Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រឌិតរឿងចោរប្លន់ ឲ្យប្រពន្ធអាណិត ប៉ូលិសចាប់ បញ្ជូនទៅតុលាការ

ប្រឌិតរឿងចោរប្លន់ ឲ្យប្រពន្ធអាណិត ប៉ូលិសចាប់ បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ ករណីបុរសម្នាក់ ដែលតូចចិត្តរឿងក្រុមគ្រួសារ ប្រពន្ធមិនសូវរវីរវល់ និងយល់ចិត្តខ្លួនជាប្តី ក៏បែក គំនិតប្រឌិតរឿងថាមានចោរប្លន់ម៉ូតូខ្លួន ក្នុងតំបន់បឹងកក់ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដើម្បីទាមទារ ចំណាប់អារម្មណ៍ពីក្រុមគ្រួសារ និងឲ្យប្រពន្ធអាណិត ទីបំផុតត្រូវបានសមត្ថកិច្ចសម្រេច កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

យោងតាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យ ដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម មានករណីប្លន់យកម៉ូតូនិងទូរស័ព្ទ នៅចំ ណុចបឹងកក់ ក្បែររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្ថិតក្នុង ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលា ម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ រួចមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយ ជំនាញនគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការស្រាវ ដោយអង្កេតរក ឃើញ ថា ករណីនេះមិនមែនជាករណីប្លន់យកម៉ូតូនិងទូរស័ព្ទនោះទេ តែជាករណីប្រឌិតព័ត៌មាន (បំប៉ោងព័ត៌មាន) ដើម្បីទាមទារការចាប់ចាប់អារម្មណ៍ និងមានភាពស្និទ្ធស្នាលឡើងវិញជាមួយប្រពន្ធ ដោយសារមួយរយៈ មាន ភាពមិនចុះសម្រុងនឹងគ្នា ទើបប្រឌិតរឿងយកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯង ពីក្រោយ របួសហូរឈាម ដើម្បី បំភ្លៃសភាពការណ៍ ជាករណីប្លន់យកម៉ូតូ និងទូរស័ព្ទតែម្តង។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានបន្តថា បុគ្គលឈ្មោះលី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បានប្រឌិត រឿងថា មានគេប្លន់ម៉ូតូរបស់ខ្លួន នៅចំណុចខាងលិចរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងបឹងកក់។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានបើកការ ស្រាវជ្រាវ រហូតដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក៏បានរកឃើញម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ក្នុងចំណតផ្ញើម៉ូតូ នៅសណ្ឋាគារភ្នំពេញ ក្នុងសង្កាត់ស្រះចក ។ បន្ទាប់ពីពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ទើបដឹងថា តាមពិតបុគ្គល ឈ្មោះលី រ៉ូហ្សា បានបើកម៉ូតូដឹកកូនស្រី យកមកផ្ញើដោយខ្លួនឯង នៅចំណតសណ្ឋាគារភ្នំពេញ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចហៅបុគ្គលឈ្មោះលី រ៉ូហ្សា ដែល ប្រឌិតរឿង ចូលខ្លួនមកសាកសួររួចហើយ ក៏សម្រេចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាម ផ្លូវច្បាប់ ដែលបង្កឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

គួររំលឹកថា កាលពីម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅចំណុចតាមផ្លូវផ្ទះសំណាក់ស្រែលាភ ក្នុងតំបន់បឹងកក់ ក្បែររដ្ឋាករទឹក ស្ថិតក្នុងភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបុរសម្នាក់ បានអះអាងថា ខណៈដែលគាត់កំពុងដឹកកូនស្រីតូច អាយុ១ខួបកន្លះ ដើរលេង ស្រាប់តែមានក្រុមចោរស្ទាក់វាយប្លន់ម៉ូតូនិងទូរស័ព្ទ ព្រមតាំងកាបូប រួចរត់ គេចខ្លួនបាត់ដោយសុវត្ថិភាព ដោយករណីនេះ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌដូនពេញ ចុះអន្តរាគមន៍ ស៊ើបអង្កេតស្រាវជ្រាវ ស្វែងរកមុខសញ្ញា  អស់១យប់ទល់ភ្លឺ ស្រាប់តែចុងក្រោយ បែរជាត្រូវបុរសរូបនោះ ឆ្លើយថា គ្រាន់តែជាការប្រឌិតទៅវិញ ដោយមូលហេតុមានវិបត្តិគ្រួសារ ដោយសារតែ ប្រពន្ធមិនសូវ យកចិត្តទុកដាក់លើគាត់ ទើបប្រឌិតរឿងនេះឡើង ដើម្បីឱ្យគ្រួសារ ពិសេសប្រពន្ធ មានការបារម្ភមកលើគាត់ និងយកចិត្តទុកដាក់លើគាត់វិញ។

តាមចម្លើយសារភាពរបស់បុរសខាងលើ របួសបែកក្បាលនោះ គឺគាត់បានយកក្រវិលកំប៉ុងភេសជ្ជៈ មកឆូត ក្បាលខ្លួនឯង រួចក៏បានខ្ចីទូរស័ព្ទសន្តិសុខ ទាក់ទងប្រាប់បងថ្លៃថា មានជនសង្ស័យប្លន់ម៉ូតូរបស់ខ្លួន និង បង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នៅទីតាំង កើតហេតុភ្លាមៗតែម្តង៕

RELATED ARTICLES