ភ្នំពេញៈ ប្រជាពលរដ្ឋនៅតំបន់បឹងតាមោក បានបន្តនាំគ្នាលើកបដាតវ៉ា ក្រាញននៀលមិនព្រមចាក់ចេញពីលំនៅឋានរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរខណ្ឌព្រែកព្នៅ បានចេញសេចក្ដីជូនដំណឹងឲ្យរុះរើផ្ទះ តូប និងកន្លែងចិញ្ចឹមត្រី ដើម្បីយកទីតាំងកសាងគម្រោងអភិវឌ្ឍប្រឡាយមេរំដោះទឹក ដោយប្រជាពលរដ្ឋទាំងនោះ មានក្មេង ចាស់ ប្រុសស្រី បាននាំគ្នាលើកបដា និងរូបថតថ្នាក់ដឹកនាំ ជាមួយការស្រែកអង្វរថា “ដីខ្ញុំ ផ្ទះខ្ញុំ កុំដេញខ្ញុំចេញអី!” ។
គួររំលឹកថា ថ្មីៗនេះ អាជ្ញាធរខណ្ឌព្រែកព្នៅ បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅតំបន់បឹងតាមោក រុះរើផ្ទះ តូប និងកន្លែងចិញ្ចឹមត្រីភ្លាមៗ ដើម្បីយកទីតាំងកសាងគម្រោងអភិវឌ្ឍន៍ប្រឡាយមេរំដោះទឹក ។
បើតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានដល់ដៃសហគមន៍បឹងតាមោក នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា រដ្ឋបាលខណ្ឌ នឹងចាប់ផ្ដើមអនុវត្តគម្រោងប្រឡាយមេរំដោះទឹក ក្នុងបឹងតាមោក របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាទឹកជំនន់នៅផ្នែកខាងលិចផ្លូវ១៥១ រហូតដល់ប្រឡាយព្រែកព្នៅ ។
សេចក្ដីជូនដំណឹង បញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខណ្ឌនឹងដំណើរការជីកកាយប្រឡាយបន្ត ដោយមិនទទួលខុសត្រូវលើការខូចខាត បាត់បង់ទ្រព្យសម្បត្តិឬសម្ភារៈរបស់បងប្អូនឡើយ ។ ទីតាំងដីដែលប្រជាពលរដ្ឋបឹងតាមោក កំពុងរស់នៅ គឺជាដីរបស់រដ្ឋ និងបានជំរុញឲ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ។
ក្រោយទទួលបានសេចក្ដីជូនដំណឹង របស់រដ្ឋបាលខណ្ឌព្រែកព្នៅ ខាងលើនេះ ពលរដ្ឋសហគមន៍បឹងតាមោក បានផ្ទុះប្រតិកម្មតវ៉ា ដោយមិនព្រមសហការជាមួយអាជ្ញាធរ តែបានជ្រើសយកការបន្តធ្វើកូដកម្ម ដើម្បីទាមទារសិទ្ធិរស់លើលំនៅឋាន ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៤មក ដោយបានលើកឡើងថា ការដែលពួកគាត់ជំទាស់ទៅនឹងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរខណ្ឌព្រែកព្នៅ ដោយសារថា លិខិតនោះមិនបានជូនដំណឹងជាមុន ឬបានសិក្សាពីផលប៉ះពាល់មកលើសហគមន៍បឹងតាមោកឡើយ។ ផ្ទុយទៅវិញ នេះជាការគំរាមកំហែង និងបំពានសិទ្ធិរបស់ពួកគាត់ក្នុងការរស់នៅលើដីនោះ ព្រោះថាដីដែលពួកគាត់កំពុងរស់នៅមានការទទួលស្គាល់ពីអាជ្ញាធរភូមិ និងសង្កាត់។
អ្នកស្រី ស៊ា ដាវី ប្រជាសហគមន៍បឹងតាមោក បានបញ្ជាក់ថា បើសិនជាអាជ្ញាធរចាប់ផ្ដើមសាងសង់ប្រឡាយមែន ប្រជាពលរដ្ឋជាង១០០គ្រួសារ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយអ្នកទាំងនោះពឹងផ្អែកលើបឹងជាកន្លែងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ អ្នកស្រីសង្កត់ធ្ងន់ថា បើសិនជារដ្ឋាភិបាលមិនជួយពួកគាត់ទាន់ពេលវេលាទេ អាជ្ញាធរសង្កាត់ និងខណ្ឌ នឹងចាប់ផ្ដើមជីកប្រឡាយដែលនឹង «សម្លាប់ពួកយើងទាំងអស់គ្នា» ។ ដូច្នេះសូមបញ្ឈប់ការអភិវឌ្ឍន៍លើទឹកភ្នែកពលរដ្ឌ ។ អ្នកស្រីថា ៥ថ្ងៃហើយ ដែលសហគមន៍សំរោងត្បូង (បឹងតាមោក) លើកបដាតវ៉ា ។
គួរកត់សម្គាល់ថា នៅពេលលើកបដាតវ៉ា មានចែកជា២ក្រុម គឺក្រុមស្រ្តីឬមនុស្សចាស់ លើកនៅខាងក្រោយ និងក្រុមកុមារដែលជាកូនៗរបស់ពួកគាត់លើកនៅខាងមុខ ។ ក្នុងនោះ បដាដែលលើកឡើង និងស្រែកបន្ទរឡើងដោយពួកក្មេងៗ រួមមាន “ដីខ្ញុំ ផ្ទះខ្ញុំ សិទ្ធិខ្ញុំ កុំដេញខ្ញុំចេញអី!”, “ដីខ្ញុំ ផ្ទះខ្ញុំ សិទ្ធិខ្ញុំ លំនៅឋានសមរម្យ សូមគោរពសិទ្ធិយើង” , “ដីធ្លីគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ”, ប្រជាពលរដ្ឋមានសិទ្ធិរស់នៅលើដីដែលជាកម្មសិទ្ធិរបស់ខ្លួន” , “បឹងតាមោក គឺជាជីវិត” , “រដ្ឋាភិបាលត្រូវតែផ្ដល់សិទ្ធិរស់នៅសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប” ,”ពួកខ្ញុំមិនហ៊ានទៅរៀនទេ ខ្លាចមកវិញបាត់ផ្ទះ !”, “បញ្ឈប់ការប្រើហិង្សាលើពលរដ្ឋ”, “ស៊ូស្លាប់លើទឹកដីរបស់ខ្លួន មិនយកខ្លួនទៅបម្រើប្រយោជន៍ជូនអ្នកដទៃ”, “ទឹកភ្នែករបស់ពលរដ្ឋបង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាល”, “រដ្ឋាភិបាលជារបស់ពលរដ្ឋ បង្កើតដោយពលរដ្ឋ និងបម្រើពលរដ្ឋ”, “បាត់បង់ បាត់បង់សិទ្ធិ” , “អាជ្ញាធរត្រូវចេញមុខដោះស្រាយបញ្ហាជូនពលរដ្ឋ” ។ល។ និង។ល។ ។
ចំណែកបដាដែលលើកឡើង និងស្រែកតវ៉ាដោយចាស់ៗ នៃពលរដ្ឋបឹងតាមោក រួមមាន “ ពួកខ្ញុំសុំត្រឹមតែម៉ារស់ដោយគ្មានការបង្ខិតបង្ខំតែប៉ុណ្ណោះ !” , “ផ្ទះខ្ញុំ ដីខ្ញុំ កុំដេញខ្ញុំចេញអី! “ ខ្ញុំត្រូវការយុត្តិធម៌”, “ឈប់ប្ដឹងខ្ញុំទៀតទៅ” “រដ្ឋាភិបាលត្រូវគោរពសិទ្ធិមនុស្ស គោរពជីវិតពលរដ្ឋ បម្រើពលរដ្ឋ”, “ ខ្ញុំនឹងតស៊ូទាមទារសិទ្ធិសេរីភាពក្នុងថ្ងៃនេះ គឺក៏ដើម្បីកូនចៅជំនាន់ក្រោយ”, “សិទ្ធិរស់រានមានជីវិត ត្រូវបានចែងដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា “ ជាដើម ។
