ភ្នំពេញ៖ព្រាប សុវត្ថិ និងមាស សុខសោភា ត្រូវបានគេចាត់ទុកថាជាកំពូលតារាចម្រៀងដូចគ្នា ប៉ុន្ដែលោកសុវត្ថិ បានគ្រងតំណែងមួយនេះរយៈពេល២៧ឆ្នាំ(១៩៩៧-២០២៤) មកហើយ ខណៈដែលសុខសោភា វិញទើបតែ១៦ឆ្នាំ(២០០៨-២០២៤) ទេ។គេកត់សម្គាល់ថានៅឆ្នាំ២០២៤ នេះព្រាប សុវត្ថិ និងមាស សុខសោភា បានដើរផ្លូវដូចគ្នាពោលគឺច្រៀងសម្ដែងតាមបណ្ដារConcerts ធំៗនូវបទល្បីចាស់ៗឡើងវិញ ព្រោះការជ្រកនៅផលិតកម្មថ្មីមិនទាន់មានបទដែលអាចល្បីជាងកាលច្រៀងនៅផលិតកម្មមុនឡើយ ។ប៉ុន្ដែសម្រាប់អ្នកគាំទ្រនៅតែស្គាល់បណ្ដារបទទាំងនោះច្បាស់ហើយពេលខ្លះមានការប្រែភ្លេងថ្មីធ្វើឲ្យរសជាតិបទទាំងនោះមានការប្លែករសជាតិថ្មីមួយបែបទៀត ។
បទចាស់ដែលព្រាប សុវត្ថិ និយមយកទៅច្រៀងនៅឆាកតន្ត្រីនារយៈពេលចុងក្រោយនេះមានដូចជាបទ”ចាំទឹកភ្នែកបងស្ងួតសិន “ …ខណៈដែលមាស សុខសោភា ច្នៃភ្លេងថ្មីបទ”ស្រលាញ់គេហួសព្រោះគេជាអ្នកមាន”,”ត្រឹម១នាទី” …។អ្នកជំនាញសិល្បៈបានលើកឡើងថាសិល្បៈគឺជាការកែច្នៃ ហេតុនេះព្រាប សុវត្ថិ ដែលបន្សល់បទចម្រៀងចំនួនជាង៣ពាន់បទនៅហង្សមាស ហេតុនេះគ្រាន់តែលោកកែខៃភ្លេងថ្មី ឬបច្ចេកទេសនៃការច្រៀងនឹងធ្វើឲ្យចម្រៀងទាំងនោះរស់រវើកម្ដងទៀត ។ចំណែកមាស សុខសោភា វិញក៍មិនខុសពីព្រាប សុវត្ថិ ដែរ ព្រោះនាងច្នៃបទល្បីៗជាច្រើនឆ្នាំមកហើយច្រៀងសារជាថ្មីនិងកាក់កប់កើបលុយនៅរដូវក្ដៅនេះគ្រប់ឆាកតន្រ្ដី។
គូរកត់សម្គាល់ថាព្រាប សុវត្ថិ បានចាកចេញពីហង្សមាសជាង៣ឆ្នាំមកហើយ ដែលចំនួនកុងត្រាលោកជាមួយGalaxy នៅសល់ជាង១ឆ្នាំទៀតទើបចប់ តែថៅកែចង់បន្ដកុងត្រាជាមួយលោក១០ឆ្នាំថែមទៀត ប៉ុន្ដែមិនទាន់មានសញ្ញា ពីលោកឧកញ៉ាវ័យ៤៩ឆ្នាំនេះឡើយ ។គេសង្កេតឃើញថាមិនមែនតែការច្រៀងConcerts នៅចុងក្រោយនេះទេ ដែលព្រាប សុវត្ថិ មិនច្រៀងបទថ្មីៗរបស់លោកភាគច្រើននោះ ប៉ុន្ដែការសម្ដែងនៅក្រៅស្រុកគឺដូចគ្នាដែលនេះបញ្ជាក់ថាលោកសុវត្ថិ បានដឹងខ្លួនច្បាស់ថាបទចម្រៀងរបស់លោកចាស់ៗមានការនិយមជាងបទថ្មីៗ។ចំណែកមាស សុខសោភា វិញបានដើរចេញពីរាម ជាង១ឆ្នាំច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនCamtrax Music ហើយយូៗទើបចេញបទថ្មីបានមួយ ដែលបទទាំងនោះគឺមិនទាន់មានល្បីខ្លាំងដូចបទចាស់ៗរបស់នាងទេ ហេតុនេះ ហើយបានជាគេឃើញនាងច្រៀងបទចាស់ៗច្រើនជាងបទថ្មីដូចលោកឧកញ៉ាស្នាយ ដែរ ។
