Monday, November 18, 2024
Homeតារាខ្មែរនាយកុយ ៖ ក្លាយជាតួឯក”អ៊ំចន ម៉ែដោះ”  

នាយកុយ ៖ ក្លាយជាតួឯក”អ៊ំចន ម៉ែដោះ”  

ភ្នំពេញ៖តារាកំប្លែងលោកជួង ជី ហៅនាយកុយ បានលេចមុខជាតួឯកក្នុងភាព​យន្ដកំប្លែង​បែប​អប់រំរឿង”អ៊ំចន ម៉ែដោះ” របស់ផលិតកម្មដើមត្នោត(Palm Film) ដែលមាន​លោកឆាយ បូរ៉ា និងលោកឆាយ បូរ៉ាពី ជាអ្នកដឹក​នាំ ត្រូវបានដាក់សម្ពោធនៅរោង​ភាព​យន្ដMajor Cineplex By Smart ផ្សារអ៊ីអន១ កាលពីល្ងាចថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤ ហើយ​នឹង​ដាក់​បញ្ចាំងជាផ្លូវការ​ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២៤ តទៅ ។

នាយកុយ បានប្រាប់ថាលោកពិតជារីករាយដែលផលិតកម្មដើមត្នោត​ជ្រើសរើសយក​រូបលោកក្នុងភាព​យន្ដខ្នាត​ធំ”អ៊ំចន ម៉ែដោះ” ហើយនេះជាលើកទី២សម្រាប់លោកដែលបាន​សម្ដែង​ភាពយន្ដខ្នាតធំបន្ទាប់ពីរឿង​”កូនភ្លោះ​ចម្លែក “ ។នាយថារឿងនេះបានលើកមុខមាត់​លោក​ឡើងវិញថែមបន្ដិចទៀត ទោះជាលោកមានអាជីព​ជាតារា​កំប្លែងមែន តែអាចសម្ដែង​បានដោយថ្លៃថ្នូរ​ទៅតាមអ្នកដឹកនាំរឿងចង់បាន។នាយកុយថារឿងនេះអ្នក​និពន្ធ​សរសេរ​តម្រូវ​តួអង្គនាយ ហេតុនេះហើយបានជាលោកទទួលការថតដោយគ្មានរារែកចិត្ត និងថែមទាំង​បាន​ទៅ​ចាំអ្នកដឹកនាំរឿងមុនកក្រុមការងារចាប់ផ្ដើមថតទៀតផង។នាយកុយ មាននិយម​ន័យ​ផ្ទាល់​ខ្លួនថា​”កុំឲ្យលុយ​ចាំយើង យើងចាំយកលុយ”។

  លោកឆាយ បូរ៉ា ជាចាងហ្វាង,អ្នកនិពន្ធ និងដឹកនាំរឿងផលិតកម្មដើមត្នោត​បានឲ្យ​ដឹង​ថារឿង”អ៊ំចន ម៉ែដោះ “គឺពិតជានិពន្ធឡើងតម្រូវទៅលើតួអង្គសំខាន់នាយកុយមែន ព្រោះតារា​កំប្លែងស្រុកខ្មែរគ្មានអ្នកណា​សាកសម​ជាងលោកជួង ជី ក្នុងភាពយន្ដមួយនេះទេ។​រឿង​នេះកំ​ប្លែង​​បង្កប់ទៅដោយខ្លឹមសារអប់រំ សើចរហូតទឹកភ្នែក បំបាត់ទុក្ខព្រួយ ។រឿងនេះតួអង្គ​នាយ​កុយ ​នៅ​តែម្នាក់ឯងរយៈពេល៦៦ឆ្នាំ តែជីវិតចុងក្រោយគាត់ប្រាថ្នាមាន​កូនចៅ បើទោះជាមិន​មែន​​សាច់សារលោហិតក៍ដោយ ហើយគាត់បានជួបគ្រួសារមួយមេម៉ាយកូន៥ត្រូវការម៉ែ​ដោះ…​តែគាត់ជាប្រុសទើបសុខចិត្តក្លែងខ្លួនធ្វើជាមនុស្សស្រី​ចាស់ពាក់សក់ដើម្បីចូល​ខ្លួន​ទៅគ្រួសារនោះ ហើយ​គាត់បានអប់រំគ្រួសារនោះបាន​ល្អពីក្មេងរញ៉េរញ៉ៃទៅជា​ក្មេងយកពេល​ទៅរៀនរបាំខ្មែរ ចេះសិល្បៈ សម្អាតផ្ទះ នេះជាសារមួយប្រាប់ទៅមាតាបិតាថាកុំឲ្យក្មេង​នៅទំ​នេរ ។

 ក្រៅពីនាយកុយ ជាតួឯក រឿង”អ៊ំចន ម៉ែដោះ “មានតារាល្បីៗចូលរួមសម្ដែងជា​ច្រើន​ដួង​​ទៀតដូចជា​លោក​​ទេព រិនដារ៉ូ និងឌី សូនីតា ជាដើម ។

 លោកស៊ិន ច័ន្ទសាយ៉ា  ទីប្រឹក្សារក្រសួងវប្បធ័មនិង វិចិត្រសិល្បៈ បានថ្លែងថា​លោក​សូមធានាថារឿង”អ៊ំចន ម៉ែដោះ “គឺជាខ្សែភាពយន្ដមួយដែលមានរសជាតិថ្មី កំប្លែង​បែប​មនោ​សញ្ចេតនា ហើយរឿងនេះនឹងបំពេញ​អារម្មណ៍ ចំណីអារម្មណ៍របស់ទស្សនិក​ពេញ​ចិត្តជាមិន​ខាន។

 សូមបញ្ជាក់ថាលោកឆាយ បូរ៉ា ធ្លាប់ជោគជ័យក្នុងការដឹកនាំសម្ដែងរឿង”ឃ្លាតទៅ សែនឆ្ងាយ “និងរឿង”លោក​​គ្រូសែនល្អ “ជាដើម ហេតុនេះហើយបានជាលោកនិពន្ធរឿង”អ៊ំចន ម៉ែដោះ”នេះឡើង នឹងជ្រើសនាយ​កុយជា​តួឯក​នោះលោកមានជំនឿរចិត្តខ្ពស់ថា​រឿងនេះនឹង​ មានទស្សនិកជនគាំទ្រច្រើនជាមិនខាន ។

 គូររំលឹកថាលោកជួង ជី ហៅនាយកុយ កើតឆ្នាំ១៩៦០ បច្ចុប្បន្ននាយមានអាយុ៦៤ឆ្នាំ ដែលរស់នៅជាកូន​កំព្រា​ឪពុកតាំងពីអាយុ៧ឆ្នាំ ព្រោះឪពុករបស់នាយលោកអាចារ្យជួង បាន​ស្លាប់តាំងពីឆ្នាំ១៩៦៧ ។នាយកុយ ផ្ដាំ​ដល់​សិល្បករជំនាន់ក្រោយថា”លុយអាចរកបាន តែកិត្តិ​យស​ពិបាករក​ណាស់ “ ។នាយចង់ឲ្យទស្សនិក​ជនមក​ទស្សនារឿង”អ៊ំចន ម៉ែដោះ “ឲ្យបាន​ច្រើនដែលរឿងនេះអាចទស្សនាជាលក្ខណៈគ្រួសារក៍បាន ដើម្បីលើក​ទឹកចិត្តដល់រូបលោក​ក៍ដូចជាផលិតករផងដែរ ៕

RELATED ARTICLES