ប្រជាពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី សឿន ស្រីសុទ្ធ បានបង្ហាញការខឹងសម្បាទៅនឹងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរខណ្ឌ ដោយថា ជាការបំពានយ៉ាងធ្ងន់ធ្ងរ។ អ្នកស្រីអះអាងថា ពួកគាត់បានរងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ ពីអាជ្ញាធរ ដែលស្ងាត់ៗ ប្រាប់ឲ្យអ្នកស្រីរុះរើផ្ទះ។ យ៉ាងណា អ្នកស្រីសំណូមពរឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិចារណាផ្ដល់សំណងដល់ពួកអ្នកស្រី ដោយផ្អែកលើតម្លៃទីផ្សារ ដូចនេះទើបពួកគាត់មិនរងផលប៉ះពាល់ពីគម្រោងនេះ។ អ្នកស្រីបន្តថា បើសិនជាមិនមានដំណោះស្រាយ ប្រជាសហគមន៍នឹងបន្តប្រឆាំងនឹងគម្រោងនេះ រហូតបានដំណោះស្រាយ ព្រោះពួកគេមិនមានកន្លែងណាផ្សេងសម្រាប់រស់នៅ ក្រៅពីកន្លែងមួយនេះ។ អ្នកស្រីថា បឹងតាមោក ជាផ្ទះរបស់ប្រជាសហគមន៍ជាច្រើនឆ្នាំមកហើយ ។
លោកកើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានលើកឡើងថា សហគមន៍បឹងតាមោក បន្តធ្វើកូដកម្ម ដើម្បីទាមទារសិទ្ធិរស់លើលំនៅឋាន ដែលគិតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបជាវិជ្ជមានណាមួយពីសាមីស្ថាប័នពាក់ព័ន្ធនៅឡើយ ហើយពិតជាគួរឲ្យសង្វេគណាស់ ដែលលោកបានឮសម្ដីក្មេងៗថា “ពួកខ្ញុំមិនហ៊ានទៅរៀនទេ ខ្លាចមកវិញបាត់ផ្ទះ ! “ និងបានឮសម្ដីមនុស្សចាស់ៗថា “ ពួកខ្ញុំសុំត្រឹមតែម៉ារស់ដោយគ្មានការបង្ខិតបង្ខំតែប៉ុណ្ណោះ ! “ ។ ជាមួយនេះ លោកក៏បានធ្វើការកត់សម្គាល់ផងដែរ ដែលនៅក្នុងទិដ្ឋភាពនេះ ព្រះសង្ឃ និងនិស្សិតបានមកចូលរួមតវ៉ាទាមទារសិទ្ធិរស់រានលើលំនៅឋានជាមួយសហគមន៍បឹងតាមោក ។
លោកកើត សារ៉ាយ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ថា “ វាជារឿងសោកសង្រេង ដែលយើងតែងឃើញផ្លាកសន្តិភាពលើកចងគ្រប់កន្លែង ហើយពិសេសកន្លែងធ្វើកិច្ចការងាររបស់អាជ្ញាធររដ្ឋ ឬក៏អាជ្ញាធរសាធារណៈ ។ ប៉ុន្តែជាក់ស្ដែង យើងឃើញពលរដ្ឋតែប៉ុន្មានគ្រួសារ ដែលគាត់រស់នៅលើដី ហើយសិទ្ធិទាំងអស់នោះ វាត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ សិទ្ធិអំពីការទទួលបានលំនៅឋាន ប៉ុន្តែជាក់ស្ដែងលំនៅឋានពួកគាត់នេះត្រូវបានបង្ខិតបង្ខំ ។ ទោះជាឲ្យគាត់រើទៅកន្លែងផ្សេងដែលមានសំណងក៏ដោយ វាជាសំណងមួយដែលមិនត្រឹមត្រូវ ដែលគាត់អត់អាចទទួលយកបាន ។ ដូច្នេះអាហ្នឹងហើយ ដែលយើងមើលឃើញថា អ្វីដែលពលរដ្ឋចង់បានហ្នឹង