មជ្ឈដ្ឋានមហាជនចង់ឃើញព្រាប សុវត្ថិ -មាស សុខសោភា ក្លាយទៅជាដៃគូចម្រៀង ព្រោះតារាទាំងពីរមានសម្ថភាពកំពូលដូចគ្នា ប៉ុន្ដែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាGalaxy មិនដែលទាក់ទងនាងម្ដងណាឡើយ ។ការអះអាងបែបនេះរបស់សោភា ធ្វើឲ្យលោកសុវត្ថិ គ្មានជម្រើសណាផ្សេងក្រៅពីបន្ដចាប់ដៃគូចម្រៀងជាមួយនាងតន់ ច័ន្ទសីម៉ា តែម្នាក់តទៅទៀតនោះទេ ព្រោះតាមព័តមានថាទោះជាGalaxy មានតារាប្រុសល្បីលំដាប់ជូរមុខនៅកណ្ដាប់ដៃក្ដី តែសោភា អត់ចាប់អារម្មណ៍ក្នុងការទៅចូលរួមឡើយ ។ចំពោះចំណុចដែលគ្មានសញ្ញាពីសោភា ទៅចាប់ដៃលោកឧកញ៉ាសុវត្ថិ នេះដោយសាតែនាងមានការស្ទាក់ស្ទើក្នុងចិត្តថាបើសិនជាទៅGalaxy តើរូបនាងស្ថិតក្នុងចំណោមតារាដែលគេប្រូម៉ូតលំដាប់ជូរមុខឬអត់ ?ចំណុចពិសេស១ទៀតសុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់ធ្វើការដោយគ្មានកុងត្រា សេរីភាពពេញលេញដែលមានន័យថានាងមិនចង់ចុះកុងត្រាជាមួយផលិតកម្មណាមានរយៈពេលយូឆ្នាំដូចត្រូវគេចងជើងឡើយ ។សុខសសោភា ថែមទាំងនិយាយថាសម័យនេះទៅហើយទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែល្បីដែរ ។
ព្រាប សុវត្ថិ នៅតែមិនទាន់មានតារាជើងថ្មីណាផ្ដួលលោកបានទេគិតត្រឹមឆ្នាំ២០២៤ នេះបើទោះជាលោកត្រូវបានអ្នកគាំទ្រខ្លះធ្វើពហិកា ដល់៣លើកព្រមានលែងស្ដាប់បទចម្រៀងលោក ក្រោយលោកសុវត្ថិ ទទួលបានដីចំនួន៣ហិកតា នៅបឹងតាមោគ ក្នុងខណ្ឌព្រែកព្នៅ តាមររយៈអនុក្រិតចុះហត្ថលេខាដោយអតីតនាយករដ្នមន្រ្ដី កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។យ៉ាងណាលោកសុវត្ថិ ហៅស្នាយ មិនរាថយពីឆាកតន្រ្ដីឡើយ ហើយលោកក្រោយទទួលបានគោរម្យងារជាឧកញ៉ាជាង២ឆ្នាំនេះលោកនៅតែបន្ដអាជីពចាស់ដដែល ។ចំពោះមាស សុសខោភា វិញគេជឿរថានៅឆ្នាំ២០២៤ នេះនាងអាចនឹងជ្រើសរើសទ្រនុំថ្មី១ក្នុងចំណោមផលិតកម្មទាំង៣ដែលចាំទទួលនាងគឺថោន ,Galaxy និងហង្សមាស ។សំណួរសួរថាតើនៅឆ្នាំ២០២៤ នេះសុខសោភា នឹងអាចក្លាយទៅជាដៃគូរបស់លោកសុវត្ថិ បានដែរឬទេ បន្ទាប់ពីសោភា បានខកខានជាច្រើនលើកច្រើនសារចូលហង្សមាសអំឡុងពេលដែលឧកញ៉ាស្នាយ មិនទាន់ដើរចេញនោះ ៕