Thursday, January 23, 2025
Homeព័ត៌មានជាតិអ្នករំលោភច្បាប់ សហការីកឹម សុខា ស្នើរដ្ឋមន្ត្រីយុត្តិធម៌ ចាត់វិធានការ

អ្នករំលោភច្បាប់ សហការីកឹម សុខា ស្នើរដ្ឋមន្ត្រីយុត្តិធម៌ ចាត់វិធានការ

ភ្នំពេញ ៖ សហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានស្នើរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចាត់វិធានការលើអ្នករំលោភច្បាប់ និងបានលើកឡើងថា លោកកឹម សុខា មិនទាន់មានទោសទេ ព្រោះតុលាការ មិនទាន់កាត់ទោសជាស្ថាពរ ដូច្នេះគួរតែឲ្យលោកកឹម សុខា មានសេរីភាពខ្លះ ខណៈដែលសាលាឧទ្ធរណ៍កំពុងបន្តនីតិវិធី តាមបណ្ដឹងជំទាស់របស់លោក ទៅនឹងសាលដីកាសាលាដំបូងរាជធានីភ្នំពេញ ដែលឲ្យជាប់ឃុំក្នុងផ្ទះ២៧ឆ្នាំ និងដកសិទ្ធិគ្រប់យ៉ាង ។

គួររំលឹកថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ លោកកើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបង្ហាញការប្តេជ្ញាចិត្ត និងដាក់ចេញនូវយន្តការដោះស្រាយយ៉ាងម៉ឹងម៉ាត់ លើសំណុំរឿងចំនួន៣ គឺគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដោយលោកបញ្ជាក់ថា ការងារអាទិភាពទាំងនេះ បើមិនមានការដោះស្រាយដោយម៉ឹងម៉ាត់ទេ នោះនឹងបង្កផលប៉ះពាល់ផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ក្នុងនោះ បញ្ហាគ្រឿងញៀន មិនត្រឹមបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ សុខភាព និងសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញធនធានមនុស្សនៅកម្ពុជា ថែមទៀត។

លោកកើត រិទ្ធ បានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីប្រកាសដាក់ចេញនូវវិធានការម៉ឺងម៉ាត់ដាច់ខាត និងគោលការណ៍ ដែលត្រូវប្រកាន់យកចាប់ពីពេលនេះតទៅ សម្រាប់សំណុំរឿងចំនួន ៣ប្រភេទ ទី១-សំណុំរឿងក្តីគ្រឿងញៀន ទី២- សំណុំរឿងក្តីទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ និងទី៣- សំណុំរឿងក្តីពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន… “ ។

ជុំវិញសំណុំរឿងគ្រឿងញៀន បើតាមរបាយការណ៍របស់អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឱ្យដឹងថា ក្នុងឆ្នាំ២០១៧ អាជ្ញាធរចាប់បានគ្រឿងញៀន ចំនួន ២៩៦គីឡូក្រាម, ឆ្នាំ២០១៨ ចាប់បានចំនួន ៤៧២,៥៣គីឡូក្រាម, ឆ្នាំ២០១៩ ចាប់បានចំនួន ៧៥០គីឡូក្រាម, ឆ្នាំ២០២០ ចាប់បានចំនួន ៣៨៧៦គីឡូក្រាម, ឆ្នាំ២០២១ ចាប់បាន ៤៦៨៩គីឡូក្រាម និងឆ្នាំ២០២២ ចាប់បានចំនួន ១៤ ៩១៩គីឡូក្រាម រួមនិងវត្ថុតាងមួយចំនួនទៀត។

ចំណែកសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បើតាមរបាយការណ៍របស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៣ បានកើតឡើងជាង ៣ ០០០ករណីនេះ បានកើនឡើង ១១% បើធៀបនឹងឆ្នាំ២០២២ ដែលមានជាង ២ ៩០០ករណី។ ប្រភពដដែលបន្តថា ក្នុងឆ្នាំ២០២៣ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង ១ ៥០០នាក់ ដែលថយចុះ ៧% ខណៈអ្នករងរបួសធ្ងន់មានជាង ២ ៧០០នាក់ កើនឡើង ៧% និងអ្នករងរបួសស្រាលមានជាង ១៧០០ នាក់ កើនឡើង ២១%។