គឺជាការដោះស្រាយមួយដោយត្រឹមត្រូវ ជាមួយនឹងស្ថានភាពជាក់ស្ដែងរបស់ពួកគាត់ ។ ដូច្នេះវាជារឿងគួរឲ្យសោកសង្រេង និងសោកស្ដាយណាស់ ដែលប្រជាពលរដ្ឋខ្លួនឯងសុំត្រឹមតែម៉ារស់នៅដោយសុខស្រួល សុំត្រឹមតែម៉ារស់នៅដីប៉ុន្មានម៉ែត្រនៅទីនោះ ហើយបែរជាមិនទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយពីអាជ្ញាធររដ្ឋ ។ ជាពិសេសយើងដឹងហើយ វាធ្វើឲ្យប៉ះពាល់ទៅដល់ផ្លូវចិត្ត ផ្លូវកាយ ផ្លូវអារម្មណ៍របស់ក្មេងៗ ដែលគ្នាកំពុងត្រូវទទួលបានភាពកក់ក្ដៅពីគ្រួសារ ភាពកក់ក្ដៅអំពីការអប់រំ ភាពកក់ក្ដៅអំពីបរិស្ថានជុំវិញខ្លួន ផ្ទុយទៅវិញបែរជាទទួលបានការវាយប្រហារ ឬក៏ប៉ះទង្គិចផ្លូវចិត្ត ។ ខ្ញុំមិនមានសំណូមពរអីច្រើនទេ ខ្ញុំគ្រាន់តែសុំអំពាវនាវឲ្យរដ្ឋាភិបាលហ្នឹងធ្វើយ៉ាងណាគិតគូរអំពីបញ្ហាប្រជាពលរដ្ឋឲ្យខ្ពស់ មានន័យថា នៅក្នុងរដ្ឋធម្មនុញ្ញបានបញ្ជាក់យ៉ាងច្បាស់ហើយថា អាជ្ញាធររដ្ឋហ្នឹងគឺត្រូវដោះស្រាយបញ្ហាប្រជាពលរដ្ឋហ្នឹង ដោយយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ។ ដូច្នេះសូមធ្វើការពិនិត្យទៅលើកិច្ចការទាំងអស់ហ្នឹង រឿងរ៉ាវទាំងអស់ហ្នឹង សម្រាប់ប្រជាពលរដ្ឋនៅបឹងតាមោក ហើយធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅ ជាពិសេសឲ្យវាសមទៅនឹងពាក្យដែលរដ្ឋាភិបាលហ្នឹងបានលើកគ្រប់ទីកន្លែងថា យើងមានសន្តិភាព ។ ដូច្នេះ វាគួរតែជាសន្តិភាពមួយដែលប្រជាជាតិយើងអាចរស់នៅដោយមានសុខដុមរមនាទាំងអស់គ្នា “ ។
លោករ៉ុងឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ក៏មានវត្តមានចុះជួយលើកទឹកចិត្តពលរដ្ឋនៅបឹងតាមោក ដែលកំពុងតែលើកបដាតវ៉ា ប្រឆាំងនឹងការសម្រេចរបស់អាជ្ញាធរនេះផងដែរ ។
ចំណែកលោកលី ចាន់ដារ៉ាវុត យុវជនចលនាមាតាធម្មជាតិ និងជាសកម្មជនបរិស្ថាន បានលើកឡើងថា ” អនិច្ចាកូនខ្មែរ កើតមកមិនទាន់ពេញវ័យ ត្រូវក្រុមមន្ត្រី និងឧកញ៉ារំលោភយកផ្ទះសម្បែង “ ។
ស្រដៀងគ្នានោះ កញ្ញាមាន លីសា យុវជនចលនាមាតាធម្មជាតិ និងជាសកម្មជនបរិស្ថាន បានលើកឡើងថា “ប្រជាសហគមន៍សំរោងត្បូង ប្ដេជ្ញាចិត្តនាំគ្នាលើកបដាតវ៉ាតាមដងផ្លូវ ដើម្បីឲ្យថ្នាក់នាំ និងអាជ្ញាធរពាក់ព័ន្ធចូលខ្លួនដោះស្រាយ និងផ្ដល់កម្មសិទ្ធិស្របច្បាប់ និងបានទទូលយុត្តិធម៌” ។
