កាលពីពេលថ្មីៗនេះ គេហទំព័រ Kickstarterបានបញ្ចេញរូបភាពគួរឱ្យចាប់អារម្មណ៍មួយរបស់ប្រភេទកាមេរ៉ាតូចល្អិតសម្រាប់ថតសែលហ្វ៊ីដែលអាចដាក់ហោប៉ៅបាន ។ មានឈ្មោះ SELFLY កាមេរ៉ាប្រភេទថ្មីនេះតាមពិតគឺជាដ្រូនដែលអាចហោះហើរថតសែលហ្វីរូបភាពបានគ្រប់មុំ មិនថាពីចំហៀងឬពីលើក្បាលឡើយ ។
វាអាចភ្ជាប់ជាមួយស្មាតហ្វូនប្រភេទ iPhone និង Samsung ដែលប្រើប្រព័ន្ធប្រតិបត្តិការ OS និង Android ។ មានកម្រាស់៩មិល្លីម៉ែត្រ ឧបករណ៍ឈ្មោះ SELFLY នេះបញ្ជូនរូបភាពហ្វិចឬវីដេអូ ក៏ដូចជា រូបភាព៣៦០ដឺក្រេមកទូរស័ព្ទដៃអ្នកប្រើប្រាស់តាមរយៈ App របស់វាដែលគេតម្លើងក្នុងទូរស័ព្ទដៃ ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ SELFLY អាចស្គាល់ផ្ទៃមុខក៏ដូចជាស្នាមញញឹមរបស់អ្នកប្រើ ។ ចំពោះតម្លៃដើមវិញគឺប្រហាក់ប្រហែល៩៩ដុល្លារ ។
អ្នកបង្កើតឧបករណ៍ លោក ហាហ្គេ ក្លេនថ្លែងថា« ស្វែងរកអ្នកថតរូបផ្ទាល់ខ្លួន ចូរគិតដល់ឧបករណ៍បង្កើតថ្មី SELFLY ។ វាអាចផ្តិតយករូបភាពដ៏អស្ចារ្យបំផុត» ។ តាមគម្រោងកាមេរ៉ាដ្រូន SELFLY នេះនឹងចេញលក់ជាផ្លូវការណ៍នាខែមិថុនា ខាងមុខ ៕
ដោយ៖ ឈិត គឹមឆុន