Thursday, January 23, 2025
Homeព័ត៌មានជាតិករណីរំលោភទន្លេ ឧកញ៉ា១ កាយចេញ ធ្លាយឧកញ៉ា១ទៀត ចាក់លុប បុកគ្រឹះរួច

ករណីរំលោភទន្លេ ឧកញ៉ា១ កាយចេញ ធ្លាយឧកញ៉ា១ទៀត ចាក់លុប បុកគ្រឹះរួច

ខេត្តកំពង់ចាម ៖  បន្ទាប់ពីមានការភ្ញាក់ផ្អើលនឹងករណីឧកញ៉ា ១រូប ចាក់ថ្មរំលោភយកទន្លេមេគង្គ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយត្រូវបានអាជ្ញាធរចុះទៅទប់ស្កាត់ ដាក់ឱសានវាទឲ្យកាយចេញវិញ ក្នុងរយៈពេល៧០ថ្ងៃនោះ ស្រាប់តែធ្លាយឧកញ៉ា ១រូបទៀត ចាក់លុបទន្លេ បានសម្រេច និងបានបុកគ្រឹះសាងសង់សំណង់រឹងមាំរួចស្រេចទៅហើយ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការជាបន្ទាន់ ករណីបុគ្គលម្នាក់ ឈ្មោះ ទន់ ឆៃអ៊ាង ដែលមានគោរមងារជាឧកញ៉ា បានចាក់ថ្មលុបទន្លេមេគង្គ គ្រោងរំលោភយកធ្វើជាកម្មសិទ្ធិ ប្រវែងជិត៣០០ម៉ែត្រ ជម្រៅ ៥៥ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយជាវិធានការបឋម អាជ្ញាធរបានបញ្ជាឲ្យជនល្មើសនេះ បញ្ឈប់សកម្មភាពចាក់ថ្មលុបទន្លេ ជាបន្ទាន់ និងកាយថ្មចេញវិញ ក្នុងរយៈពេល៧០ថ្ងៃ ជាកំហិត។ ចំណែកវិធានការបន្ទាប់ គឺអាជ្ញាធរនឹងសិក្សាផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកលើជនល្មើសនេះបន្ថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខេត្តកំពង់ចាម ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេមេគង្គ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំងលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថា ពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ប្រាកដមែន ដោយសកម្មភាពនេះ បានដំណើរការជិត ២ខែមកហើយ ពោលតាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មកម៉្លេះ ហើយការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេ ប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេ ប្រវែង ២៩៤,៦ម៉ែត្រ (បច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ សកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ។

រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យជនល្មើសដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តដូចខាងក្រោម ៖

ទី១- បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។

ទី២- ត្រូវធ្វើការកាយនិងយកថ្មដែលបានចាក់រួចហើយនេះចេញវិញ ឱ្យអស់ យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។

ទី៣- ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល ១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬពេលវេលាជាក់ស្តែង។

រដ្ឋបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៍ មកឲ្យរដ្ឋបាលខេត្ត ដើម្បីមានវិធានការទប់ស្កាត់នូវបទល្មើសនានាក្នុងខេត្តកំពង់ចាម និងសូមបញ្ជាក់ថា ចំពោះករណីនេះ គ្រាន់តែជាវិធានការបឋមតែប៉ុណ្ណោះ ។ ជាវិធានការបន្ទាប់ រដ្ឋបាលខេត្ត នឹងសិក្សាផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។

បន្ទាប់ពីមានបញ្ជាពីរដ្ឋបាលខេត្តកំពង់ចាម ខាងលើនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានសម្តែងសេចក្ដីសាទរ ពេលឃើញសកម្មភាពក្រុមការងារឧកញ៉ា ទន់ ឆៃអ៊ាង អគ្គនាយកក្រុមហ៊ុនព្រីមៀរ ផាក (Premier Park) បានធ្វើសកម្មភាពកាយថ្មចេញពីទន្លេមេគង្គ វិញ នៅចំណុចដែលត្រូវបានចាក់ថ្មលុប។

 ជុំវិញបញ្ហានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិ នៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តិនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពីប្រាំលាន (៥ ០០០ ០០០) រៀល ដល់ដប់លាន (១០ ០០០ ០០០) រៀល និង/ឬដាក់ពន្ធនាគារ ពីមួយ (១) ឆ្នាំ ដល់ប្រាំ (៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកនិងឧតុនិយម សូមថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាម ដែលបានចាត់វិធានការបន្ទាន់ក្នុងការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្នុងន័យនេះ ក្រសួង នឹងបន្តតាមដានវិធានការកំណត់ ដែលដាក់ចេញដោយរដ្ឋបាលខេត្ត ចំពោះភាគីម្ចាស់ដី ។

