ភ្នំពេញ៖អ្នកមេម៉ាយកូន១ភិន សុដាលីស រកបានគូស្នេហ៍ថ្មីតាមរយៈការភ្ជាប់ពាក្យកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជាមួយលោកហ៊ីង លាងហេង អាយុជាង៣០ឆ្នាំ ដែលធ្វើឲ្យដាលីស លែងរងាបេះដូងនិងឯកោទៀតហើយ ។ប្រភពបានឲ្យដឹងថាដាលីស និងគូដណ្ដឹងនឹងដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ២០២៤ នេះហើយ ព្រោះនាងមិនចង់ពន្យាពេលរៀបការច្រើនខែនោះទេ ដោយសារតែចង់លុបដានស្រមោលស្នេហាចាស់កាន់តែលឿនរឹតតែល្អ។
លោកអ៊ិន សុភិន បានប្រាប់អ្នកយកព័តមានយើងថាកូនស្រីរបស់លោកដាលីស នឹងត្រៀមចូលរោងការនៅ៣ខែបន្ទាប់ពីភ្ជាប់ពាក្យរួច ពោលគឺនៅអំឡុងខែមេសា ឆ្នាំ២០២៤ ។លោកសុភិន ថាអនាគតកូនប្រសាររបស់លោកមិនមែនជាអ្នកសិល្បៈនោះទេ គឺជាអ្នករកស៊ីម្នាក់ហើយពួកគេបានស្វែងយល់ចិត្តគ្នាច្បាស់លាស់ទើបឈានទៅភ្ជាប់ពាក្យកាលពីពេលថ្មីៗនេះ ។
ការសម្រេចចិត្តចូលរោងការរស់ភិន សុដាលីស នាពេលនេះបញ្ជាក់ពីស្នេហារបស់នាងមានភាពច្បាស់លាស់ បន្ទាប់ពីនាងបានធ្លាក់ខ្លួនមេម៉ាយអស់រយៈពេលជាង៧ឆ្នាំមកហើយ ក្រោយនាងចែកផ្លូវជាមួយអតីតសង្សារលោកប៉ែន ចំរ៉ុង កាលពីខែឧសភា ឆ្នាំ២០១៦ ទាំងចម្រូងចម្រាស។ព័តមានបានឲ្យដឹងថាដាលីស ពេញចិត្តអនាគតស្វាមីខ្លាំងព្រោះលោកលាងហេង ស្រលាញ់កូនស្រីនាង អាយុ៧ឆ្នាំ្ននោះចាត់ទុកដូចជាកូនស្រីបង្កើតរបស់លោកដែរ ។គូស្នេហ៍ថ្មីរបស់ដាលីស នេះក៍ត្រូវបានឪពុកម្ដាយរបស់នាងពេញចិត្តខ្លាំងដែរ ដែលខុសពីលោកចំរ៉ុង លោកសុភិន ប្រឆាំងដាច់ខាត តាំងពីពួកគេផ្ដើមស្នេហានាគ្រាដំបូងម្លេះ ។
គូររំលឹកថាភិន សុដាលី បានបរាជ័យស្នេហា២លើកមកហើយគឺនៅឆ្នាំ២០១៣ នាងបានផ្ដាច់ស្នេហ៍ជាមួយអតីតគូណ្ដឹងលោកប៉ែន តុលា និងនៅឆ្នាំ២០១៦ ប្រេះឆាជាមួយលោកប៉ែន ចំរ៉ុង ទៀតទើបធ្វើឲ្យនាងដកឃ្លាពីអាជីពសម្ដែងជាច្រើនឆ្នាំ។អ្វីដែលគូរឲ្យកត់សម្គាល់នោះអតីតគូស្នេហ៍របស់ដាលីស គឺសុទ្ធតែជាប្រុសរូបសង្ហារ ហើយពេលនេះគូដណ្ដឹងរបស់នាងលោកលាងហេង ក៍ជាប្រុសស្អាតមិនចាញ់តារាសម្ដែងនោះទេ ហេតុនេះហើយបានជាមិនអាចភ្ជាប់ពាក្យរួចពន្យាពេលរៀបការយូខែនាំតែទុកយូជូផ្អូម គឺត្រូវតែប្រញ៉ាប់រៀបការទៅតាមផែនការណ៍ឲ្យខាងតែបាន។
ក្រៅពីភិន សុដាលីស តារាដែលត្រៀមចូលរោងការនៅឆ្នាំ២០២៤ នេះមានដូចជាពេជ្រ សោភា ,ប៉ាច គីមមួយ ,អ៊ីវ៉ា និងម៉ានីកា ជាដើម ។សម្រាប់ដាលីស ក្រោយរៀបការប្ដីរួចនាងអាចនឹងដកខ្លួនពីអាជីពសម្ដែង ឬតំណែងជាតួឯករបស់នាងបានរបូត ព្រោះពេលនេះនាងនៅមិនទាន់សម្រកទម្ងន់បានបានដូចមុនមានកូននៅឡើយ ខណៈដែលឪពុកនាងលោកអ៊ិន សុភិន ក៍បានផ្ដល់ឱកាសជាតួឯកឲ្យតារានៅខាងក្រៅជំនួសកូនស្រីជាបណ្ដើរៗទៅហើយ ។
សូមបញ្ជាក់ថាភិន សុដាលីស ទោះជាចែកផ្លូវជាមួយលោកប៉ែន ចំរ៉ុង ជិត៨ឆ្នាំមែន ប៉ុន្ដែនាងនៅតែរក្សារជំហដ៍រឹងមាំដដែលនោះគឺមិនអនុញ្ញាត្តិឲ្យអតីតគូស្នេហ៍របស់លោក ចំរ៉ុង បានជួបមុខដោយផ្ទាល់កូនស្រីនាង នោះទេ ដែលនេះជាសញ្ញាមួយបញ្ជាក់ថានាងមានការឈឺចាប់ចំពោះស្នេហាមួយនេះគ្មានថ្ងៃបំភ្លេចបានឡើយ បើទោះជាពេលនេះរូបនាងនិងលោកចំរ៉ុង មានគូស្នេហាថ្មីដូចគ្នាក្ដី ។ប្រភពបានឲ្យដឹងថាមានពេលខ្លះដាលីស ទៅចូលរួមកម្មវិធីអ្នកសិល្បៈហើយជួបចំរ៉ុង ដោយចៃដន្យនោះក៍ពួកគេមិននិយាយរកគ្នាសូម្បីតែមួយម៉ាត់ ។ប៉ុន្ដែលោកចំរ៉ុង នៅតែប៉ងចង់ជួបកូនស្រីលោកផ្ទាល់ជានិច្ច ព្រោះ៧ឆ្នាំមកនេះលោកបានឃើញត្រឹមតែរូបថតប៉ុណ្ណោះ ។ប្រភពបានឲ្យដឹងថាលោកចំរ៉ុង ត្រូវបានមិត្តភក្ដិលើកទឹកចិត្តថានៅពេលដែលកូនស្រីរបស់លោកធំដឹងក្ដីប្រាកដជារូបគេទៅជួបឪពុកបានជាមិនខាន ហេតុនេះសូមកុំឲ្យលោកពិបាកចិត្តអី គិតតែពីប្រពន្ធកូនថ្មីទៅ ។
តារារួមអាជីពបានគាំទ្រចំពោះភិន សុដាលីស ដែលកំណត់ពេលចូលរោងការជាក់លាក់នៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ព្រោះពួកគេមិនចង់ឃើញនាងបរាជ័យស្នេហាជាលើកទី៣ ឡើយ ៕