បន្ទាប់ពីស៊ុតបញ្ចូលទីបានមួយគ្រាប់តាមស្មើ ១-១ ជាមួយក្រុមម្ចាស់ផ្ទះ Betis កីឡាករ Luis Suarez បានហក់ឡើងមកឈរកំពូលតារាងអ្នកស៊ុតចូលទីច្រើនជាងគេបំផុត ដើម្បីឆ្ពោះទៅរកការដណ្ដើមពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប។
ខ្សែប្រយុទ្ធមកពីក្លឹប Barcelona រកបាន១៦គ្រាប់នៅក្របខ័ណ្ឌអេស្ប៉ាញព្រីមេរ៉ាលីហ្គា ស្មើគ្នាជាមួយនឹងកីឡាករ Bas Dost មកពីក្លឹបបាល់ទាត់ព័រទុយហ្គាល់ Lisbon និងបន្តស្មើជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Aubameyang របស់ក្លឹប Dortmund ក៏រកបាន១៦គ្រាប់ដូចគ្នាដែរ។
កាលពីសប្តាហ៍មុន Aubameyang គឺជាអ្នកនាំមុខគេក្នុងតារាង ក៏ប៉ុន្តែដោយសារជាប់កាតព្វកិច្ចជួយក្រុមជម្រើសជាតិហ្គាបុងប្រកួតពានរង្វាន់អាហ្រិកខាប់ ធ្វើឲ្យគេខកខានលេងជាច្រើនប្រកួតនៅក្នុងក្រុបខ័ណ្ឌ Bundesliga។
ក្រៅពីកីឡាករបីរូបខាងលើនេះនៅមានកីឡាករផ្សេងៗទៀតដែលរកគ្រាប់បាល់១៥គ្រាប់ស្មើគ្នា ដូចជាកីឡាករ៖ Dzeko ក្លឹប Roma ,Messi ក្លឹប Barcelona, Higuain ក្លឹប Juventus ,Diego Costa ក្លឹប Chelsea , Icardi ក្លឹប Inter និងកីឡាករ Sanchez ក្លឹប Arsenal ។
ដោយ៖ ហេង ដេត