Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជំនឿខ្វះបញ្ញា ជឿគ្រូមន្តអាគមអូមអាម ប្អូនថ្លៃ បោកស៊ីដាច់ ៣០ម៉ឺនដុល្លារ

 ជំនឿខ្វះបញ្ញា ជឿគ្រូមន្តអាគមអូមអាម ប្អូនថ្លៃ បោកស៊ីដាច់ ៣០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានលួងលោមបងថ្លៃស្រីរបស់ខ្លួន ដែលជឿលើជំនឿអរូបី ឱ្យកែប្រែវាសនា ដើម្បីរកស៊ី ឡើងដូចបុគ្គលជោគជ័យមួយចំនួន ដោយអះអាងថា បានស្គាល់ព្រះសង្ឃ១អង្គ ល្បីនិងពូកែខាងមន្តអាគមអូម អាម អាចកែវាសនាមនុស្ស  រួចក៏ប្រើល្បិចទាមទារមាសប្រាក់ ជាបន្តបន្ទាប់ ដើម្បីយកទៅដាក់តម្កល់កំណល់ “ជើងព្រះ” និងរៀបពិធីប្តូរវាសនា ដែលសរុបជាទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ តែដោយមិនឃើញបាន ផល ស្ត្រីរងគ្រោះជាបងថ្លៃ បានទាមទារមកវិញ បែរជាប្អូនថ្លៃអត់មានលុយឱ្យ ទីបំផុតជនរងគ្រាះប្តឹងកម្លាំង អាវុធហត្ថចាប់ឃាត់ខ្លួនប្អូនថ្លៃបោកប្រាស់ នាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពព័ត៌មានពីមន្ត្រីតុលាការ បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ បានលើកយកសំណុំរឿងឆបោក មួយករណី មកបើកសវនាការជាសាធារណៈ ដោយសវនាការនោះ ដឹកនាំដោយលោកហុក ពៅ ចៅក្រមជំនុំជម្រះ និងលោកស៊ីន រក្សា ព្រះរាជអាជអាជ្ញារង ជាតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

នៅចំពោះមុខអង្គសវនាការ មានជនជាប់ចោទឈ្មោះ ម៉ន សូលីដែត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាអាជីវករ អមដោយមេធាវីការពារក្តី។ រីឯដើមបណ្តឹងរដ្ឋប្បវេណី មានឈ្មោះវ៉ា សូលីដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអ្នក រកស៊ី (ដើមបណ្តឹង និងជនជាប់ចោទ ត្រូវជាបងប្អូនថ្លៃ)។

សវនាការ បានសាកសួរដេញដោលទៅលើជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី ដែលមានមេធាវីការ ពារក្តីរៀង ខ្លួនរហូតដល់ទីបញ្ចប់ ទើបចៅក្រមជំនុំជម្រះ បានលើកពេលប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ ទៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ ប៉ុន្តែអ្វីដែលសាធារណៈមានការចាប់អារម្មណ៍នៅក្នុងអង្គសវនាការនោះ គេពិនិត្យឃើញជនជាប់ចោទពាក់ព័ន្ធ ករណីឆបោក ដែលមានទំហំប្រាក់ជិតកន្លះលានដុល្លារ បែរជាបង្ហូរទឹកភ្នែក ទួញយំ ព្រមទាំងបានសំណូមពរ ឱ្យតុលាការដោះលែងរូបខ្លួនឱ្យនៅក្រៅឃុំ ដើម្បីមានឱកាសរកប្រាក់សងដើមបណ្តឹងវិញ។ ប៉ុន្តែសំណូមពរនេះ ត្រូវបានជនរងគ្រោះប្រឆាំងដាច់អហង្ការ មិនយល់ស្របឡើយ ដោយយោងទៅលើហេតុផលច្រើនយ៉ាង ដែល ជនជាប់ចោទមានល្បិចគេចវេះ តាំងពីមិនទាន់ត្រូវបានចាប់ខ្លួនមកម៉្លេះ។

ទាក់ទិននឹងអង្គហេតុក្នុងសំណុំរឿងឆបោក ដែលតុលាការបានលើកយកមកបើកសវនាការ ត្រូវបានគេដឹងថា ជនរងគ្រោះឈ្មោះវ៉ា សុលីដា និងជនជាប់ចោទឈ្មោះ ម៉ន សូលីដែត ត្រូវជាបងប្អូនថ្លៃ តាំងពីឆ្នាំ២០២០ បន្ទាប់ ពីឈ្មោះ ម៉ន សូលីដែត បានរៀបការជាមួយប្អូនប្រុសដើមបណ្តឹងមក ពួកគេបានស្នាក់នៅផ្ទះលេខ២៤បេ ផ្លូវ លេខ៩៩ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

អំឡុងពេលស្នាក់នៅជាមួយគ្នា ឈ្មោះម៉ន សូលីដែត តែងតែនិយាយពីរឿងអប្បិយជំនឿ ប្រាប់បងថ្លៃ ថាគាត់ (ដើមបណ្តឹង) ជាមនុស្សអភ័ព្វគូ និងរកស៊ីមិនសមប្រកប បើចង់កែប្រែវាសនា គេ (ជនជាប់ចោទ) ស្គាល់ព្រះ សង្ឃ ១អង្គ ឈ្មោះថុង រី (រស់ដោយធម៌) ដែលល្បី និងពូកែ គង់នៅវត្តព្រៃម្លូ ខេត្តតាកែវ។ មិនតែប៉ុណ្ណោះ ឈ្មោះ ម៉ន សូលីដែត តែងតែប្រើល្បិចអូសទាញជនរងគ្រោះ ឱ្យជឿជាក់លើខ្លួន ដោយប្រៀបធៀបទៅលើ បុគ្គលដែលរកស៊ីដោយជោគជ័យមួយចំនួននៅក្នុងស្រុកខ្មែរ គឺពួកគាត់សុទ្ធតែបានទៅរកព្រះសង្ឃអង្គនោះ ឱ្យជួយធ្វើមន្តអាគមអូមអាម ទើបរកស៊ីមានបានរហូតដល់សព្វថ្ងៃ។

ដោយមានការជឿលើអប្បិយជំនឿ ដោយខ្វះការពិចារណា និងទុកចិត្តទាំងស្រុងលើឈ្មោះ ម៉ន សូលីដែត ជាប្អូនថ្លៃផង ទើបជនរងគ្រោះបានយល់ព្រមឱ្យជួយទាក់ទងទៅព្រះសង្ឃអង្គនោះ ដើម្បីឱ្យជួយធ្វើកិច្ចកែប្រែ វាសនាឱ្យគាត់ ដើម្បីឱ្យរកស៊ីកាន់តែលូតលាស់មានបានទៅមុខទៀត។ ឈ្មោះម៉ន សូលីដែត បានប្រាប់ ជនរងគ្រោះទៀតថា រាល់ការទាក់ទងទៅជាមួយលោកសង្ឃ គឺរូបគេជាអ្នកទាក់ទងផ្ទាល់ ដោយហាមជនរង គ្រោះទាក់ទង ពោលគឺការងារចាត់ចែងអ្វីៗដែលទាក់ទងទៅជាមួយព្រះសង្ឃនោះ ឈ្មោះម៉ន សូលីដែត អនុវត្តផ្ទាល់។

បន្ទាប់មកទៀត ឈ្មោះម៉ន សូលីដែត បានប្រាប់ជនរងគ្រោះឱ្យវេរលុយតាមគណនី ABA ឈ្មោះ MORN SOLIDETH ជាបន្តបន្ទាប់ សរុបទឹកប្រាក់ ២០៧ ៥៧៩ដុល្លារ ដើម្បីយកទៅតម្កល់កំណល់ “ជើងព្រះ” មាស ចំនួន២ដុំ ទម្ងន់ ២០តម្លឹង ស្មើទឹកប្រាក់ ចំនួន ៤៧ ០០០ដុល្លារ សម្រាប់តម្កល់នៅក្នុងបន្ទប់សមាធិ និងតម្កល់ លុយសុទ្ធនៅក្រោមខ្នើយរបស់ខ្លួន (ម៉ន សូលីដែត) សម្រាប់ចម្លងដៃ (ចម្លងកិច្ចអប្បិយជំនឿ) លើទឹក ប្រាក់ចំនួន ៣៤ ៦០០ដុល្លារ។

តាមពាក្យបណ្តឹង បានបញ្ជាក់ទៀតថា ក្រោយមកទៀត ឈ្មោះ ម៉ន សូលីដែត តែងតែល្បួងលួង លោមជន រងគ្រោះឱ្យផ្តល់លុយបន្ថែម ប៉ុន្តែជនរងគ្រោះមានការសង្ស័យ និងអស់ជំនឿ ព្រោះនៅពេលដាក់លុយឱ្យម្តងៗ មិនដែលឃើញបានផលប្រយោជន៍មកវិញទេ ហើយជនរង គ្រោះ បានឈប់បន្តធ្វើកិច្ចនោះទៀត។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជនរងគ្រោះបានសុំដកលុយ និងមាសយកមកវិញ ពេលនោះឈ្មោះម៉ន សូលីដែត បានទៅ កាយយកមាសដែលកប់ក្នុងបន្ទប់សមាធិ ស្រាប់តែឃើញសុទ្ធតែមាសក្លែងក្លាយ យកមកប្រគល់ឱ្យជនរងគ្រោះ ឃើញដូច្នោះ ជនរងគ្រោះបានឆោឡោ ទើបឈ្មោះម៉ន សូលីដែត និយាយថា រូបគេជាអ្នកទទួលខុសត្រូវ។ លុះព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធ ហត្ថរាជធានីភ្នំ ពេញ ដើម្បីឱ្យជួយអន្តរាគមន៍ ឆែកឆេរលើឈ្មោះម៉ន សូលីដែត ស្រាប់តែឃើញលុយដុល្លារ និងមាសក្លែង ក្លាយទាំងអស់ ទើបសមត្ថកិច្ចនាំយកជនសង្ស័យទៅធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ហើយជនសង្ស័យត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស ចាប់ពី ពេលនោះតែម្តង៕

RELATED ARTICLES