ដោយឡែក សំណុំរឿងទាក់ទងនឹងអត្រានុកូលដ្ឋានវិញ បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឲ្យដឹងក្នុងសន្និសីទសារព័ត៌មាននោះថា គឺមកដល់ពេលនេះ ការប្តឹងសំណុំរឿងទាក់ទងនឹងអត្រានុកូលដ្ឋាន មានប្រមាណ ៦ ០០០សំណុំរឿង ស្មើនឹង ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីទាំងមូល។ លោកស្នើឱ្យសាលាដំបូងទូទាំងប្រទេស ធ្វើការងារដោះស្រាយបញ្ហានេះតែ ២គត់ គឺលឿននិងត្រឹមត្រូវ ខណៈបញ្ហានេះភាគច្រើន គឺខុសតែឈ្មោះ និងថ្ងៃខែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែតាមច្បាប់ គឺពលរដ្ឋត្រូវឡើងទៅកែនៅតុលាការ ។

ជាការសាទរចំពោះការប្ដេជ្ញាចិត្ត និងដាក់ចេញបទបញ្ជា របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ខាងលើនេះ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងថា ការប្ដេជ្ញាចិត្តនេះពិតជាត្រឹមត្រូវណាស់ សម្រាប់ការអនុវត្តឲ្យមានប្រសិទ្ធភាព ប៉ុន្តែលោកថា បើមានត្រឹមគោលនយោបាយ តែគ្មានផែនការសកម្មភាពច្បាស់លាស់នោះទេ នោះបញ្ហាទាំងនេះនៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ជាពិសេសបញ្ហាគ្រឿងញៀន ពិបាកកម្ចាត់ណាស់ ។ ដូច្នេះលោកស្នើថា មិនមែនត្រឹមតែកម្ចាត់គ្រឿងញៀនមួយនេះទេ គឺត្រូវរក្សារបៀបរបបសង្គម ហើយត្រូវចាត់វិធានចំពោះនរណាដែលរំលោភច្បាប់ ។

លោកលិម គិមយ៉ា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទាក់ទងនឹងការថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ខាងលើនេះថា “សូមស្ដាប់ទស្សនៈ និងបញ្ជារបស់លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តធម៌ ស្ដីពីកម្ចាត់គ្រឿងញៀន។ បើស្ដាប់ដូចជាត្រឹមត្រូវណាស់ តែដើម្បីឲ្យមានយុត្តិធម៌ក្នុងសង្គម មិនមែនត្រឹមតែកម្ចាត់គ្រឿងញៀនមួយនេះទេ គឺត្រូវរក្សារបៀបរបបសង្គម ហើយត្រូវចាត់វិធានចំពោះនរណាដែលរំលោភច្បាប់ គង់តែនរណាក៏ដោយមានទ្រព្យសម្បត្តិ ឧកញ៉ា មន្រ្តី រដ្ឋមន្ត្រី សម្ដេច ។ល។ ក៏ដោយ។ តាមយើងសង្កេតឃើញ លោកកើត រិទ្ធ និយាយយ៉ាងដូច្នេះ ដូចជាមិនស្គាល់អាជ្ញាធរ មិនស្គាល់ព្រះរាជអាជ្ញា មិនស្គាល់ចៅក្រមទេមើលទៅ។ យើងឃើញពួកអស់នេះ អាចប្រឌិតចោទ ចាប់ កាត់ទោសដាក់គុកជាច្រើន ដោយធ្វើរបាយការណ៍តម្រូវតាមមូលហេតុ បើយ៉ាងនេះ ពួកអស់នេះក៏អាចធ្វើរបាយការណ៍តម្រូវទៅតាមទង្វើរបស់ពួកគេដែរ។ ដូចជារឿងក្រុមប៉ូលិសចរាចរណ៍ចាប់និងវាយភ្នាក់ងាររដ្ឋាភិបាលចិន ដើម្បីទារលុយ ១០០ដុល្លារ ដោយចោទថា បើករថយន្ដហួសល្បឿន ព្រមទាំងពួកប៉ូលិសដែលចុះទៅធ្វើរបាយការណ៍ស្ដីពីរឿងនេះថា “ជាការត្រឹមត្រូវ ព្រមទាំងក្រុមប៉ូលិសចរាចរណ៍នេះមានសកម្មភាពល្អ បានទូន្មានដល់ចិន នេះផង”។ តែការពិត ផ្ទុយទៅវិញ ព្រមទាំងលោក នេត សាវឿន ធ្វើអន្តរាគមន៍ស្ដីពីរឿងនេះ។ ប្រជាពលរដ្ឋជាច្រើនដែលទទួលរងគ្រោះនឹងក្រុមប៉ូលិសចរាចរណ៍នេះ ខ្លះបានបង្ហោះតាមបណ្ដាញសង្គម តែត្រូវស្នងការ ហៅទៅឲ្យទទួលកំហុស សារភាព ដែលខ្លួនមិនបានធ្វើ ហើយត្រូវអរគុណក្រុមប៉ូលិសចរាចរណ៍ទៀតផង។ លោកកើត រិទ្ធ បានបញ្ជាឲ្យក្រុមអ្នកកាសែត ជួយតាមដានដែរ ស្ដីពីរឿងគ្រឿងញឿននេះ។ តាមយើងសង្កេតឃើញជាច្រើនដងមកហើយ ពីមុនៗ បើអ្នកកាសែតណាហ៊ានចុះរឿងអ្វីដែលធ្វើមិនឲ្យគេសប្បាយចិត្ត ច្បាស់ជាមានបញ្ហាហើយ។ គេក៏អាចមិនឲ្យអ្នកកាសែតឯករាជ្យ ចូលរួមក្នុងរឿងនេះដែរ ដោយគេទុកតែពួកកាសែត ដូចជាពួក FRESH NEWS ជាដើម។ ចុះលោកកើត រិទ្ធ យល់យ៉ាងណាដែរ អំពីទង្វើខុសច្បាប់ជាច្រើនដូចសព្វថ្ងៃ? តើមានចាត់វិធានការអីទេ ដូចជាក្រុមប្រឹក្សាឃុំ ត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមេភូមិចម្ការអូរ បានរ៉ាយរាប់“ ។

