សមុទ្រចិនខាងត្បូង៖ ចិនមានវត្តមានយ៉ាងច្រើនលើសលុបក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ដែលនាំឲ្យមានមតិមួយចំនួនលើកឡើងថាវាគឺយឺតពេលហើយក្នុងការបញ្ឈប់ការពង្រីកខ្លួនរបស់ចិនក្នុងតំបន់។
ឥរិយាបថយោធាចិនក្នុងសមុទ្រចិនខាងត្បូងស្ទើរតែមិនអាចធ្វើឲ្យរង្គោះរង្គើបានពោលគឺរឹងមាំដែលជំរុញឲ្យអតីតប្រមុខកងកម្លាំងការពារជាតិអូស្ត្រាលីលោក Sir Angus Houston បានកត់សម្គាល់ថាខ្ញុំបានមើលឃើញពីរូបភាពនេះ ក៏ដូចជាអ្វីដែលលោកអ្នកសង្កេតឃើញថាហេដ្ឋារចនាសម្ព័ន្ធកំពុងបន្តកសាងឡើង ហើយវានឹងមិនយូរពេកឡើយមុននិងតំបន់នោះត្រូវបានអភិវឌ្ឍន៍ពេញលេញ ។
លោកបានពន្យល់ថាក្នុងចំណោមនៃការអភិវឌ្ឍទាំងអស់នេះនឹងអាចជួយឲ្យចិនគ្រប់គ្រងឬត្រួតត្រានៅសមុទ្រចិនខាងត្បូងហើយថែមទាំងពង្រីកវត្តមានយោធាជាអចិន្ត្រៃយ៍របស់ខ្លួនបន្ថែមទៀតផង ។
លោក Houston បានបន្តថាវាគឺយឺតពេលពេកហើយក្នុងការបញ្ឈប់ផែនការណ៍របស់ចិនក្នុងសមុទ្រចិនខាងត្បូង ។ ការអះអាងយ៉ាងធំធេងរបស់ចិនក្នុងសមុទ្រចិនខាងត្បូងត្រូវបានគេធ្វើឲ្យបាត់បង់កិត្យានុភាពដោយតុលាការមជ្ឈិតកម្មអចិន្ត្រៃយ៍អន្តរជាតិក្នុងទីក្រុង Hague កាលពីឆ្នាំទៅ ។ រដ្ឋាភិបាលក្រុងប៉េកាំងបានទាត់ចោលនូវសេចក្តីសម្រេចរបស់តុលាការនេះហើយថែមទាំងបានបដិសេធមិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះទៀតផង ។
ចិនបានគ្រប់គ្រងប្រជុំកោះ Paracel កោះ Spratly និងកោះ Scarborough Shoal យ៉ាងរឹងមាំ ដែលជាចំណុចមុមបីជាយុទ្ធសាស្ត្រក្នុងសមុទ្រចិនខាងត្បូង ដោយការដាក់ពង្រាយយុទ្ធោបករណ៍យោធាដល់ប៉ុស្តិ៍ជួរមុខទៀតផង ។
ទីភ្នាក់ងារតម្លាភាពដែនសមុទ្រអាស៊ីចំណុះមជ្ឈមណ្ឌលសិក្សាអន្តរជាតិនិងយុទ្ធបានពិសោធន៍ ឃើញពីការដំឡើងសម្ភារៈយោធាលើបណ្តាកោះសិប្បនិម្មិតចំនួន៧របស់ចិនក្នុងប្រជុំកោះ Spratlys កាលពីខែធ្នូ ។ លើសពីនេះចិនបង្ហាញឲ្យឃើញពីការកសាងនូវសមត្ថភាពការពារខ្លួនដ៏មានសារសំខាន់ ដូចជាការរៀបចំនូវកងកាំភ្លើងបាញ់កំទេចយន្តហោះចម្បាំងទ្រង់ទ្រាយធំនិងប្រព័ន្ធទប់ស្កាត់សព្វាវុធសត្រូវនៅតាមប៉ុស្តិ៍ជួរមុខនីមួយៗរបស់ខ្លួនក្នុងប្រជុំកោះ Spratly ទៀតផង ។
ទោះជាយ៉ាងណាតាមរបាយការណ៍ក៏បានបង្ហាញឲ្យឃើញថាមានមីស៊ីលរាប់រយគ្រាប់កំពុងទន្ទឹងរង់ចាំការដាក់ពង្រាយនៅក្នុងសមុទ្រចិនខាងត្បូងទៀតផង ។ ម្យ៉ាងវិញទៀតចិនបានកែប្រែឬអភិវឌ្ឍន៍ឡើងនៅប៉ុស្តិ៍យោធាជួរមុខរបស់ខ្លួនដោយបញ្ចូលនាវាមុជទឹកទំនើបៗទៀតផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា