ្ចីស្ដាប់ឡើយ។ចំពោះគម្រោងរៀបការរបស់អ្នកនាងចិន្ដា នៅឆ្នាំ២០២៤ នេះអាចគ្មានឧបស័គ្គសម្រាប់នាងទៀតទេ ហើយអ្វីដែលពិសេសនោះនាងថាចង់រៀបការនៅពេលកូនស្រីនាង”ស្រីអម”ពេញវ័យក្រមុំដើម្បីបានធ្វើជាអ្នកកំដឲ្យម្ដាយផ្ទាល់តែម្ដងនោះពេលនោះកញ្ញាយុគ ដាពេជ្រ ហៅស្រីអម នៅឆ្នាំ២០២៤ ខាងមុខនេះពេញវ័យ១៩ឆ្នាំទៅហើយ។
ក្រៅពីអ្នកនាងយុគ ចិន្ដា តារាដែលបើកភោជនីយដ្ឋានមានដូចជាលោកព្រាប សុវត្ថិ ,សុគន្ធ និសា និងពេជ្រ សូលីកា ជាដើម ។ចំពោះអ្នកនាងចិន្ដា វិញឲ្យតែនាងព្រមរៀបការនៅឆ្នាំក្រោយនេះនោះមានន័យថាតារាមាត់ចាប មាត់ព្រាប ដែលធ្លាប់តែនិយាយដៀមដាមដាក់នាងថាជារៀមច្បង”ដែលជោគជ័យតែការងារសិល្បៈ និងជំនួញ ប៉ុន្ដែស្នេហាសូន្យ”នោះនឹងចាប់ផ្ដើមស្ងាត់ទៅវិញបន្ដិចម្ដងៗជាមិនខានឡើយ ។
សូមបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា មុនធ្លាយដំណឹងត្រៀមរៀបការនៅឆ្នាំ២០២៤ នាងបានពិសោធន៍ស្នេហ៍ជាមួយបុរសអ្នកជំនួញ៤ទៅ៥ឆ្នាំមកហើយ និងមិនដែលមានភាពរកាំរកូសគ្នាទេ ហើយតារាភាគច្រើនបានមើលឃើញថាអនាគតស្វាមីអ្នកនាងចិន្ដា មានភាពចាស់ទុំគំនិត និងស្របតាមនាងជានិច្ច ព្រមទាំស្រលាញ់កូនស្រីពិធីការិនីរូបនេះដូចជាកូនបង្កើតរបស់លោកដែរ។ ប្រភពបានឲ្យដឹងថាមុនរៀបការអ្នកនាងយុគ ចិន្ដា នឹងគូស្នេហ៍រស់នៅយ៉ាងមានក្ដីសុខនៅផ្ទះវីឡារយ៉ាងប្រណិតបុរីអង្គរភ្នំពេញ (គម្រោងទី២) សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ ៕