គួកត់សម្គាល់ថា ជាមួយនឹងការបន្តលើកបដាតវ៉ាដូចខាងលើនេះ ប្រជាពលរដ្ឋរស់នៅសហគមន៍បឹងតាមោក នៅតែលើកឡើងថា ពួកគាត់មិនហ៊ានចេញក្រៅប្រកបរបររកស៊ីប្រចាំថ្ងៃឡើយ រីឯកូនៗក៏មិនបានទៅរៀនសូត្រនោះដែរ ដោយសារភ័យខ្លាចអាជ្ញាធរដាក់កម្លាំងនិងគ្រឿងចក្រទៅឈូសឆាយផ្ទះសម្បែង នៅពេលពួកគាត់មិននៅផ្ទះ។ ការព្រួយបារម្ភនេះ ដោយសារអាជ្ញាធរខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានចេញលិខិតរុះរើសំណង់មិនរៀបរយ និងបានយកគ្រឿងចក្រទៅកាយធ្វើប្រឡាយ នៅក្បែរលំនៅឋានរបស់ពួកគាត់ ។
ជុំវិញបញ្ហានេះ លោកម៉ា ចិត្រា បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ថា “ ពាក់ព័ន្ធទៅនឹងរឿងបឹងតាមោកនេះ ខ្ញុំមើលឃើញថា មន្រ្តីអាជ្ញាធរគ្រប់ជាន់ថ្នាក់ហ្នឹង គាត់ចង់ដោះស្រាយបញ្ហាដីធ្លីហ្នឹងឲ្យប្រជាពលរដ្ឋ គាត់អាចចុះទៅអន្តរាគមន៍ក្នុងការដោះស្រាយបញ្ហាវិវាទហ្នឹងហើយ ។ គាត់មិនមែនបណ្ដោយឲ្យគ្រឿងចក្រហ្នឹងធ្វើអីតាមតែចិត្តទៅលើប្រជាពលរដ្ឋអ៊ីចឹងទេ ។ អ៊ីចឹងហើយមានន័យថា ប្រជាពលរដ្ឋអស់អស់ទីពឹងហើយ អ្នកបញ្ញវន្តក៏ដោយ រាជការក៏ដោយ ។ អ៊ីចឹងហើយបានខ្ញុំសរសេរថា មានតែប្រជាពលរដ្ឋសាមញ្ញដូចយើងទាំងអស់គ្នាជួយគ្នាហ្នឹង ហើយន័យថា ជួយបង្ហោះទៅ ជួយចែករំលែកទៅ ក្រែងលោកថា មេដឹកនាំ ឬក៏កម្រិតអ្នកទទួលខុសត្រូវហ្នឹង គាត់ភ្ញាក់ស្មារតីក្នុងការទទួលខុសត្រូវ អាចដោះស្រាយបញ្ហាឲ្យប្រជាពលរដ្ឋ ហើយបើសិនជាដោះស្រាយបញ្ហាឲ្យប្រជាពលរដ្ឋបាន អាហ្នឹងវាជាគុណតម្លៃរបស់រាជការទេ ។ មានន័យថា ប្រជាពលរដ្ឋគាត់រស់នៅបានស្រួល អ៊ីចឹងអីដែលគាត់ទទួលបាន គឺការគោរពស្រលាញ់ពីប្រជាពលរដ្ឋវិញ ហើយបើសិនជាគាត់នៅតែបន្តបណ្ដែតបណ្ដាយឲ្យបញ្ហាហ្នឹងនៅបន្តអ៊ីចឹងទៀត អាហ្នឹងចង់មិនចង់ ប្រជាពលរដ្ឋគាត់ទឹកភ្នែក អាហ្នឹងរដ្ឋាភិបាលក៏មិនសូវជាល្អមុខប៉ុន្មានដែរ “ ។
ដោយឡែក លោកបណ្ឌិតសំ ហេង បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ថា “ រូបខ្ញំសង្កេតឃើញថា រាល់ការបញ្ជានៃអភិបាលខណ្ឌព្រែកព្នៅ របស់លោកធឹម សំអាន នៅសង្កាត់សំរោងត្បូង ឃុំសំរោងត្បូង ខណ្ឌព្រែកព្នៅ ក្រោមអភិបាលក្រុងលោក ឃួង ស្រេង នៅថ្ងៃទី២៧/០២/២០២៤ ឃើញមានការប្រើអំពើហិង្សាលើរាស្រ្តស្លូតត្រង់ច្រើននាក់ រហូតបង្ករបួសស្នាមធ្ងន់ធ្ងរលើកុមារ និងស្រ្តី រហូតសន្លប់បាត់ស្មារតី វាជាការបំពាន និងរំលោភលើសិទ្ធិកុមារនិងស្រ្តី ដែលចែងដោយច្បាប់រដ្ឋធម្មនុញ្ញជាតិយើង ជាច្បាប់កំពូលរបស់ជាតិ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឡាយព្រះហត្ថលេខាដោយសម្តេចព្រះនរោត្តម