ភ្ជាប់ជាមួយចំណុចនេះ លោកលិម គិមយ៉ា បានរលឹកឡើងវិញពីអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោល កាលពីឆ្នាំ២០១៧ និងករណីលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ) ពីបទក្បត់ជាតិ “សន្ធិដ្ឋភាពជាមួយបរទេស” ។ សហការីអតីតមេបក្សប្រឆាំងនេះ រលឹករដ្ឋមន្រ្តីកើត រិទ្ធ ថា លោកកឹម សុខា តុលាការមិនទាន់កាត់ទោសជាស្ថាពរទេ ដូច្នេះត្រូវទុកជាមនុស្សឥតទោស តាមរដ្ឋធម្មនុញ្ញ ដែលបានចែង ។

លោកលិម គិមយ៉ា បានសរសេរបន្ត ពាក់ព័ន្ធនឹងចំណុចនេះថា “បើនិយាយពីតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១៦ វិច្ឆកា ឆ្នាំ ២០១៧ ដែលនៅពេលនោះ លោកកើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយយកលេសពីកំហុសលោកប្រធានកឹម សុខា ដែលតុលាការ មិនទាំងប្រកាសផង។ តើលោកកើត រិទ្ធ បានឃើញមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ទេ? បើមិនដឹង យើងស្រង់ជូន ៖ “…ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ…”។ ដូចជារឿងលោកកឹម សុខា ក៏ដោយ តុលាការ ក៏មិនទាន់កាត់ទោសជាស្ថាពរទេ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកលិម គិមយ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការរំលោភច្បាប់ មានច្រើនយ៉ាង ដូចជា បោកប្រាស់ប្រជាពលរដ្ឋ ជិះជាន់ប្រជាពលរដ្ឋ រំលោភយកដីប្រជាពលរដ្ឋ កាត់បឹងបួ លុបបឹងបួ ដើម្បីធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ជាដើម ។ ដូច្នេះក្នុងនាមជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម លោកកើត រិទ្ធ ត្រូវតែចាត់វិធានការលើបញ្ហាទាំងអស់នេះ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ខ្ញុំចង់បញ្ជាក់ថា សព្វថ្ងៃនេះ សង្គមយើងមានអ្នកប្រព្រឹត្តខុសច្បាប់ជាច្រើន ប៉ុន្តែអ្នកប្រព្រឹត្តខុសច្បាប់ហ្នឹង បើជាអ្នកមាន ជាឧកញ៉ា ឬមួយជាមន្រ្តីអី ក្រសួងយុត្តិធម៌ ដូចជាអត់មានចាត់វិធានការទេ ព្រះរាជអាជ្ញា អត់មានចាត់វិធានការអ្វីទាំងអស់ ។ ហេតុដូច្នេះហើយ ដើម្បីឲ្យសង្គមយើងមានរបៀបរៀបរយ គួរតែលោកកើត រិទ្ធ ដែលជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមហ្នឹង សួរទៅព្រះរាជអាជ្ញា ចាត់វិធានការយ៉ាងម៉េច ដើម្បីបំបាត់ជនឧក្រិដ្ឋអស់ទាំងនេះ ។ និយាយទៅ រំលោភច្បាប់ មានច្រើនយ៉ាង ទី១ បោកប្រាស់ប្រជាពលរដ្ឋ។ ទី២ ជិះជាន់ប្រជាពលរដ្ឋ ដេញយកដីប្រជាពលរដ្ឋ។ ទី៣ ដូចជាមានការកាត់បឹងបួ លុបបឹងបួ ដើម្បីធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនជាដើម ។ ហេតុដូច្នេះការខុសច្បាប់នេះ យើងឃើញទាំងអស់គ្នាជាសាធារណៈ ហើយមានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ទៅទៀត ហេតុអ្វីក៏លោកកើត រិទ្ធ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម មិនចាត់វិធានការអ្វីទាំងអស់? ខណៈដែលកន្លងមក យើងឃើញថា បើអ្នកប្រព្រឹត្តនោះ ជាសមាជិកគណបក្សប្រជាជន ជាឧកញ៉ា ឬមួយអ្នកកាន់អំណាច គឺរួចផុតទោសទាំងអស់ ក៏ប៉ុន្តែផ្ទុយទៅវិញ បើសិនជាអ្នកនោះ ជាសមាជិកគណបក្សជំទាស់ ឬមួយសង្គមស៊ីវិល ជាដើម គឺត្រូវទទួលទោសភ្លាម យ៉ាងរហ័សបំផុត ។ ដូច្នេះខ្ញុំសុំស្នើឲ្យទី១ សូមតាមដានទៅតាមព្រឹត្តិការណ៍ផ្សេងៗដែលមាននៅក្នុងសង្គមយើង បើសិនជាមាន សូមឲ្យក្រសួងយុត្តិធម៌ហ្នឹង ចាត់វិធានការ ឬមួយសួរទៅព្រះរាជអាជ្ញា ហេតុអ្វីមិនចាត់វិធានការ បំបាត់ឬទប់ស្កាត់នូវអំពើខុសច្បាប់អស់ទាំងនេះ? ចំណុចទី២ សុំឲ្យក្រសួងយុត្តិធម៌ហ្នឹង តាមដានមើលការកាត់ក្ដី ឬមួយការសម្រេចរបស់ចៅក្រមនានា តើការសម្រេចរបស់ចៅក្រមនានា ស្របច្បាប់ឬអត់? ហើយនិងការសម្រេចព្រះរាជាអាជ្ញាស្របច្បាប់ឬអត់? ពីព្រោះខ្ញុំសង្កេតឃើញជាច្រើនមកហើយ គឺចៅក្រមខ្លះបានសម្រេចហ្នឹងមិនស្របច្បាប់ទាំងអស់ទេ ។ ហេតុដូច្នេះការដែលមិនស្របច្បាប់នេះហើយ ដែលធ្វើឲ្យមានរឿងអយុត្តិធម៌នៅក្នុងសង្គមយើង“។

ជាមួយគ្នានោះដែរ ទាក់ទងដល់ករណីលោកកឹម សុខា ដែលថា មិនទាន់មានទោសនោះ លោកលិម គិមយ៉ា បញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានទុករយៈពេល ១ខែ សម្រាប់លោកកឹម សុខា ក្នុងប្ដឹងទៅឧទ្ធរណ៍ ។ ដូច្នេះការមានរយៈពេល ១ខែ ដើម្បីធ្វើឧទ្ធរណ៍នេះហើយ បង្ហាញថា លោកកឹម សុខា មិនទាន់ត្រូវបានកាត់ទោសជាស្ថាពរនោះទេ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “បាទ! ការដែលខ្ញុំថា លោកកឹម សុខា មិនទាន់មានទោស បានសេចក្ដីថា នៅតុលាការដំបូង បានសម្រេចហាមលោកកឹម សុខា ដូចលោកកឹម សុខា ដូចលោកហ្នឹងមានទោសទៅហើយ ដែលការកាត់ក្ដីហ្នឹងមិនទាន់ជាស្ថាពរ ។ ហេតុដូច្នេះហើយ កន្លែងនេះហើយ ដែលមិនស្របទៅនឹងរដ្ឋធម្មនុញ្ញ មាត្រា ៣៨ ដែលខ្ញុំបានលើកបញ្ហានេះមកនិយាយ គឺលោកកឹម សុខា មិនទាន់បានកាត់ទោសជាស្ថាពរ តែសាលាដំបូងភ្នំពេញ បានសម្រេចទុកជាស្ថាពរ ឲ្យលោកកឹម សុខា អនុវត្តទោសហ្នឹងជាស្ថាពរទៅហើយ ។ ហេតុដូច្នេះខ្ញុំសង្ឃឹមថា ក្នុងនាមជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិចារណារឿងអស់នេះឡើង ដើម្បីឲ្យមានយុត្តិធម៌នៅក្នុងសង្គមយើង ព្រោះមិនជាស្ថាពរហ្នឹង បានសេចក្ដីថា អ្នកជាប់ទោសហ្នឹងមិនធ្វើឧទ្ធរណ៍ ទៅតាមកំណត់ដែលចៅក្រមអនុញ្ញាត ។ ដូចលោកកឹម សុខា គឺចៅក្រមសាលាដំបូងភ្នំពេញ គឺអនុញ្ញាតក្នុងរយៈពេល ១ខែ បើសិនជារយៈពេល ១ខែហ្នឹង លោកកឹម សុខា មិនធ្វើឧទ្ធរណ៍ទេ បានសេចក្ដីថា ទោសហ្នឹងជាស្ថាពរ ប៉ុន្តែលោកកឹម សុខា បានធ្វើឧទ្ធរណ៍ មុនចំនួនពេល ១ខែហ្នឹង ។ ហេតុដូច្នេះហើយការដែលកាត់ទោសលោកកឹម សុខា មិនទាន់ជាស្ថាពរនោះទេ បានតទៅឧទ្ធរណ៍ទៅទៀត ។ ដូច្នេះការដែលមិនទាន់ស្ថាពរនេះ គួរតែលោកកឹម សុខា មានសេរីភាពខ្លះក្នុងការរស់នៅរបស់គាត់ ប៉ុន្តែសព្វថ្ងៃនេះ សាលាដំបូងភ្នំពេញ បានកាត់ទោសឲ្យគាត់អនុវត្តទោស ដូចជាទោសហ្នឹងជាស្ថាពរទៅហើយ ។ ដូច្នេះខ្ញុំសុំម្យ៉ាងបំផុត គឺសុំឲ្យតុលាការទាំងអស់ ចៅក្រមទាំងអស់ អនុវត្តច្បាប់ដែលមាននៅព្រះរាជាណាចក្រកម្ពុជា ឲ្យបានច្បាស់លាស់។ បើសិនជាចៅក្រម មិនអនុវត្តច្បាប់ឲ្យច្បាស់លាស់ទេ បានសេចក្ដីថា ទី១ ចៅក្រមហ្នឹង មិនគោរពទៅតាមរដ្ឋធម្មនុញ្ញ។ ទី២ បណ្ដាលឲ្យមានអយុត្តិធម៌នៅក្នុងសង្គម” ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់លោកលិម គិមយ៉ា សហការីលោកកឹម សុខា ខាងលើនេះ “នគរធំ” មិនអាចសុំធ្វើការអត្ថាធិប្បាយឆ្លើយតបពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានទេ កាលពីម្សិលមិញ ៕ កុលបុត្រ

RELATED ARTICLES