ភ្នំពេញ៖តារាកំប្លែងលោកជួង ជី ហៅនាយកុយ បានលេចមុខជាតួឯកក្នុងភាពយន្ដកំប្លែងបែបអប់រំរឿង”អ៊ំចន ម៉ែដោះ” របស់ផលិតកម្មដើមត្នោត(Palm Film) ដែលមានលោកឆាយ បូរ៉ា និងលោកឆាយ បូរ៉ាពី ជាអ្នកដឹកនាំ ត្រូវបានដាក់សម្ពោធនៅរោងភាពយន្ដMajor Cineplex By Smart ផ្សារអ៊ីអន១ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ហើយនឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តទៅ ។
នាយកុយ បានប្រាប់ថាលោកពិតជារីករាយដែលផលិតកម្មដើមត្នោតជ្រើសរើសយករូបលោកក្នុងភាពយន្ដខ្នាតធំ”អ៊ំចន ម៉ែដោះ” ហើយនេះជាលើកទី២សម្រាប់លោកដែលបានសម្ដែងភាពយន្ដខ្នាតធំបន្ទាប់ពីរឿង”កូនភ្លោះចម្លែក “ ។នាយថារឿងនេះបានលើកមុខមាត់លោកឡើងវិញថែមបន្ដិចទៀត ទោះជាលោកមានអាជីពជាតារាកំប្លែងមែន តែអាចសម្ដែងបានដោយថ្លៃថ្នូរទៅតាមអ្នកដឹកនាំរឿងចង់បាន។នាយកុយថារឿងនេះអ្នកនិពន្ធសរសេរតម្រូវតួអង្គនាយ ហេតុនេះហើយបានជាលោកទទួលការថតដោយគ្មានរារែកចិត្ត និងថែមទាំងបានទៅចាំអ្នកដឹកនាំរឿងមុនកក្រុមការងារចាប់ផ្ដើមថតទៀតផង។នាយកុយ មាននិយមន័យផ្ទាល់ខ្លួនថា”កុំឲ្យលុយចាំយើង យើងចាំយកលុយ”។
លោកឆាយ បូរ៉ា ជាចាងហ្វាង,អ្នកនិពន្ធ និងដឹកនាំរឿងផលិតកម្មដើមត្នោតបានឲ្យដឹងថារឿង”អ៊ំចន ម៉ែដោះ “គឺពិតជានិពន្ធឡើងតម្រូវទៅលើតួអង្គសំខាន់នាយកុយមែន ព្រោះតារាកំប្លែងស្រុកខ្មែរគ្មានអ្នកណាសាកសមជាងលោកជួង ជី ក្នុងភាពយន្ដមួយនេះទេ។រឿងនេះកំប្លែងបង្កប់ទៅដោយខ្លឹមសារអប់រំ សើចរហូតទឹកភ្នែក បំបាត់ទុក្ខព្រួយ ។រឿងនេះតួអង្គនាយកុយ នៅតែម្នាក់ឯងរយៈពេល៦៦ឆ្នាំ តែជីវិតចុងក្រោយគាត់ប្រាថ្នាមានកូនចៅ បើទោះជាមិនមែនសាច់សារលោហិតក៍ដោយ ហើយគាត់បានជួបគ្រួសារមួយមេម៉ាយកូន៥ត្រូវការម៉ែដោះ…តែគាត់ជាប្រុសទើបសុខចិត្តក្លែងខ្លួនធ្វើជាមនុស្សស្រីចាស់ពាក់សក់ដើម្បីចូលខ្លួនទៅគ្រួសារនោះ ហើយគាត់បានអប់រំគ្រួសារនោះបានល្អពីក្មេងរញ៉េរញ៉ៃទៅជាក្មេងយកពេលទៅរៀនរបាំខ្មែរ ចេះសិល្បៈ សម្អាតផ្ទះ នេះជាសារមួយប្រាប់ទៅមាតាបិតាថាកុំឲ្យក្មេងនៅទំនេរ ។
ក្រៅពីនាយកុយ ជាតួឯក រឿង”អ៊ំចន ម៉ែដោះ “មានតារាល្បីៗចូលរួមសម្ដែងជាច្រើនដួងទៀតដូចជាលោកទេព រិនដារ៉ូ និងឌី សូនីតា ជាដើម ។
លោកស៊ិន ច័ន្ទសាយ៉ា ទីប្រឹក្សារក្រសួងវប្បធ័មនិង វិចិត្រសិល្បៈ បានថ្លែងថាលោកសូមធានាថារឿង”អ៊ំចន ម៉ែដោះ “គឺជាខ្សែភាពយន្ដមួយដែលមានរសជាតិថ្មី កំប្លែងបែបមនោសញ្ចេតនា ហើយរឿងនេះនឹងបំពេញអារម្មណ៍ ចំណីអារម្មណ៍របស់ទស្សនិកពេញចិត្តជាមិនខាន។
សូមបញ្ជាក់ថាលោកឆាយ បូរ៉ា ធ្លាប់ជោគជ័យក្នុងការដឹកនាំសម្ដែងរឿង”ឃ្លាតទៅ សែនឆ្ងាយ “និងរឿង”លោកគ្រូសែនល្អ “ជាដើម ហេតុនេះហើយបានជាលោកនិពន្ធរឿង”អ៊ំចន ម៉ែដោះ”នេះឡើង នឹងជ្រើសនាយកុយជាតួឯកនោះលោកមានជំនឿរចិត្តខ្ពស់ថារឿងនេះនឹង មានទស្សនិកជនគាំទ្រច្រើនជាមិនខាន ។
គូររំលឹកថាលោកជួង ជី ហៅនាយកុយ កើតឆ្នាំ១៩៦០ បច្ចុប្បន្ននាយមានអាយុ៦៤ឆ្នាំ ដែលរស់នៅជាកូនកំព្រាឪពុកតាំងពីអាយុ៧ឆ្នាំ ព្រោះឪពុករបស់នាយលោកអាចារ្យជួង បានស្លាប់តាំងពីឆ្នាំ១៩៦៧ ។នាយកុយ ផ្ដាំដល់សិល្បករជំនាន់ក្រោយថា”លុយអាចរកបាន តែកិត្តិយសពិបាករកណាស់ “ ។នាយចង់ឲ្យទស្សនិកជនមកទស្សនារឿង”អ៊ំចន ម៉ែដោះ “ឲ្យបានច្រើនដែលរឿងនេះអាចទស្សនាជាលក្ខណៈគ្រួសារក៍បាន ដើម្បីលើកទឹកចិត្តដល់រូបលោកក៍ដូចជាផលិតករផងដែរ ៕