Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ៣ខ្នង ខូចខាតជាង ១ម៉ឺនដុល្លារ

ភ្លើងឆេះផ្ទះ៣ខ្នង ខូចខាតជាង ១ម៉ឺនដុល្លារ

ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី និងបង្កឱ្យខូចខាតអស់ទាំងស្រុង គិតជាទឹកប្រាក់ ប្រមាណជាង១ម៉ឺនដុល្លារ។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅ ចំណុចភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

ផ្ទះទាំង៣ខ្នងដែលរងការឆាបឆេះ រួមមាន ផ្ទះទី១-មានម្ចាស់ឈ្មោះសាយ គឹមសួរ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរប្រជា ការពារភូមិ នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ផ្ទះទី២-មានម្ចាស់ឈ្មោះឡូយ ហុក ភេទប្រុស អាយុ៦២ឆ្នាំ នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងផ្ទះទី៣-មានម្ចាស់ឈ្មោះហួត លី ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិទី៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ផ្ទះទាំងចំនួន៣ខ្នងខាងលើ សង់អំពី ឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងសរសរឈើដូចគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្លើងបានផ្តើមឆេះចេញ ពីផ្ទះរបស់ឈ្មោះសាយ គឹមសួរ រួចក៏រាលឆេះបន្តមកដល់ផ្ទះ ២ខ្នងទៀតដែលនៅជាប់គ្នានោះតែម្តង បង្កឱ្យរង ការខូចខាតអស់ទាំង ៣ខ្នងទាំងស្រុង។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញ ជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាម ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៧គ្រឿង ប្រើទឹក អស់ចំនួន ៩ឡាន ក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សរា ចំនួន២គ្រឿង ប្រើទឹកអស់ចំនួន ២រថយន្ត។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៦គ្រឿង ប្រើទឹកអស់ ៦រថយន្ត និង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង ប្រើអស់ទឹក ១រថយន្ត។

ករណីអគ្គិភ័យឆេះត្រូវបានគ្រប់គ្រងស្ថានការណ៍ទាំងស្រុង (ភ្លើងបានរលត់ទៅវិញ) នៅវេលាម៉ោង ៥និង ៣៧នាទីល្ងាចថ្ងៃដដែល។ ចំណែកមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ផ្តើមចេញពីផ្ទះឈ្មោះសាយ គឹមសួរ ។ ចំណែកទំហំនៃការខូចខាត អស់ទឹកប្រាក់ប្រមាណជាង ១ម៉ឺនដុល្លារ។ តែយ៉ាងណា ករណីនេះ មិនបង្កឱ្យ មនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

RELATED ARTICLES