បញ្ហារថយន្ត
បញ្ហាប្រអប់លេខគឺស្ថិតក្នុងចំណោមបញ្ហាដ៏ធ្ងន់ធ្ងរបំផុតនិងចំណាយថវិកាច្រើនក្នុងការជួសជុល ហេតុដូច្នេះហើយនៅពេលដែលរថយន្តអ្នកចាប់ផ្តើមលេចចេញនូវសញ្ញាដែលបញ្ជក់ថាកំពុងជួបបញ្ហា លោកអ្នកគួរតែយករថយន្តទៅជួបជាងបច្ចេកទេសដើម្បីពិនិត្យ ។ខាងក្រោមនេះគឺជាមូលហេតុដែលនាំឲ្យរថយន្តលេខស្វ័យប្រវត្តិឬអូតូពិបាកបញ្ចូលលេខ៖
១/ ប្រេងប្រអប់លេខ
ពិនិត្យប្រេងប្រអប់លេខរថយន្តរបស់អ្នក ។ ប្រសិនជាប្រអប់លេខរថយន្តមានកម្រិតប្រេងតិចឬប្រេងមានអាយុកាលចាស់ខែឆ្នាំនិងមានពណ៌ខុសប្រក្រតីហើយនោះ វាគួរតែអាចនាំឲ្យកើតមានបញ្ហាលំបាកក្នុងការបញ្ចូលលេខជាមិនខាន ។ មួយវិញទៀតការលំបាកបញ្ចូលលេខនេះដែរអាចកើតឡើងដោយសារតែកង្វះខាតនៃជាតិរំអិលក្នុងប្រអប់លេខតែម្តង ។
២/ បញ្ហាសិនស័រ
រថយន្តទំនើបភាគច្រើនត្រូវបានបំពាក់មកជាមួយដោយសិនស័រដែលត្រូវបានគេកំណត់ទីតាំងដាក់ដោយឡែកក្នុងនោះក៏រាប់បញ្ចូលនៅពេលផ្លាស់ប្តូរតំណែងលេខជាដើម ។ ប្រសិនជាសិនស័រមិនកំពុងទទួលបាននូវសញ្ញាត្រឹមត្រូវទេនោះ វាអាចនាំឲ្យកើតមានបញ្ហាក្នុងការបញ្ចូលលេខក៏មានដែរ ។ លើសពីនេះបញ្ហាលំបាកបញ្ចូលលេខអាចបណ្តាលមកពីកម្រិតយឺតនៃប្រព័ន្ធប្រតិបត្តិការរបស់សិនស័រឬនៅពេលដែលសិនស័រកំពុងបញ្ជូនសញ្ញាខុសប្រក្រតីពីម៉ាស៊ីន ។ សិនស័រដែលមានល្បឿនដំណើរការខុសប្រក្រតីអាចជាបញ្ហាមួយដែលកំពុងបង្ហាញថារថយន្តអ្នកកំពុងរត់ក្នុងអត្រាល្បឿនកាន់តែយឺតឬកាន់តែលឿនជាងធម្មតារបស់វា ។
៣/ បញ្ហាសុញ្ញាកាស
បញ្ហាដែលកើតមានជាមួយនិងប្រព័ន្ធសុញ្ញាកាសលើប្រអប់លេខត្រូវបានគេទទួលស្គាល់ថាបណ្តាលឲ្យការបញ្ចូលលេខរថយន្តជួបការលំបាកផងដែរ ។ កត្តាស្ទះ កោងឬដំណើរញែកចេញពីគ្នានៃបណ្តាញសុញ្ញាកាសមានឥទ្ធិពលដល់សម្ពាធក្នុងប្រអប់លេខហើយថែមទាំងអាចបណ្តាលឲ្យការបញ្ចូលឬផ្លាស់ប្តូរតំណែងលេខមានសភាពតឹងពិបាកទៀតផង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា