ភ្នំពេញ ៖ ស្របពេលដែលសាលាឧទ្ធរណ៍ កំពុងបន្តនីតិវិធីលើបណ្តឹងទាស់របស់លោកកឹម សុខា ដោយបើកសវនាការជំនុំជម្រះ ១ខែ ២ដង លើសំណុំរឿងលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ (ជាប់ឃុំក្នុងផ្ទះ) និងហូតសិទ្ធិគ្រប់យ៉ាង ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ ជំនួយការនិងសហការីអតីតមេបក្សប្រឆាំងរូបនេះ បានលើកឡើងថា លោកកឹម សុខា បានលើកឡើងនៅក្នុងសវនការនៃសាលាឧទ្ធរណ៍ អំពីបញ្ហាសុខភាពរបស់លោក ដែលត្រូវការទទួលការត្រួតពិនិត្យសុខភាពនិងព្យាបាលជាបន្ទាន់ ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះ មិនបានឆ្លើយតបឡើយ។ ដូច្នេះតំណាងអយ្យការ ត្រូវទទួលខុសត្រូវចំពោះបញ្ហាសុខភាពរបស់លោកកឹម សុខា ចំពោះមុខច្បាប់ ព្រោះបញ្ហាសុខភាព ត្រូវការយកចិត្តទុកដាក់ជាបន្ទាន់ ដោយគ្មានការពន្យារពេល និងមិនត្រូវបង្អង់រង់ចាំការណែនាំពីថ្នាក់លើឡើយ ។
លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាជំនួយការផ្ទាល់លោកកឹម សុខា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “តំណាងអយ្យការ ទទួលខុសត្រូវចំពោះបញ្ហាសុខភាព! ការទទួលបានការព្យាបាលខាងវេជ្ជសាស្រ្ត គឺជា “សិទ្ធិរស់រាមានជីវិត!” ឯកឧត្តម កឹម សុខា មេដឹកនាំគណបក្សប្រឆាំងកម្ពុជា បានលើកឡើងនៅក្នុងសវនការនៃសាលាឧទ្ធរណ៍ អំពីបញ្ហាសុខភាពរបស់លោកដែលត្រូវការទទួលការត្រួតពិនិត្យសុខភាព និងព្យាបាលជាបន្ទាន់ ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះ មិនបានឆ្លើយតបឡើយ។
លោកមុត ចន្ថា បន្តថា “ដោយឡែកតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ ហាក់មិនបានឆ្លើយតបនៅឡើយ។ ឯកឧត្តម កឹម សុខា មានសិទ្ធិទទួលបាននូវការត្រួតពិនិត្យសុខភាពតាមវេជ្ជសាស្រ្ត ដោយក្រុមគ្រូពេទ្យជំនាញ និងសិទ្ធិទទួលបាននូវការព្យាបាលត្រឹមត្រូវ ទាន់ពេល និងប្រសិទ្ធភាព ។ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងរដ្ឋធម្មនុញ្ញ ចែងធានានូវសិទ្ធិនេះ ដោយចាត់ទុកថា សិទ្ធិទទួលបាននូវការព្យាបាល គឺជា “សិទ្ធិរស់រានមានជីវិត”។ តំណាងអយ្យការ នឹងត្រូវទទួលខុសត្រូវចំពោះបញ្ហាសុខភាពរបស់កឧត្តម កឹម សុខា ចំពោះមុខច្បាប់ ព្រោះបញ្ហាសុខភាព ត្រូវការយកចិត្តទុកដាក់ជាបន្ទាន់ ដោយគ្មានការពន្យារពេល និងមិនត្រូវបង្អង់រង់ចាំការណែនាំពីថ្នាក់លើឡើយ“ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៤ គឺជាសវនាការលើកទី២ របស់សាលាឧទ្ធរណ៍ លើសំណុំរឿងលោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ។ លទ្ធផលក្រោយពីតាមដានសវនាការ នាព្រឹកនោះ ក្រុមប្រឺក្សាជំនុំជម្រះ បានកណត់នីតិវិធីសួរដេញដោល ជា២វគ្គ ។ ក្នុងនោះ វគ្គទី១ ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១២ ក្នុងនាមអ្នកតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា ប្រធានមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា ។ វគ្គទី២ ចាប់ពីឆ្នាំ២០១២ ក្នុងអំឡុងពេលរួបរួមរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធមនុស្ស បង្កើតគណបក្សសង្គ្រោះជាតិ ហើយចូលរួមការបោះឆ្នោត ឆ្នាំ២០១៣ និង២០១៧ ។ សវនាការលើកទី២នេះ គឺចាប់ផ្តើមជជែកដេញដោលក្នុងវគ្គទី១ (ពីឆ្នាំ១៩៩៣-ឆ្នាំ២០១២) ។ សវនាការលើកទី៣ នឹងបន្តទៀត នៅថ្ងៃទី២២ ខែកុម្ភ: ២០២៤ ខាងមុខនេះ ។លោកម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រ ជាសហការីលោកកឹម សុខា ដែលបានចូលរួមតាមដានសវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងលោកកឹម សុខា លើកទី២ នាព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៤ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ចូលរួមស្តាប់ និងតាមដានសវនាការសាលាឧទ្ធរណ៍ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លើកទី២ នាព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៤។
លទ្ធផលក្រោយពីតាមដានសវនាការ នាព្រឹកនេះ ក្រុមប្រឹក្សាជំនុំជម្រះ បានកណត់នីតិវិធីសួរដេញដោល ជា២វគ្គ ៖
-វគ្គទី១ ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១២ ក្នុងនាមអ្នកតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
-វគ្គទី២ ចាប់ពីឆ្នាំ២០១២ ក្នុងអំឡុងពេលរួបរួមគណៈបក្សសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស បង្កើតគណបក្សសង្គ្រោះជាតិ ហើយចូលរួមការបោះឆ្នោត ឆ្នាំ២០១៣ និង២០១៧។
– សវនាការលើកទី២នេះ គឺចាប់ផ្តើមជជែកដេញដោលក្នុងវគ្គទី១ (ពីឆ្នាំ១៩៩៣-ឆ្នាំ២០១២)
– សវនាការនឹងបន្តទៀត នៅថ្ងៃ ២២ ខែកុម្ភ: ២០២៤ ។
ខ្ញុំយល់ឃើញថា ការទម្លាក់បទចោទ ឬការផ្តល់សិទ្ធិសេរីភាពជូនឯកឧត្តម កឹម សុខា តាមការសម្របសម្រួលនយោបាយ ដោយប្រើរូបមន្តឈ្នះៗ គឺជាមធ្យោបាយដ៏ល្អសម្រាប់អនាគតកម្ពុជា ដែលនឹងទទួលបានផលដូចជា :
១- សារសំខាន់នៃដង្ហើមសេដ្ឋកិច្ចកម្ពុជា
២- មុខមាត់ល្អរបស់រដ្ឋាភិបាល លើឆាកអន្តរជាតិ
៣- បង្ហាញពីគុណធម៌នយោបាយ និងសាមគ្គីរបស់ជាតិខ្មែរ
៤- បង្ហាញពីអ្នកនយោបាយខ្មែរ ចេះដោះស្រាយជម្លោះរវាងខ្មែរនិងខ្មែរ ដោយមិនពឹងលើបទេស ។ល។ …»៕