សីហមុនី ជាស្ថាប័នកំពូលជាតិ និង នាយករដ្ឋមន្រ្តីថ្មី សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថ្មី ការរំលោភនោះក៏វាខុសច្បាប់នៃសហប្រជាជាតិចែងអំពីសិទ្ធិមនុស្ស ច្បាប់ការពារស្រ្តី និងកុមារផងដែរ។ រីឯការកាយដីស្រែប្រាំងរបស់រាស្រ្តដែលរស់នៅអាស្រ័យផលរាប់ឆ្នាំ គ្មានការដោះស្រាយ និងយកកងកម្លាំងមកកាយទាំងកំរោល បាត់បង់ទ្រព្យសម្បត្តិគាត់ ជាអំពើរអយុត្តិធម៌ ច្បាប់ព្រៃ មិនអាចមានក្នុងព្រះរាជាណាចក្រដ៏ល្អផូរផង់របស់យើងទេ ។ រូបខ្ញុំសូមសំណូមពរដល់សម្តេចមហាបវរធិបតី បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឩត្តមឩបនាយករដ្ឋមន្រ្តី មេត្តាជួយដោះស្រាយដល់គាត់ លើដីដែលរស់នៅ ការពារអាយុជីវិតកុមារស្រ្តីទន់ខ្សោយ និងការពារទ្រព្យសម្បិត្តិរបស់គាត់ផង និងសូមដាក់ទោសមន្រ្តីពុករលួយដែលពាក់ព័ន្ធករណីរំលោភដីស្រែប្រាំងខាងលើ ដោយឈរលើមេត្តាធម៌ យុត្តិធម៌ សិលធម៌ ក្រោមពាក្យស្លោក” សម្អាតផ្ទះយើង ” ផ្តល់សន្តិភាព សេរីភាពពិត រស់គ្មានការបំពាន ការរំលោភច្បាប់ និងកសាងអនាគតរុងរឿងនៃកម្ពុជា “ ។
ទោះបីយ៉ាងណា ជុំវិញការចោទប្រកាន់ថា បានប្រើអំពើហិង្សាលើពលរដ្ឋបឹងតាមោកនេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានចេញសេចក្ដីប្រកាសព័ត៌មានមួយថា រដ្ឋបាលខណ្ឌព្រែកព្នៅ តែងប្រកាន់ខ្ជាប់ធម៌អហិង្សាជាប់ជានិច្ច និងសូមបដិសេធការចោទប្រកាន់ខុសការពិត ។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ជុំវិញការចោទប្រកាន់ថា ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ ចុះថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ខែមីនា ឆ្នាំ២០២៤ មានខ្លឹមសារថា “ រដ្ឋបាលខណ្ឌព្រែកព្នៅ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ប៉ុន្មានថ្ងៃនេះ មានសារព័ត៌មានគ្មានវិជ្ជាជីវៈ និងប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានថា អាជ្ញាធរខណ្ឌព្រែកព្នៅ បានប្រើប្រាស់ហិង្សាលើប្រជាពលរដ្ឋដែលតវ៉ាចំពោះការជីកប្រឡាយរំដោះទឹក ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ។ រដ្ឋបាលខណ្ឌព្រែកព្នៅ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត បំផ្លើសបំភ្លៃមានចេតនាចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចស្ថាបនាប្រឡាយរំដោះទឹក ដើម្បីបញ្ចៀសការជន់លិចក្នុងភូមិសាស្រ្តខណ្ឌ “។
