ភ្នំពេញ ៖ បុរសជំនាញខ្វៃជ្រូកម្នាក់ ដែលជាអ្នកធ្វើការងារខ្វៃជ្រូក ឱ្យថៅកែឈ្មោះតាម៉ាប់ជ្រូកខ្វៃ បានដើរចុះកាំជណ្តើរមិនប្រយ័ត្ន បណ្តាលឱ្យរអិលជើងដួលបោកក្បាល ធ្លាក់ពីលើកាំជណ្តើរ រងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ ដែលជាថៅកែជ្រូកខ្វៃ បានឲ្យដឹងថា ជនរងគ្រោះ គឺជាអ្នកជំនាញខ្វៃជ្រូក មាន់និងទា ហើយគាត់បានឱ្យជនរងគ្រោះ មកជួយខ្វៃជ្រូក ឱ្យគាត់ តែទើបមកបាន ២ថ្ងៃប៉ុណ្ណោះ ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង។
បុរសជាថៅកែជ្រូកខ្វៃ បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅជាន់ឡៅតឿ ដើម្បីងូតទឹក តែភ្លេចយកសាប៊ូ ក៏ចុះមកយកវិញ ស្រាប់តែរអិលជើងធ្លាក់ពីលើកាំជណ្តើរ មកក្រោម បណ្តាលឱ្យរងរបួសបែកក្បាលតែម្តង។
ក្រោយកើតហេតុ បុរសជាថៅកែលក់ជ្រូកខ្វៃ បានទាក់ទងហៅរថយន្តសង្គ្រោះ ដើម្បីដឹកជនរងគ្រោះ យកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (ពេទ្យលោកសង្ឃ)៕