Friday, July 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចោរ២នាក់ បាញ់ប៉ូលិសបាក់ជើង តុលាការ សម្រេចដាក់គុកព្រៃស

 ចោរ២នាក់ បាញ់ប៉ូលិសបាក់ជើង តុលាការ សម្រេចដាក់គុកព្រៃស

ភ្នំពេញ ៖ ក្រុមចោរ២នាក់ ដែលបាញ់ប្រហារលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ  អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ រងរបួសភ្លៅខាងឆ្វេង នៅសួនវត្តបុទុម ក្នុងប្រតិបត្តិការបង្ក្រាបករណីលួចកាច់កម៉ូតូ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ និងជាក្រុមចោរដែលធ្លាប់ធ្វើសកម្មភាពបានសម្រេចជាច្រើនលើក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌច្បារអំពៅ និងខណ្ឌចម្ការមន ដែលត្រូវសមត្ថកិច្ចនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បង្ក្រាបបាន បញ្ជូនទៅតុលា ការនោះ ត្រូវបានលោក ទីវ គឹមពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការ និងបង្គាប់ឱ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១)។

ជនត្រូវចោទទី១-ឈ្មោះប្រឹង សំណល់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់កង់បី ទីកន្លែងកំណើត ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឫស្សី កែវ រាជធានីភ្នំពេញ (ធ្លាប់ជាប់ពន្ធនាគារ ៣លើក) ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យ ពីបទលួចមានស្ថាន ទម្ងន់ទោស ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ បានឃើញដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះ អាសន្នលេខ ៨២៧១ (យ)ដពស ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំង សាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទនេះ ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់។

ដោយឡែកជនត្រូវចោទទី២-ឈ្មោះអួន សារឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែង កំណើត ភូមិដូនទង់ ឃុំប្រាសាទ ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅទីកន្លែងខាងលើ ត្រូវបាន ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំ ឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃ ក្រម ព្រហ្មទណ្ឌ និងបទប៉ុនប៉ងមនុស្សឃាត និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តទៅ នៅចំណុច ផ្លូវលេខ១២៥ កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា២៧ មាត្រា១៩៩ នៃក្រម ព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការ គ្រប់គ្រង អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ បានឃើញដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៨២៧០ (យ)ដពស ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២៩២៣ បង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទនេះ ទៅមណ្ឌល អប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

សូមរំលឹកថា មុនឈានដល់ការបង្ក្រាបជនសង្ស័យទាំង២នាក់ខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានថា មានករណីកាច់កម៉ូតូជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខណ្ឌចម្ការមន និងខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក Click ពណ៌ស ប្រដាប់ដោយអាវុធ ខ្លីមួយដើម។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើប្រាស់កម្លាំងជំនាញ ដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដើម្បីចុះល្បាតតាមភូមិសាស្ត្រខាងលើ រហូតដល់វេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញបានប្រទះឃើញមុខ សញ្ញា សង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាពកាច់កម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1JX-9143 ដែល ជនរងគ្រោះបានចតនៅមុខអគារ ម្តុំសួនច្បារវត្តបទុមវតី ផ្លូវលេខ២៤៦ កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ភ្លាមនោះសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ តែជនសង្ស័យបានដឹងខ្លួន ហើយដកអាវុធខ្លី ១ដើម ពណ៌ស ម៉ាក LLama Max-II បាញ់មកលើសមត្ថកិច្ច បណ្តាលឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ រងរបួសត្រង់ភ្លៅខាងឆ្វេង។ ក្រោយពីបាញ់អស់គ្រាប់ ជនសង្ស័យបានព្យាយាម រត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ២នាក់ខាងលើ និងដកហូតវត្ថុតាង រួមមាន ១-អាវុធម៉ាក LLama Max-II ១ដើម។ ២-ម៉ូតូម៉ាកហុងដា Click ពណ៌ស ១គ្រឿង ស្លាកលេខ ព្រៃវែង 1X-4127 (ម៉ូតូជនសង្ស័យ ជិះធ្វើសកម្មភាព)។ ៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX-9143 (ម៉ូតូជនរងគ្រោះ)។ ៤-ដែកអក្សរតេ ចំនួន១។ ៥-ដែកសំប៉ែត កាច់កម៉ូតូ ចំនួន៤។ ៦-កូនសោ មួយចំនួន និង៧-ស្លាកលេខម៉ូតូ ចំនួន៣សន្លឹក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីវេលាម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ពួកខ្លួនបានជិះម៉ូតូ Click ចេញពីវត្តសន្សំកុសល ដើម្បីដើររកលួចម៉ូតូ (កាច់កម៉ូតូ) ដែលគេចតតាម ផ្លូវសាធារណៈ។ រហូតដល់វេលាម៉ោងប្រហែល ៤និង៣០នាទីរសៀល ថ្ងៃដដែល ពួកខ្លួនបានជិះមកដល់ ម្តុំផ្សារទួលទំពូង បានឃើញម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ដែលគេចត ទុកមុខហាង ហើយឈ្មោះធី សំណល់ បានធ្វើសកម្មភាពយកដែកសំប៉ែតមុខស្រួច បុកទម្លុះបំបែកសោ កាច់កបានសម្រេច រួចជិះទៅលក់ឱ្យបុរសម្នាក់ នៅផ្លូវជាតិលេខ២ ម្តុំរង្វង់មូលកួរស្រូវ។ ពេលលក់បានហើយ ពួកខ្លួនក៏ជិះម៉ូតូចូលមកភ្នំពេញ វិញ ដើម្បីដើររកលួចបន្តទៀត រហូតដល់ម៉ោងប្រហែល ៨យប់ ថ្ងៃដដែល ពេលមកដល់ម្តុំសួនច្បារវត្តបទុម ក៏បានឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ដែលចតទុកចោលមុខ អគារមួយកន្លែង ហើយពួកខ្លួនបានដកអាវុធខ្លីដែលសៀតនៅចង្កេះ មកបញ្ចូលគ្រាប់ រួចដើរសំដៅទៅ រកម៉ូតូដែលគេចតទុកចោលនោះ។

ពេលកំពុងធ្វើសកម្មភាពកាច់កបានសម្រេចហើយ បម្រុងជិះគេចខ្លួន ក៏ឃើញមានសមត្ថកិច្ច ទៅដល់ ហើយ ពួកខ្លួនបានបាញ់តបតជាមួយសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស ពេលបាញ់អស់គ្រាប់ ក៏ត្រូវ បានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។ ចំពោះអាវុធខ្លី គឺពួកខ្លួនបាន មកពីឈ្មោះពៅ ដែលធ្លាប់ដើរលួច កាច់ កម៉ូតូជាមួយគ្នា ហើយឈ្មោះពៅ នេះគឺត្រូវបានប៉ូលិសបាញ់ស្លាប់ កាលពីកន្លះឆ្នាំមុន។

ក្រៅពីសកម្មភាពលួចកាច់ករម៉ូតូខាងលើនេះ ជនសង្ស័យធ្លាប់បានធ្វើសកម្មភាពលួច (កាច់កម៉ូតូ) បានសម្រេច ចំនួន៥លើកទៀត នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ១លើក ខណ្ឌដូនពេញ ១លើក ខណ្ឌច្បារអំពៅ ១លើក និងខណ្ឌចម្ការមន ២លើក ហើយម៉ូតូដែលលួចបាន គឺយកទៅលក់ឱ្យបុរសម្នាក់ នៅខេត្តតាកែវ៕

RELATED ARTICLES