រដ្ឋបាលខណ្ឌព្រែកព្នៅ បន្តថា “ក្នុងអំឡុងពេលស្ថាបនាប្រឡាយរំដោះទឹកខាងលើ មានអ្នកតវ៉ាមួយចំនួនដែលជឿតាមការអុជអាលរបស់មេខ្យល់ បានចេញមករារាំងដោយមានមានកាន់ដបសាំង ដំបង ដុំថ្ម ដើរសំដៅទៅបំផ្លិចបំផ្លាញគ្រឿងចក្រ ចាក់សាំងដុតបណ្ដាលឲ្យឆេះ បង្កចលាចល និងសម្រុករុញច្រានមកលើអាជ្ញាធរមានសមត្ថកិច្ច ដែលជាចេតនាប៉ុនប៉ងបង្ករបួសស្នាម និងញុះញង់ឲ្យមានអំពើហិង្សា រួចរង់ចាំថតរូបភាព ដើម្បីបង្កើតព្រឹត្តិការណ៍ទម្លាក់កំហុសមកលើអាជ្ញាធរ ។ ក្នុងហេតុការណ៍នេះ អាជ្ញាធរមានសមត្ថកិច្ចមានការអត់ធ្មត់ខ្ពស់ បញ្ចៀសបានអំពើហិង្សា មិនដូចការចោទប្រកាន់ និងការផ្សព្វផ្សាយខាងលើឡើយ ។ ផ្ទុយមកវិញ ប្រជាពលរដ្ឋទាំងនេះបានចូលមកតាំងទីលំនៅខុសច្បាប់ ជាសំណង់មិនរៀបរយនៅលើចំណីផ្លូវសាធារណៈ និងនៅលើដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ ។ រីឯការដ្ឋានស្ថាបនាប្រឡាយមេរំដោះទឹកក៏ស្ថិតក្នុងដីរបស់រដ្ឋ និងមិនប៉ះពាល់ដល់លំនៅឋានរបស់ពួកគាត់ទេ “ ។
រដ្ឋបាលខណ្ឌព្រែកព្នៅ បន្តទៀតថា “កន្លងមក ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទទួលគោលនយោបាយពីរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណ៤០គ្រួសារ បានទទួលយកដី-ផ្ទះ និងថវិកាមួយចំនួយ ចាកចេញទៅរស់នៅទីតាំងថ្មីដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីទីតាំងចាស់ ស្ថិតនៅតាមបណ្ដោយផ្លូវ១៥១ដដែល និងស្ថិតក្នុងភូមិ-សង្កាត់ដដែល ហើយអាជ្ញាធរបានផ្ដល់ជូនបណ័ណ្ណកម្មសិទ្ធិស្របច្បាប់ តភ្ជាប់បណ្ដាញទឹកស្អាត-អគ្គិសនី-ប្រព័ន្ធលូជូនដោយឥតគិតថ្លៃផងដែរ ។ រដ្ឋបាលខណ្ឌព្រែកព្នៅ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការអនុវត្តគម្រោងស្ថាបនាប្រឡាយនេះ និងស្ម័គ្រចិត្តទទួលយកគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបញ្ឈប់ការជឿតាមការញុះញង់របស់មេខ្យល់ជជនអគតិមួយក្ដាប់តូច និងការផ្សព្វផ្សាយព័ត៌មានដែលមានចេតនាបំផ្លាញមុខមាត់រាជរដ្ឋាភិបាល និងរារាំងការអភិវឌ្ឍរបស់ប្រទេសជាតិ ។ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសរារាំងការបំពេញភារកិច្ចរបស់អ្នករាជការសាធារណៈ ប៉ុនប៉ងបង្ករបួសស្នាម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ រដ្ឋបានខណ្ឌព្រែកព្នៅ នឹងពិចារណាចាត់វិធានការតាមផ្លូវច្បាប់ “ ៕