ខេត្តតាកែវ ៖ ផ្ទះទិញលក់អេតចាយ មួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កជាអណ្តាតភ្លើងឆាបឆេះបំផ្លាញអស់ទាំងស្រុង។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះទិញលក់អេតចាយមួយកន្លែង ស្ថិតនៅខាងលិចសាលាស្រុកទ្រាំង ក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង។

ផ្ទះដែលរងការឆាបឆេះ ជាកម្មសិទ្ធិរបស់ឈ្មោះអ៊ី អ៊ ប្រកបរបរទិញលក់អេតចាយ និងមានលំនៅក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះលក់អេតចាយខាងលើ រួចកើតមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋ អ្នកជិតខាង ជួយបាញ់ទឹកពន្លត់ដែរ តែទប់ទល់មិន ឈ្នះ ទើបរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញអគ្គិភ័យភ្លាមៗ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ គេឃើញវត្តមានលោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ លោកអធិការ អធិការរងទទួលផ្នែកបង្ការនិងពន្លត់អគ្គិភ័យស្រុកទ្រាំង រួមនិងប្រជា ការពារឃុំព្រៃស្លឹក សហការជាមួយបងប្អូនប្រជាពលរដ្ឋ បានចូលរួមពន្លត់ភ្លើងយ៉ាងសស្រាក់សស្រាំ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង។ ប៉ុន្តែគួរឱ្យសោកស្តាយ ផ្ទះនិងសម្ភារៈអេតចាយ ត្រូវបានភ្លើងឆេះបំផ្លាញអស់ទាំងស្រុង។

សមត្ថកិច្ចបញ្ជាក់ថា ករណីអគ្គិភ័យខាងលើ កើតឡើងដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋណាម្នាក់ឡើយ៕