ខេត្តបន្ទាយមានជ័យ ៖ បុរសជាគ្រូបង្រៀនម្នាក់ ត្រូវបានជនដៃដល់ម្នាក់ ដែលរស់នៅជិតខាងគ្នាលបបាញ់នឹងចម្ពាមកៅស៊ូ ២គ្រាប់ តែមិនត្រូវ និងទាញដែកចុងស្រួចដេញចាក់ដល់ក្នុងផ្ទះចំនួន ២ដែក រួចវាយក្បាល បណ្តាលឱ្យបែកថែម១កន្លែងទៀត ដោយចោទប្រកាន់ថា ជនរងគ្រោះបាននិយាយមើលងាយខ្លួន។ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។
នគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ជនដៃដល់ដែលចាក់បុរសជាគ្រូបង្រៀន ចំនួន៣ដែកចុងស្រួច បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ាន សាវេត ហៅចំរ៉ុង ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ (ធ្លាប់មានជំងឺសរសៃប្រសាទ) រស់នៅភូមិស្រេះកើត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ចំណែកជនរងគ្រោះ មានឈ្មោះពិន ដារ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាគ្រូបង្រៀន មានលំនៅ ផ្ទះនៅក្បែរគ្នា។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅមើលទ្រុងជ្រូក ក្រោយផ្ទះ ចម្ងាយប្រមាណ ៣០ម៉ែត្រ ពេលនោះស្រាប់តែជនដៃដល់បានយកចំពាមកៅស៊ូបាញ់ ចំនួន២គ្រាប់ តែមិនត្រូវ ពេលនោះជនរងគ្រោះភ័យ ក៏រត់ចូលក្នុងផ្ទះ ស្រាប់តែជនដៃដល់ដេញតាមចាក់ជនរងគ្រោះនឹងដែកចុងស្រួច បណ្តាលឱ្យរងបួស ២កន្លែង (ត្រូវដើមដៃស្តាំ) រួចទាញដែកនោះវាយត្រូវក្បាលផ្នែកខាងក្រោយ បណ្តាលឱ្យរងរបួស១កន្លែងទៀត។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា រូបគេពិតជាបានយកដែកចុងស្រួចចាក់និងវាយជនរងគ្រោះប្រាកដមែន មូលហេតុដោយសារខឹងជនរងគ្រោះ កន្លងមកធ្លាប់និយាយមើលងាយខ្លួន។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