Thursday, January 23, 2025
Homeព័ត៌មានជាតិឈប់ពុលនឹងថ្ងៃ១៤កុម្ភៈ អ្នកវិភាគថា Valentine’s Day មិនមែនជាទិវាក្តីស្រឡាញ់ទេ

ឈប់ពុលនឹងថ្ងៃ១៤កុម្ភៈ អ្នកវិភាគថា Valentine’s Day មិនមែនជាទិវាក្តីស្រឡាញ់ទេ

ភ្នំពេញ ៖ អ្នកវិភាគបានលើកឡើងថា អត្ថន័យពិតប្រាកដនៃពាក្យ «Valentine’s Day» មិនមែនជាទិវាក្ដីស្រឡាញ់នោះទេ គឺជាទិវាគូស្នេហ៍ ឬគួសង្សារ ដែលជាវប្បធម៌របស់បស្ចិមប្រទេស ។ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរ ឈប់ពុលនឹងថ្ងៃ១៤កុម្ភៈ នេះទៀត ហើយបើអ្នកចង់បង្ហាញក្ដីស្រឡាញ់ចំពោះឪពុកម្ដាយ, បងប្អូន, គ្រូរបស់អ្នក សូមបង្ហាញក្ដីស្រឡាញ់ចំពោះពួកគាត់ នៅទិវាឪពុក, ទិវាម្ដាយ ទិវាបងស្រី-ប្អូនស្រី, ទិវាបងប្រុស-ប្អូនប្រុស និងទិវាគ្រូបង្រៀន…។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា “ឈប់បំពុលសង្គមខ្មែរ សូមឈប់ហៅ Valentine’s Day ថាជាទិវានៃក្ដីស្រឡាញ់ ឬបុណ្យនៃក្ដីស្រឡាញ់ ទៀតទៅ ពីព្រោះការពិតវាមិនមែនជាទិវា ឬបុណ្យនៃក្ដីស្រឡាញ់ស្អីឡើយ ។ នៅក្នុងវប្បធម៌បស្ចិមប្រទេស Valentine’s Day គឺជាថ្ងៃសម្រាប់គូស្នេហ៍ប៉ុណ្ណោះ ។ ហេតុនេះ ត្រូវនាំគ្នាហៅ ឬបកប្រែ Valentine’s Day = ថ្ងៃសង្សារ/ថ្ងៃគួស្នេហ៍ ឬទិវាសង្សារ/ទិវាគូស្នេហ៍ ។ ការហៅឈ្មោះខុស នាំឲ្យមានការប្រព្រឹត្តិខុស ជាពិសេសក្នុងចំពោះយុវជនខ្មែរ ។ ប្រសិនបើអ្នកចង់បង្ហាញក្ដីស្រឡាញ់ចំពោះឪពុកម្ដាយ, បងប្អូន, គ្រូរបស់អ្នក…, សូមបង្ហាញក្ដីស្រឡាញ់ចំពោះពួកគាត់ នៅទិវាឪពុក, ទិវាម្ដាយ ទិវាបងស្រី/ប្អូនស្រី, ទិវាបងប្រុស/ប្អូនប្រុស, ទិវាគ្រូបង្រៀន…។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត ប៉ា ចន្ទរឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ស្រុកខ្មែរ ពិតជាពុលនឹងថ្ងៃ១៤ កុម្ភៈ មែន ។ លោកធ្លាប់ទៅរៀននិងរស់នៅបស្ចិមប្រទេស រាប់ឆ្នាំ ប៉ុន្តែមិនដែលឃើញពួកលោកខាងលិច ជ្រួលជ្រើមនឹងថ្ងៃ១៤ កុម្ភៈ ដូចពលរដ្ឋខ្មែរខ្លះឡើយ ។ សូម្បីក្រសួងអប់រំ យុវជន និងកីឡា ខំចេញសេចក្តីណែនាំអំពីវិធានការទប់ស្កាត់ទិវាសង្សារនេះក៏ដោយ តែផ្ទុយទៅវិញ សាលារៀន និងសាកលវិទ្យាល័យមួយចំនួន បែរជាចេញសារ-ប៉ុស្ទើរអបអរសាទរទិវានេះទៅវិញ។ ដូច្នេះលោកគិតថា ក្រសួងអប់រំ យុវជន និងកីឡា គួរពិនិត្យមើលអំពីប្រសិទ្ធភាពនៃសេចក្តីណែនាំរបស់ខ្លួន ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! ខ្ញុំសង្កេតឃើញប៉ុន្មានឆ្នាំចុងក្រោយនេះ សង្គមខ្មែរយើង ហាក់បីដូចជាមានភាពជ្រួលជ្រើម និងទទួលយកនូវឥទ្ធិពលនៃវប្បធម៌បស្ចិមប្រទេស ដែលភាសាអង់គ្លេស ហៅថា «Valentine’s Day» ឬក៏គេបកជាខ្មែរ កន្លងមកថាជា «ទិវានៃក្ដីស្រលាញ់» ឬក៏ «បុណ្យនៃក្ដីស្រលាញ់» ជាដើម ។ ប៉ុន្តែតាមរយៈបទពិសោធន៍ខ្ញុំ ដែលបានទៅរៀននិងទៅរស់នៅប្រទេសលោកខាងលិច ជាច្រើនឆ្នាំហ្នឹង ខ្ញុំមិនបានឃើញប្រជាពលរដ្ឋនៅប្រទេសបស្ចិមលោកហ្នឹង រួមទាំងយុវជនគេផងហ្នឹង គេជ្រួលជ្រើមដូចយុវជនខ្មែរ ឬក៏ពលរដ្ឋខ្មែរយើងមួយចំនួន ជាមនុស្សចាស់ ក៏ដូចជាប្រតិកម្មរបស់ស្ថាប័ន ក្រុមហ៊ុន រួមទាំងសាលារៀន ខ្ញុំក៏សង្កេតឃើញសាលារៀន ជាពិសេសសាលារៀនឯកជន និងសាកលវិទ្យាល័យឯកជន មួយចំនួនហ្នឹងក៏មានភាពជ្រួលជ្រើម មានទាំងសារអបអរសាទរថ្ងៃ ១៤កុម្ភៈ ហ្នឹង ហើយមានទាំងរូបភាពនៃការជូនផ្កា ជូនអីដល់គណៈគ្រប់គ្រងរបស់សាលា អីអ៊ីចឹងទៅ ដែលទិដ្ឋភាពនៃសកម្មភាពរបស់ស្ថាប័នអប់រំទាំងអស់នោះ ហាក់ដូចវាដើរផ្ទុយអំពីអ្វីដែលក្រសួងអប់រំ បានអំពាវនាវពីមុនថ្ងៃ១៤កុម្ភៈ សូមឲ្យគ្រឹះស្ថានសិក្សាទាំងអស់ហ្នឹង ចូលរួមទប់ស្កាត់កុំឲ្យសកម្មភាពនៃការអបអរសាទរទិវាសង្សារ ឬក៏ទិវាគូស្នេហ៍ហ្នឹង វាកក្រើកនៅក្នុងសង្គមខ្មែរ ជាពិសេសនៅក្នុងបរិវេណនៃគ្រឹះស្ថានសឹក្សា អាហ្នឹង ។ ទី២ រឿងការបកស្រាយនៃអត្ថន័យ និងរបៀបនៃការប្រតិបត្តិនៃថ្ងៃ ១៤កុម្ភៈ ឬភាសាអង់គ្លេស គេហៅថា «Valentine’s Day» ហ្នឹង នៅក្នុងសង្គមយើង ទៅជានាំគ្នាថាជា «ទិវានៃក្ដីស្រលាញ់» ទៅជា «បុណ្យនៃក្ដីស្រលាញ់» អីអ៊ីចឹងទៅ។ ប៉ុន្តែធាតុពិត គឺតាមប្រវត្តិរឿងរ៉ាវនៃថ្ងៃ១៤កុម្ភៈ ហ្នឹង នៅក្នុងវប្បធម៌បស្ចិមប្រទេសហ្នឹង អាហ្នឹងគឺជាទិវាដែលគេលើកឡើងជាពិសេសសម្រាប់មនុស្សដែលជាគូស្នេហ៍នឹងគ្នាទេ ជាបង្ហាញក្ដីស្រលាញ់បែបគួស្នេហ៍ ។ អ៊ីចឹងការបកប្រែហ្នឹង វាគួរតែហៅថាជាថ្ងៃសង្សារ ថ្ងៃគូស្នេហ៍ ឬទិវាសង្សារ ឬក៏ទិវាគូស្នេហ៍ហ្នឹង វាត្រូវជាង ។ ក៏ប៉ុន្តែនៅក្នុងសង្គមយើង ទៅជានាំគ្នាបកប្រែទៅជាទិវានៃក្ដីស្រលាញ់ ឬក៏បុណ្យនៃក្ដីស្រលាញ់“ ។

A student (R) buys flowers on Valentine’s Day in Phnom Penh on February 14, 2024. Authorities in Cambodia have issued a stern rebuke to students to avoid “inappropriate activities” this Valentine’s Day, warning them of the perils of “losing dignity”. (Photo by TANG CHHIN Sothy / AFP)

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “តាមពិត ការបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះឪពុកម្ដាយ បងប្អូន គ្រូ ចាស់ព្រឹទ្ធាចារ្យ បងប្រុស បងស្រី អីហ្នឹង នៅក្នុងពិភពលោក ក៏ដូចនៅក្នុងស្រុកខ្មែរយើងហ្នឹង គឺវាមានថ្ងៃរបស់គេរៀងៗខ្លួន ។ ដូច្នេះហើយ ការដែលទៅទាញយកថ្ងៃ១៤កុម្ភៈ ឬក៏ថ្ងៃសង្សារ ឬថ្ងៃគូស្នេហ៍ ទិវាគូស្នេហ៍ មកជាថ្ងៃគោរពដឹងគុណ បង្ហាញសេចក្ដីស្រលាញ់ទៅដល់ឪពុកម្ដាយ ទៅដល់បងប្អូន គ្រូបង្រៀនអីហ្នឹង ខ្ញុំគិតថា ជាការប្រតិបត្តិខុសឆ្គងហើយ វាអត់ត្រូវទេ វាអត់ត្រូវនឹងបរិបទទេ ។ ប៉ុន្តែកន្លងមក យើងឃើញមានការប្រតិបត្តិបែបហ្នឹងជាហូរហែ មិនមែនតែក្នុងចំណោមជាយុវជនទេ សូម្បីតែមនុស្សចាស់ហ្នឹង ក៏នាំគ្នាទៅប្រព្រឹត្តធ្វើសកម្មភាពអី ថ្ងៃ១៤កុម្ភៈ ហ្នឹង ដោយដាក់ចំណងជើងទៅជាដឹងគុណអី នៅថ្ងៃ១៤កុម្ភៈ អីអ៊ីចឹងទៅ ។ ខ្ញុំថាការប្រតិបត្តិបែបហ្នឹង វាអត់ត្រូវទេ វាកាន់តែធ្វើឲ្យក្មេង ជាពិសេសយុវជនយើងហ្នឹង យល់ខុសមួយកម្រិតទៀត ។ អ៊ីចឹងអ្វីដែលយើងគួរធ្វើហ្នឹង គឺថ្ងៃ១៤កុម្ភៈ ហ្នឹង ត្រូវតែអប់រំយុវជនយើង កូនចៅយើងឲ្យដឹងថា អាហ្នឹងជាថ្ងៃសង្សារ ថ្ងៃគូស្នេហ៍ ដែលសម្រាប់តែគេស្រលាញ់គ្នា ប្ដីប្រពន្ធ ដែលគេបានរួមរស់ជាមួយគ្នាទៅ បង្ហាញអំពីសេចក្ដីស្រលាញ់ ការនឹករលឹកគ្នាទៅវិញទៅមក ហើយអាហ្នឹងក៏ជាវប្បធម៌បរទេសទៅទៀត ហើយបើការបង្ហាញក្ដីស្រលាញ់ចំពោះឪពុកម្ដាយ ចំពោះបងប្អូន គ្រូបង្រៀនអីហ្នឹង អាហ្នឹងគួរតែបង្ហាញនៅថ្ងៃទិវាឪពុក ទិវាម្ដាយ ទិវាបងស្រី ប្អូនស្រី ទិវាគ្រួបង្រៀន យើងក៏មានទិវាគ្រូបង្រៀន ជាផ្លូវការនៅក្នុងស្រុកយើងដែរ អានោះហើយទើបចំជាការបង្ហាញសេចក្ដីបង្ហាញក្ដីស្រលាញ់ និងការគោរពចំពោះបុគ្គលណាមានគុណូបការៈ ឬក៏សំខាន់សម្រាប់យើងនៅក្នុងសង្គម ។ ហើយចំណុចមួយទៀត គឺគួរតែនាំគ្នាទៅលើកកម្ពស់ការយល់ដឹងអំពីថ្ងៃហ្នឹង ថាតើសព្វថ្ងៃហ្នឹង វាទៅជាការយកទិវាបែបអ៊ីចឹងហ្នឹង ជាឧបករណ៍សម្រាប់ការធ្វើជំនួញ ការធ្វើពាណិជ្ជកម្ម? ហើយការផ្សព្វផ្សាយពីក្រុមហ៊ុនឯកជន រួមទាំងប្រព័ន្ធផ្សព្វផ្សាយខ្លះ ដែលចេះតែអុកទៅផ្សាយដោយអត់ដឹងអំពីអត្ថន័យនិងខ្លឹមសារដើមរបស់វប្បធម៌គេហ្នឹង ធ្វើឲ្យយុវជនខ្មែរយើង យល់ខុស ហើយគិតថា ថ្ងៃហ្នឹងជាថ្ងៃសំខាន់ មិនអាចរំលងបាន រហូតដល់អ្នកខ្លះហ្នឹង មួយថ្ងៃ ពីរថ្ងៃ មុនថ្ងៃ១៤កុម្ភៈ ហ្នឹងនៅមិនសុខមិនសល់ទេ ទៅតេកក់កន្លែងនេះ ទៅកន្លែងនោះ ទៅទិញរបស់នេះ របស់នោះ ដើម្បីយកមកបង្ហាញមនុស្សដែលខ្លួនស្រលាញ់ មិនថាឪពុកម្ដាយ បងប្អូន ឬក៏គ្រូបង្រៀនទេ ។ ប៉ុន្តែអាហ្នឹងគឺជាការយល់ខុសហើយ វាអាចទៅជាសម្ពាធមួយសម្រាប់ពលរដ្ឋឬក៏យុវជនយើងនៅក្នុងសង្គមដែរ“ ។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តទៀតថា “ចំណុចមួយទៀត ដែលយើងឃើញថា ជាផលវិបាកនៃភាពជ្រួលជ្រើមនៃការទទួលយកវប្បធម៌បស្ចិមប្រទេស ថ្ងៃ Valentine ឬក៏ថ្ងៃសង្សារ ទិវាគូស្នេហ៍ហ្នឹង មកនៅក្នុងសង្គមយើងហ្នឹង ក៏វាជំរុញឲ្យមាននូវទង្វើខ្លះ ដែលអាចបង្កឲ្យមានភាពជ្រុលជ្រួស ឬក៏រងគ្រោះដល់យុវជនយើង ជាពិសេសគឺយុវតី នៅថ្ងៃ១៤កុម្ភៈ ហ្នឹង ដែលអ្នកខ្លះហ្នឹងក៏គិតថា ថ្ងៃហ្នឹងគឺជាថ្ងៃសំខាន់ដែរ ដែលគាត់ហ្នឹងត្រូវតែបង្ហាញអំពីការលះបង់ និងផ្ដល់អ្វីៗគ្រប់យ៉ាងដល់មនុស្សដែលគាត់ស្រលាញ់ រួមទាំងការប្រគល់ខ្លួន ប្រគល់ប្រាណអីឲ្យទៅគូស្នេហ៍របស់ខ្លួន ដោយការគិតខុសបែបហ្នឹងហើយ បាននាំឲ្យកើតមាននូវហានិភ័យ ការរំលោភសេពសន្ថវៈ ឬការខូចខ្លួនខូចប្រាណ រហូតដល់អ្នកខ្លះទៅត្រូវមានផ្ទៃពោះ ក្រោយថ្ងៃ១៤កុម្ភៈ ហ្នឹង ឆ្លងរោគាអីហ្នឹង ក៏បង្កើតបានជាបញ្ហាវែងឆ្ងាយ រហូតដល់អ្នកខ្លះខូចអនាគត លែងបានរៀនសូត្របន្តហ្នឹង គឺដោយសារថ្ងៃ១៤កុម្ភៈ ហ្នឹងឯង ។ ដូច្នេះការលើកកម្ពស់ការយល់ដឹងរបស់យុវជន អំពីអត្ថន័យ និងការប្រតិបត្តិរបស់បរទេស បស្ចិមលោកហ្នឹង ថ្ងៃ១៤កុម្ភៈ ហ្នឹង គឺជារឿងចាំបាច់ ហើយបន្ថែមពីហ្នឹងទៀត ខ្ញុំឃើញក្រសួងអប់រំ និងក្រសួងកិច្ចការនារី បានចេញសេចក្ដីអំពាវនាវឲ្យមានការចាត់វិធានការ ដើម្បីទប់ស្កាត់កុំឲ្យមានអំពើសេពសន្ថវៈ ឬក៏អំពើអនាចារមួយចំនួន ទាក់ទងនឹងទំនាក់ទំនងសេ្នហា រវាងយុវជន នៅថ្ងៃ១៤កុម្ភៈ ហ្នឹង ដើម្បីកាត់បន្ថយហានិភ័យ ក៏ដូចជាផលវិបាកដែលកើតឡើងអំពីសកម្មភាពទាំងអស់ហ្នឹង ។ ប៉ុន្តែបន្ថែមពីលើរឿងការអំពាវនាវ ១ថ្ងៃ ២ថ្ងៃ មុនថ្ងៃ១៤កុម្ភៈ ហ្នឹង ខ្ញុំគិតថា ក្រសួងទាំងពីរ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធដទៃទៀតហ្នឹង គួរតែបង្កើននូវសកម្មភាពការអប់រំអំពីសុខភាពផ្លូវភេទហ្នឹង ។ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជហ្នឹង អាហ្នឹងគឺជារឿងចាំបាច់ណាស់ នៅក្នុងចំណោមក្មេង ពីក្មេងជំទង់ទៅ រហូតដល់យុវជន ដើម្បីឲ្យពួកគាត់ដឹងអំពីថា តើត្រូវបើកខ្លួនបែបម៉េច ដើម្បីកុំឲ្យវាបង្កើតនូវផលវិបាកទាំងដល់ខ្លួនឯង និងដល់អ្នកដទៃ បន្ទាប់ពីការសប្បាយជាមួយនឹងភាពភ្លើតភ្លើនរបស់ខ្លួនក្នុងរយៈពេលប៉ុន្មាននាទីហ្នឹង ។ អាហ្នឹងជាមធ្យោបាយចាំបាច់នៅក្នុងសម័យបច្ចុប្បន្ននេះ ពីព្រោះបែបផែន និងវិធានការនៅក្នុងការហាមប្រាមហ្នឹង មិនសូវជាមានប្រសិទ្ធភាពទេ នៅក្នុងពិភពលោកសម័យឌីជីថលហ្នឹង ។ ដូច្នេះមានតែការអប់រំ ការលើកកម្ពស់ឲ្យមានការយល់ដឹង និងការយកចិត្តទុកដាក់ឲ្យយល់អំពីផលវិបាកនៃសកម្មភាពដែលខ្វះការពិចារណា ហើយចេះប្រើប្រាស់មធ្យោបាយនៅក្នុងការការពារ បើសិនជាវាជ្រុលវាជ្រួសទៅហ្នឹង ដើម្បីកាត់បន្ថយនិងទប់ស្កាត់ហានិភ័យដែលអាចកើតមានឡើងទាំងចំពោះខ្លួនឯង និងចំពោះដៃគូរបស់ខ្លួន ។ នេះខ្ញុំគិតថា គឺជាវិធានដែលចាំបាច់សម្រាប់សង្គមខ្មែរយើង នៅក្នុងការទប់ស្កាត់ថ្ងៃ១៤កុម្ភៈ ឬក៏យើងហៅថាជាទិវាសង្សារហ្នឹង“ ។

A woman buys flowers on Valentine’s Day in Phnom Penh on February 14, 2024. – Authorities in Cambodia have issued a stern rebuke to students to avoid “inappropriate activities” this Valentine’s Day, warning them of the perils of “losing dignity”. (Photo by TANG CHHIN Sothy / AFP)

លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្ថែមថា “ជារួម ខ្ញុំសង្កេតឃើញថា សង្គមខ្មែរយើង មានការយល់ខុសធ្ងន់ ទាក់ទងនឹងរឿង Valentine’s Day ហ្នឹង ភាគច្រើនហាក់ដូចជាយល់ថា អាហ្នឹងគឺជាថ្ងៃសំខាន់ ដែលត្រូវតែបង្ហាញសេចក្ដីស្រលាញ់ចំពោះឪពុកម្ដាយ បងប្អូន គ្រូបង្រៀន មេកោយរបស់ខ្លួន ហើយយុវជនហ្នឹងក៏គិតថាជាថ្ងៃមួយ ដែលមិនអាចខ្វះបាន មិនអាចខកខានបាននៅក្នុងការបង្ហាញពីសេចក្ដីស្រលាញ់ និងប្រគល់សេចក្ដីស្រលាញ់ ប្រគល់ទាំងអ្វីលើសសេចក្ដីស្រលាញ់ដល់គូស្នេហ៍របស់ខ្លួន ។ អានោះគឺជារឿងខុសឆ្គង ហើយជាពិសេសកាន់តែខុសឆ្គងទៅទៀតនោះ នៅពេលដែលឃើញសាកលវិទ្យាល័យ សាលារៀនមួយចំនួនហ្នឹង មានសារអបអរសាទរ រួមទាំងបង្ហោះរូបថ្នាក់ដឹកនាំ និងម្ចាស់ភាគហ៊ុនរបស់សាលាអី នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន តាមឆានែលតេឡេក្រាម អីហ្នឹង ខ្ញុំគិតថា ធ្វើឲ្យសង្គមយើងហ្នឹង កាន់តែលង់នៅក្នុងរឿងអបាយមុខ ទាក់ទងនឹងរឿងសេចក្ដីស្រលាញ់ដែលខ្វះក្បួនខ្នាតហ្នឹងឯង ។ ដូច្នេះការដោះស្រាយ ការលុបបំបាត់ហ្នឹង គឺទី១ វាអាស្រ័យទៅលើការយល់ដឹងរបស់ភាគីពាក់ព័ន្ធ រាប់តាំងពីគ្រូបង្រៀន មន្រ្តីរាជការ ឪពុកម្ដាយ ក៏ត្រូវជួយណែនាំ ហើយយុវជនខ្លួនឯងហ្នឹង ក៏ត្រូវតែចាប់អារម្មណ៍យកចិត្តទុកដាក់ កុំឲ្យភ្លើតភ្លើនទៅតាមឥទ្ធិពលនៃវប្បធម៌បរទេស ។ ការពិតនៅក្នុងសង្គមគេ អាថ្ងៃហ្នឹង វាអត់មានអីអាក្រក់ទេ ពីព្រោះគេដឹង ប្រជាពលរដ្ឋគេ យុវជនគេដឹងពីអ្វីគួរធ្វើ និងមិនគួរធ្វើ ហើយសង្គមគេហ្នឹង ក៏វាមិនទៅជ្រួលជ្រើមដូចសង្គមខ្មែរយើងបច្ចុប្បន្នដែរ ។ ហេតុនេះហើយការទទួលនូវចរន្ត ឬក៏ពុលវប្បធម៌បរទេស ដោយមិនបានយល់អំពីខ្លឹមសារ និងរបៀបប្រតិបត្តិរបស់គេហ្នឹង វាជាហានិភ័យមួយដែរ សម្រាប់សង្គមខ្មែរយើង ។ បើមិននាំគ្នាយកចិត្តទុកដាក់ទេ ខ្ញុំគិតថា កុំបន្ទោសខ្មែរ ឬក៏កុំបន្ទោសយុវជន នៅពេលមានបញ្ហាអីកើតឡើង ពីព្រោះមនុស្សចាស់មួយចំនួនធំហ្នឹង ក៏ជាចំណែកមួយនៃការបង្កើតបញ្ហាដែរ ជាពិសេសគឺយើងគួរតែរៀនអប់រំយុវជនយើងហ្នឹង ឲ្យតម្លៃទៅលើផ្កាស្លា ឲ្យបានច្រើនជាងផ្កាកុលាប ១ទង ឬក៏១បាច់ នៅថ្ងៃ១៤កុម្ភៈ ហ្នឹង អាហ្នឹងទើបពួកគាត់ហ្នឹងមានអនាគតល្អ“ ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងអាជ្ញាធររាជធានីភ្នំពេញ តែងចេញសេចក្ដីប្រកាសផ្សព្វផ្សាយពី «Valentine’s Day» ១៤កុម្ភៈ ឱ្យយល់ដឹងពីខ្លឹមសារ និងឈប់យល់ច្រឡំអត្ថន័យនៃថ្ងៃ១៤កុម្ភៈ រហូតដល់មានសកម្មភាពរួមភេទ ដែលធ្វើប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសុខភាព ព្រោះ Valentine’s Day ជាវប្បធម៌របស់ប្រទេសលោកខាងលិចទេ។ នៅក្នុងថ្ងៃ១៤កុម្ភៈ (Valentine’s Day) នាឆ្នាំនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញលិខិតអំពាវនាវឱ្យយុវជន បញ្ឈប់នូវសកម្មភាពយកថ្ងៃ១៤ កុម្ភៈ ជាថ្ងៃរួមភេទ ដែលប៉ះពាល់ដល់សុខភាព និងអាចបង្កឱ្យឆ្លងមេរោគអេដស៍ ទៀតផង៕

RELATED ARTICLES