ភ្នំពេញ ៖ នៅក្នុងរង្វង់ ១សប្តាហ៍ ពោលគឺគិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនៃក្រសួង មហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង សរុបចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការ ចំនួន១៣នាក់ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ ចំនួន១៧៤នាក់។

លោកទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្រោមការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានអនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿង ចំនួន៤ករណី ដែលមានជនសង្ស័យ ចំនួន១៣នាក់ បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី។ ក្រៅពីនេះ ចំនួន ១៤៤ករណីទៀត ដែលមានអ្នកពាក់ព័ន្ធចំនួន ១៧៤នាក់ រួមមាន ៖ ខេត្តបាត់ដំបង ១៣៦ករណី។ ខេត្តកំពត ៥ករណី។ ខេត្តតាកែវ ១ករណី។ ខេត្តប៉ៃលិន ១ករណី និងខេត្តត្បូងឃ្មុំ ១ករណី។ នគរបាលក្រសួងមហាផ្ទៃ បានចាត់វិធានការរដ្ឋបាល អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព មិនឱ្យប្រព្រឹត្តតទៅទៀត។
លោកទូច សុឃៈ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនា ធិ ការ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះទិសដៅអាទិភាពសំខាន់ៗ ជាពិសេសទិសដៅអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នេះ ក្នុងនោះក៏មានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ។

អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ សមត្ថកិច្ចនគរបាល ទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្តតាមគោលនយោ បាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