រាជធានីភ្នំពេញ ៖ បុរសម្នាក់ វ័យជាង ២០ឆ្នាំ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈជិះម៉ូតូ ឆ្លងស្តុបផ្លូវ ជា សុផារ៉ា មានរថយន្តមួយគ្រឿង បើកបុកពេញទំហឹង បណ្តាលឲ្យប្លោងទៅផ្ទប់បង្គោលភ្លើង ។

ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្តុប ជា សុផារ៉ា តាមបណ្តោយផ្លូវលេខ ៥៩៨ (ផ្លូវ ជា សុផារ៉ា) ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា គេបានឃើញបុរសវ័យជាង ២០ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ក្រចេះ 1D-9646 បើកបរតាមបណ្តោយផ្លូវលេខ ១៨០០ ខណៈមកដល់ចំណុចស្តុបកើតហេតុ មានរថយន្ត មួយគ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ឈាមជ្រូក ពាក់ស្លាក លេខ ភ្នំពេញ 2AS- 4450 កំពុងបើកតាមបណ្តោយផ្លូវលេខ ៥៩៨ ដែលទើបតែចេញពីហូបមង្គលការ បានជ្រុលទៅបុកម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសរងគ្រោះ ប្លោងទៅបោកក្បាលជាមួយបង្គោលភ្លើង ស្លាប់នៅនឹងកន្លែងតែម្តង ។ ភ្លាមៗ សមត្ថកិច្ចកម្លាំងអន្តរាគមន៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងល្បាតតាមផ្លូវលេខ ៥៩៨ ប្រទះឃើញហេតុការណ៍ បានធ្វើការប្រដេញរថយន្តបង្កហេតុ ឃាត់បាននៅក្បែរស្តុបកាំកូស៊ីធី ហើយសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តបង្ក ហេតុ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីសាកសួរ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ។ ចំណែកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

