Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពូកង់បីសម្បូរស្នេហ៍ មានប្រពន្ធ៣ វ៉ៃប្រពន្ធទី៣ ពកក្បាល ខឹងឈ្លោះប្រពន្ធទី១

ពូកង់បីសម្បូរស្នេហ៍ មានប្រពន្ធ៣ វ៉ៃប្រពន្ធទី៣ ពកក្បាល ខឹងឈ្លោះប្រពន្ធទី១

ភ្នំពេញ ៖ បុរសម្នាក់ មានមុខរបររត់ម៉ូតូកង់បី តែល្បីសម្បូរស្នេហ៍ មានប្រពន្ធដល់ទៅ ៣នាក់ លុះចុងក្រោយ ប្រពន្ធដើម និងប្រពន្ធចុង (ប្រពន្ធទី៣) បានឈ្លោះគ្នា រហូតឈានដល់ការប្រតាយប្រតប់គ្នា ហើយបុរសជាប្តី បានចូលឃាត់ តែប្រពន្ធទាំងពីរ មិនព្រមស្តាប់ ទើបធ្វើឱ្យបុរសជាប្តីខឹង ក៏វាយស្ត្រីជាប្រពន្ធទី៣ បណ្តាលឱ្យ ពកក្បាល ខៀវភ្នែក រួចរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ស្ត្រីជាប្រពន្ធចុង និងប្រពន្ធដើម ទាំង២នាក់ ដែលឈ្លោះគ្នានោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់ តែដឹងថាស្ត្រីស្លៀកឈុតពណ៌លឿង ជាប្រពន្ធដើម។ ចំណែកស្ត្រីជាប្រពន្ធចុង ស្លៀកខោពណ៌ខ្មៅ អាវយឺត ពណ៌ក្រហម និងពាក់ម៉ាសក៍ពណ៌ខ្មៅ។ រីឯបុរសជាប្តី ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា ប្រកបរបរជាអ្នករត់ម៉ូតូកង់បី។

តាមសម្តីស្ត្រីជាប្រពន្ធដើម បានរៀបរាប់ប្រាប់ថា គាត់និងប្តី បានចាប់ដៃគ្នាជាប្តីប្រពន្ធត្រឹមត្រូវតាមច្បាប់ ដោយបានរៀបអាពាហ៍ពិពាហ៍ ជិត១០ឆ្នាំមកហើយ បង្កើតបានកូនប្រុសស្រី ចំនួន២នាក់ ហើយគាត់បានដឹងថា ប្តីគាត់បានលួចទាក់ទងជាមួយស្ត្រីជាប្រពន្ធចុងនោះ រយៈពេលជិត៣ឆ្នាំមកហើយ។

ស្ត្រីជាប្រពន្ធដើម បន្តរៀបរាប់ថា ខណៈពេលប្តីគាត់កំពុងតែរស់នៅជាមួយគាត់ ស្ត្រីជាប្រពន្ធចុង តែងទូរស័ព្ទ មករកប្តីគាត់ជាញឹកញាប់ មិនឱ្យគាត់មានសេចក្តីសុខជាមួយក្រុមគ្រួសារឡើយ សូម្បីតែម៉ូតូកង់បីរបស់ប្តី ក៏ត្រូវ ស្ត្រីជាប្រពន្ធចុង ដាក់ប្រព័ន្ធជីភីអេស (GPS) តាមដានជាប់ថា ប្តីគាត់នៅទីណាខ្លះ?

ចំណែកស្ត្រីជាប្រពន្ធចុង បានទទួលស្គាល់ថា គាត់ពិតយកប្តីគេមែន ព្រោះប្តីនេះ គឺជាមនុស្សសម្បូរស្នេហ៍ ខិលខូចរឿងស្រីញីរាប់មិនអស់ទេ ហើយតាមគាត់ដឹង គាត់ជាប្រពន្ធទី៣ ទេ នៅមានប្រពន្ធទី២ និងស្រីស្នេហ៍ លួចលាក់ផ្សេងៗទៀត រាប់មិនអស់។

ស្ត្រីជាប្រពន្ធចុង បានបញ្ជាក់ថា មុនពេលកើតហេតុ គាត់និងប្រពន្ធដើម បានទាស់សម្តីគ្នា ស្រាប់តែបុរសជាប្តី បានចូលមកវាយគាត់ បណ្តាលឱ្យពកក្បាល និងរងរបួសភ្នែកតែម្តង ហើយកន្លងមក ប្តីនេះក៏ធ្លាប់ប្រើអំពើ ហិង្សាលើគាត់ ជាច្រើនលើកច្រើនសាដែរ តែគាត់មិនបានប្តឹងផ្តល់។

ដោយឡែក តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រី ២នាក់ ដែលគេដឹងថាម្នាក់ ជាប្រពន្ធដើម ម្នាក់ជាប្រពន្ធចុង (ប្រពន្ធទី៣) បានទាស់សម្តីគ្នា រហូតកើតមានការប្រតាយប្រតប់គ្នា ទើបបុរស ជាប្តី បានចូលមកឃាត់ តែប្រពន្ធទាំង២នាក់ មិនព្រមស្តាប់ ទើបបុរសជាប្តីខឹង ក៏វាយស្ត្រីជាប្រពន្ធចុង បណ្តាល ឱ្យរងរបួស ពកក្បាល ខៀវភ្នែកតែម្តង។ បន្ទាប់មក បុរសជាប្តី បានគេចខ្លួនបាត់ភ្លាមៗ។

ក្រោយពេលកើតហេតុ ភាគីស្ត្រីជាប្រពន្ធចុង បានត្រឡប់ទៅផ្ទះវិញ ដើម្បីរង់ចាំការដោះស្រាយគ្នាបន្តទៀតនៅ ពេលក្រោយ៕

RELATED ARTICLES