Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃប៉ូលិសពកក្បាល១ ជាប់ខ្នោះ២

វ៉ៃប៉ូលិសពកក្បាល១ ជាប់ខ្នោះ២

ភ្នំពេញ ៖ កម្មករសំណង់ចំនួន ២ក្រុម ធ្វើការក្នុងការដ្ឋានជាមួយគ្នា បានកើតមានជម្លោះពាក្យសម្តី និងឈាន ដល់អំពើហិង្សា ចេញមកវាយតប់គ្នាពេញមុខការដ្ឋានសំណង់ លុះសមត្ថកិច្ចចុះអន្តរាគមន៍ ស្រាប់តែត្រូវភាគី ម្ខាង បានវាយទាំងសមត្ថកិច្ច បណ្តាលឱ្យពកក្បាលម្នាក់ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ២នាក់។ករណីអំពើហិង្សានេះ បានកើតឡើង កាលវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចសំណង់ការដ្ឋានណាហ្គាវើល៣ តាមផ្លូវសុធារស ស្ថិតក្នុងភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ជនរងគ្រោះ មានឈ្មោះឡាង ប៊ុនរិទ្ធ មុខរបរនាយរងប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ នៃអធិការដ្ឋាននគរ បាលខណ្ឌចម្ការមន ស្នាក់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ ចំណែកជនបង្កហេតុទាំង២នាក់ ដែលត្រូវ បានឃាត់ខ្លួន ទី១-ឈ្មោះឃុន ស៊ីណា អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី២-ឈ្មោះទូច ស៊ីចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិអង្គ សង្កាត់កន្ទោ ខណ្ឌកំបូល និងមានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពបុរសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់កំពុងតែអង្គុយនៅ ប៉ុស្តិ៍ប្រ ចាំការ ស្រាប់តែទទួលបានព័ត៌មានថា មានករណីទំនាស់វាយតប់គ្នានៅលើដងផ្លូវ ពេលនោះគាត់ក៏ ចេញទៅអន្តរាគមន៍ភ្លាមៗ ស្រាប់តែត្រូវបុរសឈ្មោះឃុន ស៊ីណា និងបក្ខពួកម្នាក់ទៀត ឈ្មោះទូច ស៊ីចាន់ បានយកដំបងរលាស់ (ដែក) វាយមកលើរូបគាត់ជាកងកម្លាំង បណ្តាលឱ្យរងរបួសពកក្បាលតែម្តង។ ភ្លាមៗនោះ មានកងកម្លាំងអន្តរាគមន៍ខណ្ឌ ចុះមកជួយអន្តរាគមន៍ និងឃាត់ខ្លួនជនបង្កហេតុទាំង២នាក់ យកមកសាកសួរនៅប៉ុស្តិ៍។

សមត្ថកិច្ចបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ មុនកើតរឿង គឺជនសង្ស័យទាំង២នាក់ បានជួបជុំផឹកស៊ីនៅ ក្នុងការដ្ឋានកើតហេតុតាំង ម៉ោង២រសៀល រហូតមកដល់យប់កើតហេតុ ក៏កើតមានទំនាស់ពាក្យសម្តីជា មួយកម្មករសំណង់ដូចគ្នា បន្ទាប់មកក៏ត្រូវកម្មករផ្សេងទៀតដេញ ភាគីសងខាងឱ្យឈ្លោះ ឬវ៉ៃគ្នានៅខាងក្រៅ របងការដ្ឋាន កុំឱ្យប៉ះពាល់បរិយាកាសកំពុងសប្បាយ។

បន្ទាប់មក ភាគីទាំងសងខាង ក៏នាំគ្នាទៅដល់ខាងក្រៅការដ្ឋាន រួចបើកឆាកវាយតប់គ្នាពេញផ្លូវតែម្តង។ ភ្លាមនោះសមត្ថកិច្ចឃើញបែបនេះ ក៏ចុះអន្តរាគមន៍ ឃាត់បុរសម្នាក់ឈ្មោះឃុន ស៊ីណា ដែលដៃកាន់ដំបង ដែករលាស់ ប៉ុន្តែពេលចូលទៅដល់ ត្រូវបុរសនេះវាយមកលើសមត្ថកិច្ច ចំក្បាល ១ដំបង បណ្តាលពក ទើបកម្លាំងអន្តរាគមន៍ឃាត់ខ្លួនបុរស២នាក់ ដែលជាគូកនជាមួយគ្នា យកមកសាកសួរនៅប៉ុស្តិ៍តែម្តង។ ចំណែកភាគីម្ខាងទៀតដែលមានទំនាស់នឹងគ្នា បានរត់គេចបាត់អស់។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហិង្សាទាំង២នាក់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយ ត្រូវសមត្ថកិច្ចមែន ព្រោះច្រឡំស្មានតែភាគីទំនាស់ ដោយភ្លេចមើលឯកសណ្ឋានកងកម្លាំង។ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ដំបងដែករលាស់ ចំនួន១ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES