Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពិន័យអ្នកទុក ដាក់និងបញ្ចេញសំរាម មិនបានត្រឹមត្រូវ

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពិន័យអ្នកទុក ដាក់និងបញ្ចេញសំរាម មិនបានត្រឹមត្រូវ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពីការផាកពិន័យ ចំពោះការទុកដាក់សំរាម និងបញ្ចេញសំរាម មិនបានត្រឹមត្រូវតាមការណែនាំ ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤  ស្តីពីការផាកពិន័យចំពោះ អំពើល្មើសនឹងការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន រាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុងថា «រដ្ឋបាល រាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្មដ្ឋាន ស្ថាប័នរដ្ឋ និង ឯកជន រោងចក្រ សហគ្រាស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីណែនាំ លេខ ០២៥/២១ សណន.ស ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ ដែលបានណែនាំលម្អិតអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង ដូចខាងក្រោម ៖

១- សំរាម និងសំណល់រឹង មុននឹងបញ្ចេញ ត្រូវសម្រឹតទឹកចេញ ដាក់ចូលទៅក្នុងប្រព័ន្ធលូ ឱ្យបានត្រឹមត្រូវ។

២- ត្រូវញែកសំរាម សំណល់រឹង ជា ០២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែក ពីគ្នា ៖

– សំរាមសើម ៖ សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ៘ ត្រូវដាក់ នៅក្នុងថង់ពណ៌ខ្មៅ

– សំរាមស្ងួត ៖ ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទិក ហ្វូម ជ័រ ដែក កំប៉ុង ដប ៘ ត្រូវដាក់ក្នុងថង់ពណ៌ស។

៣- ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំ ជាមួយនឹងសំរាមសើម និងសំរាមសួត។

៤- ថង់សំរាម សំណល់រឹង ត្រូវចងមាត់ឱ្យបានជិតត្រឹមត្រូវ និងមិនត្រូវហែកឡើយ។

៥- ក្រុមតម្រូវ ៖ មានដូចជា ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អគារ ស្នាក់នៅ ភោជនីយដ្ឋាន កន្លែងកម្សាន្ត សាលារៀន មន្ទីរពេទ្យ លំនៅឋានក្នុងបុរី សហគ្រាស រោងចក្រ សិប្ប កម្ម អគារក្រសួង ស្ថាប័នរដ្ឋ ត្រូវមានកាតព្វកិច្ចដាក់ធុងសំរាម ដោយខ្លួនឯងជាចាំបាច់។

៦- ក្រុមលើកទឹកចិត្ត ៖ មានដូចជា វត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារ ក្រមួន ។ល។ អាចមាន ០២ ប្រភេទ ៖ ទី១ មានធុងសំរាមខ្លួនឯងស្រាប់ និងទី២ ធុងសំរាមដែលផ្តល់ឱ្យដោយ ប្រតិបត្តិករថ្មី ដែលអាចត្រូវបានរៀបចំដាក់ពង្រាយជាពិសេស នៅតាមតំបន់ផ្ទះល្វែងខ្ពស់ៗ។

៧- ត្រូវទុកដាក់សំរាម សំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់ (ទីតាំងទុក ដាក់សំរាម នឹងត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាម តាមការជាក់ស្តែង)។

៨- ហាមចោលសំរាម សំណល់រឹង នៅមាត់អណ្តូងលូ ប្រឡាយ តាមទីសាធារណៈ តាមអាងស្តុកទឹក និងហាមដុតសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ជាកំហិត។

៩- កម្មវិធីបញ្ចេញសំរាម សំណល់រឹង ៖

– ខណ្ឌកណ្តាលរាជធានី ចំនួន០៥ រួមមាន ៖ ខណ្ឌដូនពេញ ខណ្ឌចម្ការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ក្រុមហ៊ុន នឹងប្រមូលនិងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ ចាប់ពីម៉ោង ៩ ដល់ម៉ោង៥ ទៀបភ្លឺ។ ដូច្នេះ ម៉ោងបញ្ចេញសំរាម មាន ៣ម៉ោង គឺម៉ោង៦-៩យប់។ បញ្ចេញសំរាមខុសពីម៉ោងនេះ នឹង ទទួលការផាកពិន័យ។

– ខណ្ឌជាយរាជធានី ចំនួន០៩ រួមមានៈ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វា ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ក្រុមហ៊ុននឹងប្រមូលនិង ដឹកជញ្ជូន ដូចខាងក្រោម ៖

– ផ្លូវជាតិ ៖ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ វេលាម៉ោង ៩យប់ ដូច្នេះ ការបញ្ចេញសំរាម ត្រូវចាប់ផ្តើមចន្លោះពីម៉ោង៦យប់ រហូតដល់ម៉ោង៩យប់

– ផ្លូវធំ ៖ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ (ពេលថ្ងៃ វេលាម៉ោង ៨ព្រឹក ឬ ពេលយប់វេលាម៉ោង៩)

– ផ្លូវរណប ៖ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ ០២ថ្ងៃ/១ម្តង (ពេលថ្ងៃ វេលាម៉ោង ៨ព្រឹក ឬពេលយប់វេលាម៉ោង៩)

បញ្ជាក់ ៖ ម៉ោងពេលបញ្ចេញសំរាម សំណល់រឹង នឹងត្រូវកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលតាមការជាក់ស្តែង។

សំរាម សំណល់រឹងស្ងួត ៖ ក្រុមហ៊ុននឹងប្រមូលនិងដឹកជញ្ជូន ២ដង/១សប្តាហ៍ គឺនៅរៀងរាល់ ថ្ងៃចន្ទ និងថ្ងៃសុក្រ។

១០- ក្នុងករណីខកខានមិនបានបញ្ចេញសំរាម សំណល់រឹង តាមម៉ោងពេលកំណត់ (ពេលថ្ងៃត្រឹមម៉ោង ៨ព្រឹក និងពេលយប់ ត្រឹមម៉ោង ៩យប់) ត្រូវរង់ចាំបញ្ចេញនៅវេនក្រោយ ហើយមិនត្រូវយកសំរាមនោះ មកទុកគ្មាន សណ្តាប់ធ្នាប់ឡើយ។

ទន្ទឹមនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងលេខ ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ និងសៀវភៅផ្នត់ណែនាំការអនុវត្តបន្ថែមតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់លេខសំគាល់ អតិថិជន ID (មានក្នុងវិក្កយបត្រអគ្គិសនី) ដើម្បីបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ប្រចាំខែនី មួយៗ យ៉ាងយូរត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរ ទូទាត់នៅ ធនាគារអេស៊ីលីដា ហត្ថា កាណាឌីយ៉ា ក.អ វឌ្ឍនៈ ប្រៃសណីយ៍កម្ពុជា ក.អ ABA, WING, AMK, FTB, Woori Bank, Prince Bank, Phillip Bank, BIC Bank, BRED Bank, MAYBank, PPCBank, LOLC, Shinhan Bank, CHIP MONG, ស្ថាបនា ប្រាសាក់ អម្រឹត ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា eMONEY, TrueMONEY, CoolCash, Tang Kung Pay, លីហួរ វេរលុយ ឬ PiPay។

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស និងបងប្អូនប្រជាពលរដ្ឋភាគច្រើន បានយកចិត្តទុកដាក់ក្នុងការអនុវត្ត សេចក្តីណែនាំខាង លើ ក៏ប៉ុន្តែនៅមានមួយចំនួនតូចទៀត នៅមិនទាន់បានយកចិត្ត ទុកដាក់អនុវត្តនៅឡើយ។

ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពតាមសេចក្តីណែនាំខាងលើនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដូចមានចែងក្នុងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់ គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រង់ជំពូកទី៧ ស្តីពី ទោសប្បញ្ញត្តិនៃអំពើល្មើសនានា ក្នុងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និងការបង់ប្រាក់ថ្លៃ សេវាប្រមូលសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ឬការផ្អាកការធ្វើអាជីវកម្ម ជាបណ្តោះអាសន្នតាមការចាំបាច់។

អាស្រ័យហេតុនេះ សូមម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្មដ្ឋាន ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស និង បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធ ភាពខ្ពស់»៕

RELATED ARTICLES