ខេត្តពោធិ៍សាត់ ៖ រថភ្លើង ១ខ្សែ ដឹកកុងតឺន័រផ្ទុកទៅដោយស្រូវ អង្ករ ពេញៗកុងតឺន័រ លុះធ្វើដំណើរមកដល់ពាក់ កណ្តាលផ្លូវ ស្រាប់តែទូរថភ្លើងបានក្រឡាប់ បណ្តាលឱ្យកំពប់ស្រូវអង្ករ ៤ទូកុងតឺន័រ រាយប៉ាយពេញផ្លូវ។ហេតុការណ៍ក្រឡាប់ទូរថភ្លើងនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅត្រង់ ចំណុចជើងភ្នំក្បាលសៀម ស្ថិតនៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថភ្លើង ១ខ្សែ ដឹកទូកុងតឺន័រ ផ្ទុក ទៅដោយស្រូវនិងអង្ករ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែដាច់ ទូរថភ្លើង ជាកំណាត់ៗ បណ្តាលឱ្យធ្លាក់កុងតឺន័រ កំពប់ស្រូវ និងអង្ករ រាយប៉ាយពេញដីតែម្តង។
ប្រភពដដែល បន្តថា រថភ្លើង ១ខ្សែខាងលើនេះ ដឹកទូកុងតឺទ័រ ចំនួន២៣កុងតឺន័រ ហើយបានដាច់ទូកុងតឺន័រទី១០ បណ្តាលឱ្យទូកុងតឺន័រចំនួន ៤ទូ ធ្លាក់ចេញពីរថភ្លើង និងកំពប់ស្រូវនិងអង្ករសម្រូប។
យ៉ាងណា នៅក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ហើយនៅពុំទាន់ ដឹងច្បាស់អំពីមូលហេតុនៅឡើយទេ៕