ភ្នំពេញ៖ពិធីការិនីសុខ សោម៉ាវត្តី ត្រូវបានលោកថៅកែហាងថតរូបធំមួយចេញសារភាពស្នេហាតាមហ្វេសបុកកាលពីខែឧសភា ឆ្នាំ២០២២ ពោលគឺក្ដៅៗក្រោយអ្នកមេម៉ាយរូបស្រស់នេះបានចែកផ្លូវកីឡាករបាល់ទាត់លី វ៉ាហេទ ។ប៉ុន្ដែរយៈពេលជិត២ឆ្នាំមកនេះវត្តី និងថៅកែស្ងាត់គ្មានដំណឹងភ្ជាប់ពាក្យ ឬរៀបការឡើយ ស្របពេលដែលកន្លងមកថៅកែចង់ឲ្យគេគ្រប់គ្នាដឹងថាលោកជាម្ចាស់ចិត្តវត្តី តែអ្នកមេម៉ាយមិនដែលហ៊ានបញ្ចេញឬផុសភាពស្និតស្នេហ៍ជាមួយម្ចាស់ហាងថតរូបនោះជាសាធារណៈម្ដងណាទេ។នេះជាការតាំងចិត្តរបស់ពិធីការិនីរូបស្រស់នេះព្រោះសោម៉ាវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបើនាងមានស្នេហាថ្មីចង់លាក់លៀមវិញម្ដង ហើយក៍គ្មានផែនការណ៍រៀបការជាលើកទី២ ព្រោះនាងបានឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ ម្ដងរួចទៅហើយ… ។
ទោះជាសុខ សោម៉ាវត្តី គ្មានសកម្មភាពផ្អែមល្ហែមស្នេហ៍ជាមួយថៅកែទៀតក្ដី ប៉ុន្ដែនៅលើបណ្ដាញសង្គមហ្វេសបុកថៅកែគេឃើញលោកទើបថតរូបភាពមួយចំនួនរបស់វត្តី និងកែរូបយ៉ាងស្អាតជូនដល់នាងទៀតផង ដែលនេះបញ្ជាក់ថារាល់រូបភាពដែលពិធីការិនីរូបនេះត្រូវការថតជាឯកសារឬបង្ហោះនៅលើហ្វេសបុកគឺថៅកែជាអ្នករៀបចំជូននាងទាំងអស់។យ៉ាងណាចំណងស្នេហាដោយមិនបើកចំហរបស់សោម៉ាវត្តី នាពេលនេះអាចបញ្ជាក់ថានាងនិងថៅកែមិនទាន់ច្បាស់លាស់និងគ្នា១០០% ទេ ហើយចំណងស្នេហានៅតែអាចប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ ព្រោះស្ថិតនៅកម្រិតស្វែងយល់ចិត្តគ្នា ។
សុខ សោម៉ាវត្តី បានចែកផ្លូវជាមួយអតីតប្ដីលោកទូច ដាណារ៉ា ហៅពេជ្រ រយៈពេល១០ឆ្នាំគត់ ក្រោយនាងធ្លាក់ខ្លួនមេម៉ាយកាលពីឆ្នាំ២០១៤ ។១ទសវត្សន៍ស្ថិតក្នុងជីវិតជាស្រ្ដីមេម៉ាយកូន១នេះសោម៉ាវត្តី បានចាយពេលអស់ជាង៥ឆ្នាំដើម្បីបង្កាត់ភ្លើងស្នេហាជាមួយកីឡាករលី វ៉ាហេទ តែទីបំផុតនៅតែបែកគ្នាដដែល ទើបនាងបានប្ដូរចិត្តលែងស្នេហាប្រុសក្មេង ហើយងាកមកភ្ជាប់ស្នេហ៍ជាមួយថៅកែដែលមានអាយុបងនាងជាច្រើនឆ្នាំវិញម្ដង ។ក្រោយសាងស្នេហ៍ថ្មីនេះសោម៉ាវត្តី