ភ្នំពេញ ៖ យុវជនម្នាក់ រើសបានគ្រាប់មិនទាន់ផ្ទុះ ១គ្រាប់ ស្រាប់តែលីដើរយកទៅលក់អេតចាយ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ មានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យឃាត់ខ្លួនយុវជនរូបនោះភ្លាមៗ។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
យុវជនដែលលីគ្រាប់ផ្លោងដើរលក់អេតចាយ មានឈ្មោះវី រិន អាយុ២០ឆ្នាំ មានលំនៅ ភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ បានធ្វើដំណើរតាមដងផ្លូវ ដោយលីគ្រាប់ផ្លោង ១គ្រាប់ យកទៅលក់ឱ្យកន្លែងទិញ-លក់អេតចាយ ១កន្លែង ខណៈនោះប្រជាពលរដ្ឋ ក៏មានការភ័យខ្លាច ហើយអ្នកទិញអេតចាយ បានរាយការណ៍ ទៅសមត្ថកិច្ច និងអាជ្ញាធរសង្កាត់ ចុះទៅភ្លាម ហើយរាយការណ៍ប្រាប់មន្ត្រីស៊ីម៉ាក់ ដើម្បីចុះមកយកទៅកម្ទេចចោល។

តាមសម្តីយុវជនខាងលើ បានឱ្យដឹងថា គ្រាប់នោះ ខ្លួនរើសបាននៅច្រាំងទន្លេសាប មុខវត្តចាស់ ខណៈពេលដែលចុះងូតទន្លេសាប។ បន្ទាប់ពីរើសបានគ្រាប់ ក៏បានយកគ្រាប់នោះ ទៅឲ្យអ្នកទិញអេតចាយ ដើម្បីឲ្យរាយ ការណ៍ប្រាប់អង្គការស៊ីម៉ាក់ ឱ្យមកយក ក៏មានការភ្ញាក់ផ្អើលតែម្តង ។ ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋបានឲ្យដឹងថា យុវជនរូបនោះ មានសតិមិនសូវល្អនោះទេ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា គ្រាប់នោះ មិនទាន់ផ្ទុះ ជាប្រភេទគ្រាប់ផ្លោង ៨២មិល្លីម៉ែត្រ ដែលបន្សល់តាំងពីសម័យសង្គ្រាម ។ បន្ទាប់ពីភ្ញាក់ផ្អើល សមត្ថកិច្ចបានរាយការណ៍ជូនមន្ត្រីស៊ីម៉ាក់ ចុះយកទៅកម្ទេចចោល ៕

