យុវតីវ័យក្មេងម្នាក់ ចេញពីស្រុកកំណើតមករងការងារធ្វើនៅក្រុងភ្នំពេញ ស្រាប់តែជួបអ្នករត់ម៉ូតូឌុបចិត្តព្រាននាំនាងទៅរំលោភរហូតបានសម្រេច២ដង ហើយទុកនាងចោលរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើកាលពីម៉ោង១១ព្រឹកថ្ងៃទី២៨ ខែមករា នៅផ្លូវបេតុងខាងកើតវត្តអង្គតាមិញ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យុវតីខាងលើមានឈ្មោះឆេង ស្រីម៉ៅ អាយុ១៧ឆ្នាំ ស្នាក់នៅស្រុកព្រៃកប្បាសខេត្តតាកែវ បានប្រាប់ថា មុនកើតហេតុនាងចេញពីស្រុកកំណើតគោលបំណងមកទីក្រុងភ្នំពេញ មករកការងារធ្វើដោយជិះរថយន្តឈ្នួលមកឈប់នៅក្បាលថ្នល់ ខណៈមកដល់ក៍ហៅម៉ូតូឌុបម៉ាកសង់កូរ៉េ ពណ៌ក្រហម ជិះក៏ត្រូវអ្នករត់ម៉ូតូឌុបបានប្រាប់ថា ជូនទៅរកការងារធ្វើក៍ឌុបនាងទៅចំណុចខាងលើដោយចូលទៅក្នុងដីឡូត៍ទំនេរ ហើយធ្វើសកម្មភាពបង្ខំចាប់នាងរំលោភបានសម្រេច២ដងព្រមទាំងគំរាមសម្លាប់ទៀតផង។ ក្រោយពីរំលោភនាងហើយជននោះ ក៍ឡើងម៉ូតូជិះគេចខ្លួនបាត់ដោយទុកនាងចោលក្នុងដីឡូត៍ខាងលើម្នាក់ឯង ទម្រាំនាងដើរមកផ្លូវចេញមករកគេជួយនាង។
បើតាមសំដីស្ត្រីម្នាក់ឈ្មោះឆាង សាមៀន អាយុ៣៦ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិគោក
ចំប៉ក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា មុនកើតហេតុខណៈដែលគាត់កំពុងលក់ដូរនៅផ្លូវបេតុងខាងលើ ស្រាប់តែឃើញយុវតីនេះ ដើរមកកន្លែងគាត់លក់ដូរដោយប្រាប់ថាសុំកៅអីអង្គុយមួយភ្លែត ក្រោយពីអង្គុយហើយមានបុរសម្នាក់មកសួរនាំយុវតីថា មកពីណាដែលពេលនោះ នាងប្រាប់ថាមកពីខេត្តតាកែវ មករកការងារធ្វើនៅទីក្រុង ហើយត្រូវបានម៉ូតូឌុបដឹកមកចោលក្នុងដីឡូត៍និងបានចាប់នាងរំលោភថែមទៀតផង។
ក្រោយពីសាកសួរ ហើយក៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យមកដឹកនាងយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាកទឹកថ្លាដើម្បីធ្វើការសាកសួរ។
តាមសំដីសមត្ថកិច្ចបានប្រាប់ថា ក្រោយពីយកមកសាកសួរនៅប៉ុស្តិ៍និងទទួលបណ្តឹងរួចរាល់សមត្ថកិច្ចមានការសង្ស័យបានដឹកនារីរងគ្រោះទៅពិនិត្យកន្លែងកើតហេតុនិងបញ្ជូននារីរងគ្រោះទៅធ្វើកោសល្យវិច័យ ទើបដឹងថាមិនមានករណីចាប់រំលោភទេ គ្រាន់តែជារឿងកហុកតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានឲ្យប្រាក់២០ដុល្លារធ្វើដំណើរទៅស្រុកកំណើតវិញ ៕