Sunday, January 19, 2025
Homeព័ត៌មានជាតិគាស់​គល់​បេង​ក្នុង​ព្រៃ ប៉ះគ្រាប់មីនផ្ទុះ ស្លាប់២នាក់

គាស់​គល់​បេង​ក្នុង​ព្រៃ ប៉ះគ្រាប់មីនផ្ទុះ ស្លាប់២នាក់

ខេត្តឧត្តរមានជ័យ ៖ បុរសចំនួន៤នាក់ បាននាំគ្នាយកម៉ាស៊ីនត្រង់សឺន័រ ចូលទៅកាប់ គាស់គល់​ឈើ​បេង​នៅក្នុងព្រៃ ស្រាប់តែអកុសល ប៉ះចំគ្រាប់មីន បណ្តាលឱ្យផ្ទុះលាន់ឮកក្រើក និងធ្វើឱ្យបុរស២នាក់ស្លាប់នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម ចំណែក២នាក់ទៀត ទទួល រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល​ឡើង កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ​សាស្ត្រ ក្បាលអូរខ្សាច់ ត្រង់ចង្កេះភ្នំដងរែក ស្ថិតក្នុង ភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។

ជនរងគ្រោះទាំង២នាក់ ដែលបាត់បង់ ជីវិតក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនខាងលើ រួម មាន ទី១ឈ្មោះ​ឆាយ បឿន អាយុ៦៥ឆ្នាំ និង ទី២ឈ្មោះប៉េង ស៊ីម អាយុ១៣ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ ត្រូវជាឪពុក​និងកូនបង្កើត មានលំនៅក្នុងភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ ចំណែកជន​រង​គ្រោះ ដែលរងរបួសធ្ងន់២នាក់ទៀត រួមមាន ទី១ឈ្មោះរស់ ភាន អាយុ៥៥ឆ្នាំ (របួសធ្ងន់ត្រង់ ដៃទាំងសងខាង) និងទី២ឈ្មោះឈិន ប៊ុនធឿន អាយុ១៥ឆ្នាំ (របួសធ្ងន់ត្រង់ប្រអប់ជើងឆ្វេង)។ ជនរងគ្រោះទាំង២នាក់ ត្រូវជាឪពុកកូនបង្កើត នឹងគ្នា និងមានលំនៅជាមួយជនរងគ្រោះដែល បាត់បង់ជីវិតខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ទាំង៤នាក់ខាងលើ ប្រដាប់ដោយម៉ាស៊ីនត្រង់តឺន័រ និងកាំបិតពូថៅ បាននាំគ្នាធ្វើដំណើរចូល ទៅចំណុចភូមិ​សាស្ត្រ​កើតហេតុខាងលើ បំណង កាត់ប្ញសគល់ឈើបេងនៅក្នុងដី។ លុះពេលកំពុង គាស់គល់បេងសុខៗ ក៏ស្រាប់តែម៉ាស៊ីនត្រង់សឺន័របានប៉ះចំគ្រាប់មីនមិនទាន់ផ្ទុះមួយគ្រាប់ បណ្តាលឱ្យផ្ទុះលាន់ឡើង​កក្រើក និងបង្កឱ្យមនុស្ស ២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យរន្ធត់ ចំណែក២នាក់ទៀតទទួល​រងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ រួមនិង អាជ្ញាធរមូលដ្ឋាន បានកើតមានការភ្ញាក់ផ្អើល និងប្រញាប់ចូលទៅមើលតាមសំឡេងដែលបាន ផ្ទះ លុះទៅដល់ក៏ប្រទះឃើញមនុស្ស២នាក់បាន ស្លាប់ ចំណែក២នាក់ទៀតរងរបួស ហូរឈាម ជោកខ្លួន។ ភ្លាមនោះ អាជ្ញាធរមូលដ្ឋានបាន ប្រញាប់ចាត់បញ្ជូនជនរងគ្រោះទាំង២នាក់ ទៅ កាន់មន្ទីរពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ ដើម្បី ព្យាបាល។ ចំណែកសពជនរងគ្រោះ​២​នាក់ទៀត ត្រូវបានប្រជាពលរដ្ឋជួយសែងចេញពីព្រៃចង្កេះ ភ្នំដងរែក មកប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ឡុង

RELATED ARTICLES