Friday, July 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះគូស្នេហ៍ថៃ លក់ថ្នាំញៀនលើដីខ្មែរ

វ៉ៃខ្នោះគូស្នេហ៍ថៃ លក់ថ្នាំញៀនលើដីខ្មែរ

ខេត្តបន្ទាយមានជ័យ ៖ គូស្នេហ៍ជាជនជាតិថៃ ១គូ ដែលជាមុខសញ្ញារក្សាទុក ចែកចាយ និងប្រើប្រាស់នូវ សារធាតុញៀន ដោយខុសច្បាប់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាង ថ្នាំញៀន ចំនួន ៣កញ្ចប់។

ការឃាត់ខ្លួនគូស្នេហ៍ជនជាតិថៃនេះ ធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅចំណុច មុខអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង២នាក់ ដែលត្រូវកម្លាំងជំនាញអាវុធហត្ថចាប់ឃាត់ខ្លួន ទី១-ឈ្មោះប៊ុនយ៉ាសាតា ប៉ូរ៉ាមេត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងទី២-ឈ្មោះយូស៊ីតា ឆាន់ថាជីនដា ហៅភីម ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ក្រោយឃាត់ខ្លួន កើតមានបញ្ហាសុខភាព កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ)។

ចំណែកវត្ថុតាងចាប់បាន រួមមាន គ្រឿងញៀនពណ៌ក្រហមរូបសេះ ចំនួន៣កញ្ចប់ ទម្ងន់៤១ក្រាម។ ម្សៅពណ៌ស ៤០៨បំពង់ ទម្ងន់ ៣៥៧,៣ក្រាម។ ម្សៅពណ៌ស ចំនួន៣កូនថង់កិប ទម្ងន់ ២,៤៦ក្រាម។ ជញ្ជីងថ្លឹង ចំនួន១គ្រឿង ។ ថង់វេចខ្ចប់ មួយចំនួន។ ទូរស័ព្ទដៃ ចំនួន ២គ្រឿង។ នាឡិកាដៃ ចំនួន២គ្រឿង។ កាបូប ចំនួន២។ លិខិតឆ្លង ដែន ចំនួន២ក្បាល និងឯកសារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា មុនឈានដល់ការបង្ក្រាបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មាន ពីសន្តិសុខថា មានករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវ សារធាតុញៀន ដោយខុសច្បាប់។ ភ្លាមៗលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុខាងលើ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ខាងលើ រួមនិងវត្ថុតាង ថ្នាំញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បី សាកសួរ។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ ប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានកសាងសំណុំ រឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បាន ឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅ សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES