អាល្លឺម៉ង់ ៖ ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ បានឱ្យដឹងកាលពីថ្ងៃទី២៨ មករា ឆ្នា២០២៤ ថា ក្លបឹ Bayern Munich បានចុះហត្ថលេខានាំយកខ្សែការពារ សាឆា បូអេយ៍ (Sacha Boey) ពីក្លបឹ Galatasaray ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៨។
អតីតកីឡាករជម្រើសជាតិបារាំង វ័យ២៣ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹប Galatasaray ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ក្នុងឆ្នាំ២០២១ ពី Stade Rennais។ គាត់បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ ក្នុងក្របខ័ណ្ឌ Champions League សម្រាប់ក្លឹប ក្នុងលទ្ធផលស្មើ 2–2 ទល់នឹងក្រុម Copenhagen នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ម្ចាស់ជើងឯកលីកកំពូលទួរគី Galatasaray បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Bayern Munich នឹងចំណាយប្រាក់ ៣០លានអឺរ៉ូ (៣២,៥៩លានដុល្លារ)។
លោកគ្រីស្តូហ្វ ហ្វ្រឺនដ៍ (Christoph Freund) នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich បាននិយាយថា “Sacha Boey គឺជាខ្សែការពារស្តាំរហ័ស និងរឹងមាំខ្លាំង ដែលដាក់ចម្ងាយច្រើនគីឡូម៉ែត្រ ក្នុងការប្រកួតនីមួយៗ ហើយមិនខ្មាសអៀនពីការប្រកួតមួយទល់នឹងមួយ។ គាត់នឹងពង្រឹងគុណភាពការពាររបស់យើង”។
ក្រុម Bayern Munich ដែលស្ថិតនៅលំដាប់ទី២ ក្នុង Bundesliga តាមពីក្រោយក្រុម Bayer Leverkusen បាននិងកំពុងជួបបញ្ហាជាមួយនឹងការកើនឡើងនៃការអវត្តមានកីឡាកររបួស រួមទាំងខ្សែការពារ ដាយ៉ុត យូប៉ាមេកាណូ (Dayot Upamecano) និង ខុនរ៉ាដ ឡៃមឺរ (Konrad Laimer) ដែលបានរងរបួស ក្នុងជ័យជម្នះពាក់កណ្តាលសប្តាហ៍របស់ពួកគេ លើ Union Berlin ហើយនឹងត្រូវអវត្តមានជាច្រើនសប្តាហ៍។
ខ្សែបម្រើការពារ ចូស្ហួ គីមមិច (Joshua Kimmich) ក៏រងរបួសក្នុងការប្រកួតនោះផងដែរ ខណៈដែលខ្សែការពារ គីម មីនចែ (Kim Min-jae) និង នូសស៊ែរ ម៉ាសរ៉ាអ៊ូយ (Noussair Mazraoui) កំពុងបំពេញកាតព្វកិច្ចអន្តរជាតិ ហើយខ្សែការពារស្តាំ ប៊ូណា សារ (Bouna Sarr) ក៏រងរបួស៕