ស្របពេលដែលមហាជនកំពុងតាមដានចំណាត់ការរបស់អាជ្ញាធរខេត្ត បញ្ជាឲ្យឧកញ៉ា ទន់ ឆៃអ៊ាង កាយថ្មចេញពីទន្លេវិញនេះ ស្រាប់តែធ្លាយចេញករណីចាក់ដីលុបទន្លេ យកធ្វើជាកម្មសិទ្ធិ ១ករណីទៀត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដដែល ដែលប្រភពខ្លះអះអាងថា ជនល្មើសជាឧកញ៉ា​ម្នាក់ទៀត។

លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ  ដែលជាជំនួយការអតីតមេបក្សប្រឆាំង លោកកឹម សុខា បានបង្ហោះរូបភាព ភ្ជាប់ជាមួយសំណេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ឧកញ៉ាចោរ! ឧកញ៉ាខេត្តកំពង់ចាម ម្នាក់ទៀត ក្លាយជាចោរលួចទន្លេ ធ្វើជាកម្មសិទ្ធិ។ សួរទៅចៅហ្វាយស្រុកផង ហេតុអីមិនដឹង ឬស៊ុមគ្រលុំ ត្រូវថ្នាំ បិទភ្នែកឱ្យឧកញ៉ាចោរ ចាក់ដីសង់ផ្ទះ!“ ។