បានផ្លាស់ប្ដូរពីជិះកូនរថយន្ដតូចទៅធ្វើការមកជាជិះឡានទំនើបJeep Rubicon ម្ដង ហើយនាងរយាលៗពីអាជីពសម្ដែង ពោលគឺនៅបង្ហាញខ្លួនទៀងទាត់តែក្នុងតំណែងជាពិធីការិនីរបស់បាយ័នប៉ុណ្ណោះ ។ប្រភពបានឲ្យដឹងថាសោម៉ាវត្តី អាចនឹងសាងស្នេហាបែបអ៊ឺរ៉ុបជាច្រើនឆ្នាំដោយមិនរៀបការជាលើកទី២ បើទោះជាម្ដាយនាងនៅតែចង់ឃើញកូនស្រីរៀបការម្ដងទៀតក្ដី ។
គូរកត់សម្គាល់ថាសុខ សោម៉ាវត្តី ស្ថិតក្នុងចំណោមតារាដែលនៅរក្សារទីផ្សារសិល្បៈបានក្រោយធ្លាក់ខ្លួនមេម៉ាយមានដូចជាពេជ្រ សោភា ,កែវ និសា និងពេជ្រ សូលីកា ជាដើម ។ការសាងស្នេហ៍ដោយលាក់លៀមរបស់អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនេះធ្វើឲ្យប្រុសៗមិនតិចនាក់ទេ នៅតែចង់តាមស្អំបេះដូងនាង ហេតុនេះហើយបានជាថៅកែចង់ឲ្យគ្រប់គ្នាដឹងថានាងជាសង្សារលោកតាមរយៈការបណ្ដើរវត្តី ទៅចូលរួមកម្មវិធីរបស់មិត្តភក្ដិលោកដោយចំហតែវត្តី កាន់តែប្រឹងលាក់ទៅវិញ ។ដោយឡែកអ្នករួមអាជីពជាមួយសោម៉ាវត្តី នៅប៉ុស្ដិ៍បាយ័នវិញពួកគេក៍ជម្រុញឲ្យនាងរៀបការឆាប់ៗដែរ ព្រោះចង់ឃើញនាងមានសុភមង្គលដូចហ៊ិន ច័ន្ទនីរ័ត្ន តែវត្តី មិនស្ដាប់ឡើយ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាសុខ សោម៉ាវត្តី មានទេពកោសល្យសម្ដែងភាពយន្ដល្អ ហេតុនេះហើយផលិតករនៅតែចង់ផ្ដល់តំណែងតួឯកឲ្យនាងព្រោះវត្តី ក៍មិនទាន់ធ្លាក់សម្រស់ ឬបែកសាច់ខ្លាំងដូចតារាផ្សេងទៀតដែលមានប្ដីនិងកូននោះទេ បើទោះជាពេលនេះនាងមានកូនស្រី១ជិតពេញវ័យក្រមុំក្ដី ។ប៉ុន្ដែក្នុងជំនួបកន្លងមកវត្តី ធ្លាប់និយាយថាមូលហេតុដែលនាងចង់សម្រាកពីការថតរឿង ព្រោះខ្លាចថតច្រើនពេក អ្នកទស្សនាធុញទ្រាន់ ហេតុនេះហើយបានជានាងលែងបុកភាពយន្ដមួយរយៈសិន ។
ប្រភពបានឲ្យដឹងថាថៅកែផលិតកម្មLD នៅតែចង់រក្សារតំណែងជាតួឯកឲ្យសុខ សោភាម៉ាវត្តី ព្រោះលោកពេញចិត្តសម្ថភាពនិងរូបសម្រស់នាងជាខ្លាំង។ដោយឡែកថៅកែហាងថតរូបដែលក្លាយជាអ្នកស្អំរបួសបេះដូងថ្មីវត្តី នោះលោកមិនចេះហួងហែងអ្នកមេម៉ាយរឿងលេងអាជីពចាស់ឡើយ ៕