អូស្រ្តាលី ៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី សៀនឡុង ( Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានជួបពិភាក្សាការ ងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយ លើកទី២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ។
ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដោយបានជួបគ្នាសាជាថ្មី បន្ទាប់ពីជំនួបលើកទី១ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យនយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ទេសចរណ៍ សន្ដិសុខថាមពល ការពារជាតិនិងសន្ដិសុខ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈអំពីកិច្ចជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំប្រទេសទាំងពីរ ការតភ្ជាប់និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាដើម។
ចំពោះវិស័យនយោបាយ ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការរៀបចំកិច្ចពិគ្រោះនយោបាយឡើងវិញ និងបានឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយលើកទី២ រវាងកម្ពុជា និងសិង្ហបុរី នៅពេលខាងមុខ ។
ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និង ផែនការសកម្មភាពជាក់លាក់។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាទៅលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណិត (Cybercrime) ល្បែងស៊ីសងអនឡាញខុសច្បាប់នានា។
ពាក់ព័ន្ធនឹងវិស័យសន្តិសុខថាមពល សម្ដេចហ៊ុន ម៉ាណែត បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីសិង្ហបុរី ថានាឱកាសនៃជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ ភាគីម៉ាឡេស៊ី បានឯកភាពនិងគាំទ្រលើការតភ្ជាប់បណ្តាញអគ្គិសនីបង្កប់ក្រោមបាតសមុទ្រ ដែលជាបណ្តាញសម្រាប់តភ្ជាប់អគ្គិសនីពីឡាវ មកសិង្ហបុរី កាត់តាមកម្ពុជា។
ដោយឡែក ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីសិង្ហបុរី ថាថ្មីៗនេះ កម្ពុជា បានដាក់ចេញនូវកម្មវិធីទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤ ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការរៀបចំនូវយន្តការនៃការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដោយមានការចូលរួមពីវិស័យឯកជន។ សម្ដេច បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីសិង្ហបុរី ថាប្រទេសទាំងពីរ គួរបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត តាមរយ:កាបង្កើតផលិតផលទេសចរណ៍ឱ្យកាន់តែមានភាពសម្បូរបែបនិងទាក់ទាញ បង្កនូវភាពងាយស្រួល និងពង្រីកជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ និងលើកកម្ពស់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីស្វែងរកសក្តានុពលថ្មីៗនៃវិស័យទេសចរណ៍ប្រទេសទាំងពីរ ៕ ខៀវទុំ