ជាមួយគ្នានោះដែរ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ដើម្បីកុំឲ្យឧកញ៉ាទុច្ចរិតរំលោភយកធនធានធម្មជាតិ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ច្បាប់គួរតែចាត់វិធានការឲ្យម៉ឺងម៉ាត់ ដោយចាប់ឧកញ៉ាទាំងនោះ កាត់ទោស ដាក់ពន្ធនាគារ ពិន័យជាប្រាក់ ដោយកុំឲ្យគ្រាន់តែសុំទោស ធ្វើកិច្ចសន្យា ហើយរួចខ្លួចនោះ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ច្បាប់គឺច្បាប់ ច្បាប់ដែលការពារធានាដោយរដ្ឋធម្មនុញ្ញ ក្នុងការទប់ស្កាត់រាល់អ្វីដែលរដ្ឋធម្មនុញ្ញហាមប្រាម គឺភោគទ្រព្យរបស់ជាតិ ទន្លេ បឹងបួ ព្រៃភ្នំក្រមថ្មអីហ្នឹង គឺសុទ្ធតែគ្មានបុគ្គលណា អ្នកមានអំណាចណាអាចរំលោភបំពានបានទេ ប៉ុន្តែកន្លងមក យើងអត់គោរពច្បាប់ យើងយកអំណាចធំជាងច្បាប់ អំណាចហួសព្រំដែន ។ អ៊ីចឹងហើយ យើងបង្កើតនូវភាពអនាធិបតេយ្យក្នុងការបំផ្លាញភោគទ្រព្យជាតិ ដូចជាព្រៃឈើ ទៅជាព្រៃរហោឋាន តំបន់ព្រៃឡង់ តំបន់ជួរភ្នំក្រវាញ តំបន់ជួរភ្នំដងរែក ឬក៏ជួរភ្នំខាងប៉ែកឱរ៉ាល់ អីជាដើមហ្នឹង គឺថាខេ្ទចខ្ទាំ មណ្ឌលគិរី រតនគិរី ស្ទើរតែរលត់រលាយ នៅសល់មិនដល់ជា ៣៥ ទៅ៤០% ផង ។ ហ្នឹងគឺព្រៃឈើ ហើយយើងមិនទាន់និយាយអំពីអនាធិបតេយ្យនៃការច្បាមយក នៃមន្រ្តីជាន់ខ្ពស់មានអំណាច ឬក៏ឧកញ៉ាមានលុយ មានអីហ្នឹង គឺគប់គិតជាមួយឈ្មួញបរទេស ឈ្មួញខ្មែរអីហ្នឹង គឺថារំលោភយកដីរ៉ែ ភោគទ្រព្យជាតិយ៉ាងបែបអនាធិបតេយ្យ ក្នុងការគ្រប់គ្រងអំពើពុករលួយហ្នឹងមិនបាន។ ហើយទាក់ទងទៅនឹងឧកញ៉ាមួយចំនួន ជាឧកញ៉ាទុច្ចរិតខិលខូចហ្នឹង គឺថាយកអាលុយរកស៊ីទុច្ចរិត ដើម្បីទៅបង់យកងារជាឧកញ៉ា ហើយយកអាតួនាទីងារជាឧកញ៉ាហ្នឹង ដោយព្រះរាជក្រឹត្យហ្នឹង ទៅប្រព្រឹត្តនូវអំពើទុច្ចរិត អំពើឧក្រិដ្ឋ ដើម្បីតែប្រយោជន៍បក្ខពួក ក្រុមគ្រួសារខ្លួន តែវាហិនហោចជាតិ វារងគ្រោះដល់ប្រជាពលរដ្ឋ វារងគ្រោះដល់បរិស្ថានជាតិទាំងមូល ។ អ៊ីចឹងខ្ញុំថា ជាការចាត់វិធានការធ្ងន់ធ្ងរ ដើម្បីកុំឲ្យមនុស្សមើលបំណាំគ្នា មនុស្សអាងអំពីលុយកាក់ អាងអំពីបុណ្យស័ក្ដិ ហើយជាពិសេសយកនិន្នាការបក្សជាធំ ការរើសអើងផ្នែកនិន្នាការបក្សហ្នឹង“។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងខ្ញុំថា ត្រូវតែដាក់វិធានការកាត់ទោស ដាក់គុក ដើម្បីជាការព្រមានដល់អ្នកឧកញ៉ាទុច្ចរិតផ្សេងៗទៀត មិនត្រឹមតែកំហុសល្មើសច្បាប់ទៅលុបទន្លេហើយ រួចហើយដឹងខ្លួន ទៅកាយវិញ គឺអត់ទេ អាហ្នឹងមិនអាចយកទៅបូកដកគ្នាអ៊ីចឹងបានទេ គឺពិន័យជាលុយហើយ យកមនុស្សទៅដាក់គុក ដើម្បីជាការពង្រឹងផ្នែកច្បាប់ ព្រមានដល់អ្នកក្រោយៗទៀតកឲ្យមានលេសគ្រាន់តែសុំទោស គ្រាន់តែកាយចេញ ហើយបែរជាឧកញ៉ាមួយចំនួនភ្ជាប់ទៅនឹងបញ្ហាមួយចំនួនមិនត្រឹមតែចាក់ដីវាតយកសមុទ្រ ស្ទឹង បឹងបួអីទេ គឺថាមន្ត្រីរដ្ឋាភិបាល មួយចំនួន ដែលជាមន្រ្តីជាន់ខ្ពស់ មានបក្ខពួកហ្នឹង ក៏លុបបឹងធម្មជាតិ ដូចបឹងតាមោក បឹងអីហ្នឹង ដេញពីអ្នកក្រីក្រ យកទៅចែកឲ្យពួកឧកញ៉ា ពួកអ្នកចម្រៀង ពួកអីដែលមិនបានជួយអ្វីជាប្រយោជន៍ជាតិ ប្រយោជន៍អី វាមានតែបក្ខពួក គ្រួសារនិយម ហើយរើសអើងនិន្នាការបក្សទៅទៀត ។ អ៊ីចឹងជាគំរូនៃការចាប់ផ្ដើមរបស់អ្នកដឹកនាំជំនាន់ថ្មី ហ៊ុន ម៉ាណែត នេះ ជានាយករដ្ឋមន្រ្តីអាណត្តិទី៧ នេះ គឺថាត្រូវតែប្រើវិធានការច្បាប់ ជាជាងប្រជាភិថុតិនយោបាយ ហើយធ្វើឲ្យមានការឈឺចាប់ ធ្វើឲ្យអយុត្តិធម៌ដល់សង្គមជាតិ ដល់ប្រជារាស្រ្ត គឺថាយើងចាប់ផ្ដើមទៅ ចាប់ផ្ដើមលាងខ្លួន ដើម្បីជាមន្រ្តីបម្រើរាស្រ្ត ជាទាសករបម្រើជាតិ ។ អានេះជាចំណុចដែលខ្ញុំមើលឃើញក្នុងការចាត់វិធានការចំពោះជនទុច្ចរិត ទោះជាឧកញ៉ា ឬក៏មន្រ្តីជាន់ខ្ពស់ក្នុងតួនាទីរដ្ឋាភិបាល ឬក៏ក្នុងតួនាទីជាអ្នកតំណាងរាស្រ្តណាក៏ដោយ តែយើងដើរផ្ទុយនឹងរដ្ឋធម្មនុញ្ញ គឺត្រូវតែមានទោស ត្រូវតែពិន័យ ។ អាហ្នឹងគឺថា ជាការអនុវត្តនីតិរដ្ឋ ទៅតាមគោលការណ៍ប្រជាធិបតេយ្យ ទៅតាមការមើលឃើញនៃតម្លាភាព កុំឲ្យបង្កើតនូវស្ដង់ដារពីរ បង្កនូវភាពអយុត្តិធម៌សម្រាប់សង្គមជាតិ អាហ្នឹងគឺជាការដែលពលរដ្ឋ ក៏ដូចជាប្រទេសកម្ពុជា ទាំងមូល មិនអាចទទួលយកបាននូវភាពអយុត្តិធម៌ ភាពប្រកាន់និន្នាការនយោបាយ ភាពប្រកាន់នូវបង្ហាញអយុត្តិធម៌ ឬក៏យុត្តិធម៌តាមបែបស្ដង់ដារពីរនោះ“ ។

ដោយឡែក លោកម៉ា ចិត្រា សកម្មជនបរិស្ថាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា រឿងចាក់លុបទន្លេ រាប់រយម៉ែត្រនេះ វាមិនមែនជារឿងចាក់ដីក្នុងហោប៉ៅមួយក្ដាប់ ពីរក្ដាប់ទេ គឺឃើញនៅនឹងភ្នែក ។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋម្នាក់ លោកសំណូមពរឲ្យមានការដកចៅហ្វាយស្រុក ចេញពីតំណែង បើសិនជារាជរដ្ឋាភិបាល មានឆន្ទៈក្នុងការការពារច្បាប់ពិតមែន ។

លោកម៉ា ចិត្រា បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធទៅនឹងករណីឧកញ៉ាដែលគាត់ចាក់ថ្មលុបទន្លេហ្នឹង សម្រាប់ខ្ញុំផ្ទាល់ ក្នុងនាមជាប្រជាពលរដ្ឋ ក្នុងនាមជាអ្នកគោរពច្បាប់ ខ្ញុំគិតថា ការកាយចេញវិញនេះ អត់គ្រប់គ្រាន់នៅក្នុងការអនុវត្តច្បាប់ទេ ព្រោះអីករណីនេះ បើសិនជាមិនមានអ្នកណារាយការណ៍ទេ មានន័យថា ពួកនេះធ្វើកិច្ចការងារទាំងគឃ្លើន ទោះបីជាដឹងខុសច្បាប់ក៏ដោយ ។ អ៊ីចឹងមានន័យថា គាត់អាងអំណាច គាត់អាងគាត់មានលុយ អាចធ្វើអីស្រេចតែនឹងចិត្ត ហើយកាលណាឲ្យគាត់កាយចេញតែប៉ុណ្ណឹង វាជាគំរូអាក្រក់មួយសម្រាប់អ្នកមានផ្សេងៗទៀត ដែលគាត់មានបំណងអាក្រក់ក្នុងយកសម្បត្តិរបស់ជាតិ ធនធានធម្មជាតិហ្នឹងទៅធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដោយមិនគិតពីផលប្រយោជន៍ជាតិ ។ អ៊ីចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំសំណូមពរដល់អ្នកច្បាប់ ក៏ដូចជារដ្ឋាភិបាលហ្នឹង ត្រូវចាត់វិធានការបន្ថែមឲ្យមានការដាក់ទោសទណ្ឌ ដើម្បីជាការព្រមានដល់ឧកញ៉ាផ្សេងទៀត ដែលមានគំនិតទុច្ចរិតក្នុងការបំផ្លិចបំផ្លាញនូវសម្បត្តិរបស់ជាតិនេះ ។ ទន្ទឹមនេះដែរ ខ្ញុំសំណូមពរម្យ៉ាងទៀត គឺបើសិនជាអភិបាលស្រុកស្រីសន្ធរ ហ្នឹង គាត់ដឹងរឿងហ្នឹងយូរមកហើយ ហើយគាត់នៅតែបណ្ដោយឲ្យមានការលុបអ៊ីចឹង អាហ្នឹងសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសំណូមពរដល់រដ្ឋាភិបាល ឲ្យដកចៅហ្វាយស្រុកហ្នឹងតែម្ដងទៅ ដើម្បីជាការព្រមានដល់ចៅហ្វាយស្រុកផ្សេងទៀត ថាបើសិនជាមានករណីរំលោភបំពានបែបនេះ ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់ អត់ចាំបាច់ទាល់តែប្រជាពលរដ្ឋ ឬក៏អ្នកសារព័ត៌មានទៅផ្សាយ បានពួកគាត់ដុតដៃ ដុតជើង ដើម្បីធ្វើកិច្ចការហ្នឹងទេ ព្រោះអីរឿងចាក់លុបទន្លេ រាប់រយម៉ែត្រនេះ វាមិនមែនជារឿងចាក់ដីក្នុងហោប៉ៅមួយក្ដាប់ ពីរក្ដាប់ទេ ឃើញនៅនឹងភ្នែក ។ អ៊ីចឹងសំណូមពរឲ្យមានការដកចៅហ្វាយស្រុកហ្នឹងចេញពីតំណែង បើសិនជារដ្ឋាភិបាល មានឆន្ទៈក្នុងការការពារច្បាប់ពិតមែន“ ៕ កុលបុត្រ

RELATED ARTICLES